កំពង់ឆ្នាំងៈ បុរសម្នាក់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកាលពីម្សិលមិញបន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីកាប់ប្រពន្ធបណ្ដាលឲ្យស្លាប់និងកូនប្រុសម្នាក់របួសធ្ងន់ប្រព្រឹត្តនៅភូមិអណ្តូងរវៀងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២១ ខែ មេសា។
លោក ឌុច ចំរើន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ឆ្នាំងបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បុរសជាជនសង្ស័យនោះឈ្មោះ តូច ញ៉ន អាយុ ៤១ ឆ្នាំនិងប្រពន្ធដែលស្លាប់ឈ្មោះ សួន គីម អាយុ ៤៦ ឆ្នាំ។ រីឯកូនប្រុសម្នាក់វ័យ ៩ ឆ្នាំ ឈ្មោះ ញ៉ឹប សុគុណ ត្រូវរបួសធ្ងន់។
លោកបានឲ្យដឹងថា ពេលនេះសមត្ថកិច្ចកំពុងបន្តសាកសួរជនសង្ស័យនៅឡើយមុនពេលបញ្ជូនទៅតុលាការតាមនីតិវិធី។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ដឹងថា នឹងត្រូវបញ្ចូនជននេះទៅតុលាការនៅថ្ងៃចន្ទទី ២២ មេសានេះឬនៅថ្ងៃស្អែក (ថ្ងៃអង្គារ) ទេព្រោះខ្ញុំកំពុងស៊ើបសួរជនសង្ស័យបន្តទៀត»។
ទាក់ទងនឹងករណីនេះដែរ លោក ធន់ រតនា នាយនគរបាលប៉ុស្តិ៍ឃុំអញ្ចាញរូង បានប្រាប់កាលពីម្សិលមិញដែរថា ករណីកាប់សម្លាប់ប្រពន្ធ និងបង្ករបួសដល់កូននេះ សមត្ថកិច្ចលោកមិនអាចសន្និដ្ឋានបានថាមកពីប្រចណ្ឌឬយ៉ាងណាទេ ប៉ុន្តែលោកថា ជនសង្ស័យជាមនុស្សញៀនស្រារហូតភ្លេចភ្លាំងស្មារតី។
លោកប្រាប់ថា៖ «ជនរូបនេះគ្មានលិខិតបញ្ជាក់ពីមន្ទីរពេទ្យថា ជាមនុស្សកើតជំងឺសរសៃប្រសាទទេ ប៉ុន្តែជាមនុស្សស្រវឹងខួប។ គេផឹកស្រារហូតហើយបើថាកើតមកពីរឿងប្រចណ្ឌក៏ខ្ញុំសន្និដ្ឋានមិនបានដែរ ព្រោះខ្ញុំមិនឮសាច់ញាតិគាត់ប្រាប់ពីរឿងនេះផង»។
លោករំឭកប្រាប់តាមសាក្សីថា មុនកើតហេតុថ្ងៃទី ២១ មេសា ជនសង្ស័យបានដើរផឹកស្រារហូតស្រវឹង។ លុះត្រឡប់មកវិញក៏ឡើងទៅលើផ្ទះ ហើយខណៈប្រពន្ធ និងកូនប្រុសម្នាក់កំពុងអង្គុយមើលទូរទស្សន៍ ស្រាប់តែជនសង្ស័យទាញយកពូថៅមកកាប់សំពងលើប្រពន្ធត្រូវក្បាល និងគុម្ពត្រចៀកបណ្ដាលឲ្យស្លាប់ភ្លាមៗ។ រីឯ កូនប្រុសក៏ត្រូវជនសង្ស័យជាឪពុកកាប់ឲ្យរបួសធ្ងន់ផងដែរ។
លោកបញ្ជាក់ថា ក្រោយកើតហេតុអ្នកភូមិបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឃុំ ទើបមានការចុះចាប់ខ្លួនជនសង្ស័យដល់កន្លែងកើតហេតុបានតែម្តង៕