ភ្នំពេញៈ ជនសង្ស័យសម្លាប់នារី កម្មកររោងចក្រកាត់ដេរដោយសារ ការប៉ុនប៉ងរំលោភមិនបានសម្រេចពីយប់ថ្ងៃទី ២៨ មេសា ត្រូវបាននគរបាលសង្កាត់ស្ទឹងមានជ័យ ៣ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យពីម្សិលមិញ បន្ទាប់ពីចាប់ខ្លួនបានប្រមាណ ២០ នាទីក្រោយពីធ្វើសកម្មភាព។
លោក ឯម ភារី នាយនគរបាលប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យ ៣ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជនសង្ស័យឈ្មោះ វង់ ភារម្យ អាយុ ២៨ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិទ្រា ៤ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញមុខរបរកម្មករសំណង់។ រីឯនារីរងគ្រោះឈ្មោះ ស៊ាត ស៊ន អាយុ ២៨ ឆ្នាំជាកម្មការិនីរោងចក្រកាត់ដេរមានប្តីជាកម្មករសំណង់នៅខេត្តកំពត និងមានស្រុកកំណើតនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។
លោកថា៖ «ជនសង្ស័យរូបនេះសមត្ថកិច្ចរបស់ខ្ញុំនៅសាកសួរបន្តទៀត ព្រោះក្រោយពីសាកសួរទើបដឹងថាគាត់ជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងទៀត។ ប៉ុន្តែពេលសាកសួរចប់ខ្ញុំបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យនៅថ្ងៃនេះ (ទី ២៩ មេសា)»។
លោកបញ្ជាក់ថា មុនមានការភ្ញាក់ផ្អើលអំពីហេតុការណ៍ឃាតកម្មនេះនៅវេលាម៉ោងជិត ៥ ល្ងាចថ្ងៃទី ២៨ មេសាមានករណីចោរលួចម៉ូតូ ១ គ្រឿង នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។ សមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យម្នាក់យកមកសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ ៣។ ករណីនេះសមត្ថកិច្ចបានសាកសួរ និងធ្វើកំណត់ហេតុរួចរាល់អស់ហើយពាក់ព័ន្ធបទល្មើសលួច។
នាយប៉ុស្តិ៍រូបនេះបន្តថា លុះរហូតដល់ម៉ោងប្រមាណជាង ៨ យប់ថ្ងៃដដែល ស្រាប់តែមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋថាមានករណីឃាតកម្ម ដោយនារីរងគ្រោះម្នាក់ត្រូវបានគេសម្លាប់អាក្រាតកាយផ្នែកខាងក្រោម។ ភ្លាមៗនោះសមត្ថកិច្ចបានរាយការណ៍ទៅលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ហើយលោកក៏បានបញ្ជាកម្លាំងចុះទៅកន្លែងកើតហេតុ។ នារីរងគ្រោះមានស្នាមចាក់ដោយកាំបិតត្រូវដើមទ្រូង ខ្នង បំពង់ក ជាច្រើនកន្លែង និងស្នាមបែកក្បាលពីក្រោយ។
លោក ភារី ប្រាប់ថា ពីកន្លែងកើតហេតុទៅកន្លែងជនសង្ស័យលួចម៉ូតូគឺមានចម្ងាយប្រហែល ៥០០ ម៉ែត្រ។ ដូច្នេះសមត្ថកិច្ចបានដាក់ការសន្និដ្ឋានថា ជនសង្ស័យក្រោយសម្លាប់នារីរងគ្រោះហើយភ័យខ្លាចគេដឹងក៏រត់ចុះពីកន្លែងកើតហេតុ ហើយលួចម៉ូតូជិះបម្រុងគេចខ្លួន។
លោកបញ្ជាក់ថា៖ «យើងយករូបថតជនសង្ស័យលួចម៉ូតូនោះឲ្យប្រជាពលរដ្ឋមើល គេថា គេឃើញបុគ្គលនោះរត់ទាំងភ័យពីលើផ្ទះមកក្រោម»។
ជនសង្ស័យសារភាពថា ខ្លួនជួលបន្ទប់នៅជាន់ទី ២ រីឯនារីរងគ្រោះស្នាក់នៅបន្ទប់ជួលជាន់ទី ៣ ក្នុងបរិវេណផ្ទះជួលតែ ១ ក្នុងភូមិទ្រា ៤ សង្កាត់ស្ទឹងមានជ័យទី ៣។ ហេតុការណ៍នោះខ្លួនបានយកកូនកាំបិតចិតបន្លែដើរចូលបន្ទប់នារីរងគ្រោះគំរាមចាប់រំលោភ តែនារីរងគ្រោះមិនព្រម។
ក្នុងសភាពបែបនោះរូបគេក៏យកកូនកាំបិតចិតបន្លែចាក់នារីរងគ្រោះ ហើយយកជ្រុញ និងឆ្នាំងបាយវាយក្បាលជនរងគ្រោះបន្ថែមរហូតស្លាប់តែម្តង។ បន្ទាប់មកខ្លួនបានរត់គេចពីកន្លែងកើតហេតុទៅលួចម៉ូតូរបស់ពលរដ្ឋក្បែរកន្លែងកើតហេតុដើម្បីជិះគេចខ្លួនតែត្រូវប្រជាពលរដ្ឋចាប់បាន៕