កំពង់ធំៈ នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​កំពង់​ធំ​នៅថ្ងៃទី ​២២​ កក្ក​ដា ​នេះ ​បាន​បញ្ជូន​បុរស​ជាជន​សង្ស័យ​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត​​បន្ទាប់ពី​ចាប់​ខ្លួន​​ពី​ថ្ងៃ​ទី​ ២១​ កក្កដា ​ពាក់ព័ន្ធករណី​​កាប់​ស្លាប់​ប្រពន្ធ​ខ្លួ​ន​​រួច​យក​ទៅ​ទម្លាក់​ក្នុង​ស្រះទឹក​ក្រោយ​ផ្ទះ​នៅ​ភូមិ​ខ្វាន់​ទៀង​ ឃុំ​សា​លា​វិស័យ​ ស្រុក​ប្រា​សាទ​បល្ល័ង្ក ​ខេត្ត​កំពង់​ធំ​។​

លោក​ ជា​ ពឿន​ ប្រធាន​ការិយា​ល័យ​ព្រហ្ម​ទ​ណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​កា​រដ្ឋាន​នគ​របាល​ខេត្ត​កំព់​ងធំ​ឲ្យ​ដឹង​នៅថ្ងៃទី ​​២២ ​កក្កដា ​នេះ​ថា ​ជន​សង្ស័យ​មាន​ឈ្មោះ ធល ​ធារិទ្ធ​ អាយុ​ ៣០ ឆ្នាំ​។ រីឯប្រពន្ធ​ឈ្មោះ​ ស្រ៊ុន​ ចន្ទ្រា​ អាយុ​ ២៩ ឆ្នាំ​​ មានរប​រពេទ្យ​ឯកជន​ និង​មានកូន​​ ៣​ នាក់​ ក្នុងនោះ​ស្រីម្នាក់​។ ប៉ុន្តែ​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅសាលាដំបូង​ខេត្តកំពង់ធំ​ ហើយ​កាល​ពីរ​សៀល​ថ្ងៃទី​ ២២ កក្កដា ​នេះ​។​

លោក​ប្រាប់​ថា​៖ «ជន​សង្ស័យ​​បានសា​រ​ភាព​នៅ​ដំណាក់​កា​ល​នគរ​បាល​មូលដ្ឋា​នរួចហើយ​​ ដូច្នេះ​ពេល​ខាង​អធិកា​រស្រុក​បញ្ជូន​ដល់​ខេត្ត​ គឺ​ខ្ញុំ​នឹង​បញ្ជូន​បន្ត​ទៅតុ​​លា​ការ​តែម្ត​ង​»​។

ទោះ​យ៉ា​ងណា​​ បើតាម​មន្រ្តី​នគរ​បាល​យុត្តិ​ធម៌​​ខេត្ត​កំពង់​ធំ​ម្នាក់​សុំមិន​ឲ្យ​បញ្ចេញ​ឈ្មោះប្រា​ប់ថា ​​កាល​ពី​ព្រឹក​វេលា​ម៉ោង ៦​ កន្លះ​ថ្ងៃ​ទី ​២១ ​កក្កដា ​ឆ្នាំ​ ២០២០​ ប្តី​របស់​ស្រ្តីរងគ្រោះ​អះអា​ងពី​ការបាត់​ប្រពន្ធ​​ហើយ​បាន​ប្រាប់​បង​ប្អូន​ឲ្យនាំគ្នា​ដើររក​។

រីឯ​គាត់​ (ជន​សង្ស័យ) បាន​ដើរ​ទៅ​ស្រះ​ទឹក​ ១ ​ខាង​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​ ៦០ ម៉ែត្រ​​។ ក្រោយ​ពី​ប្រទះ​ឃើញ​សាក​សព​ បុរស​ជាប្ដី​នោះ​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ ហើយ​សមត្ថ​កិច្ច​ផ្នែក​ជំនាញ​កោសល្យ​វិច័យ​​ខេត្ត​ និង​គ្រូពេទ្យ​បាន​ចុះ​​ដល់​ហើយ​ពេល​ធ្វើ​កោសល្យ​វិច័យ​ឃើញ​ថា​ស្ត្រី​រង​គ្រោះ ​ជាប្តីបា​នកាប់​ចំ​ក​នៅផ្នែកក្រោ​ម​ត្រចៀក​​រយះ​ស្ទើរ​ដា​ច់ក។

មន្រ្តី​បន្តថា​ ដោយ​សារ​សង្ស័យ​​នៅ​ថ្ងៃ​ទី ​២១​ កក្កដា ​នោះ​ សម​ត្ថកិច្ច​នគ​របាល​ស្រុក​ប្រាសាទ​បល្ល័ង​​ក៏បានហៅ​​បុរស​ជាប្តី​ និង​ឪពុក​បង្កើត​របស់​ស្រ្តីរ​ងគ្រោះ​ទៅសួរ​​នៅ​អធិកា​រដ្ឋាន​​នគរ​បាល​ស្រុក​រហូតដ​ល់​​ម៉ោង ២​ រសៀល​ថ្ងៃ​ ទើប​ជន​សង្ស័យ​សារ​ភាព​​។ ចំណែក​​ឪពុក​បង្កើត​របស់ស្រ្តី​​រង​គ្រោះ​ ត្រូវ​បាន​អនុ​ញ្ញា​តឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​

មន្រ្តី​បញ្ជាក់​ប្រាប់​ថា ​ជន​សង្ស័យ​បាន​សារ​ភាព​ថា​រូបគេ​បាន​យក​កាំបិ​ត​ផ្កាក់​​កាប់​ស្រ្តី​រង​គ្រោះ​នៅ​ពេលយ​ប់​ពេលឈ្លោះ​ប្រកែ​កគ្នា​។ ក្រោយ​ពី​សម្លាប់​រួច​គាត់​បាន​អូសសា​ក​សព​ទៅ​ទម្លាក់​ចោល​ក្នុង​ស្រះទឹ​ក​ហើយ​បាន​ដើរ​ត្រ​ឡប់មក​​ផ្ទះវិញ​។ លុះព្រឹ​ក​ឡើង​ថ្ងៃ​ទី ​២១ ​កក្កដា ​​ជន​សង្ស័យ​​បាន​ធ្វើ​ជាឆោឡោ​ថាបាត់​ប្រពន្ធ​ និងប្រាប់​សាច់ញាតិ​​ខាងប្រ​ពន្ធ​ឲ្យ​ជួយ​រក​តែពួ​កគេ​រកមិ​នឃើញ​ទេ​។ ចំណែក​ជន​សង្ស័យ​បាន​ដើរ​សំដៅ​ស្រះទឹ​ក​ហើយ​ថា បាន​​រកឃើញ​សព​ស្ត្រី​នោះ​។​

​មន្រ្តីន​គរបាល​រូបនោះ​បន្ថែម​ថា ​ជនសង្ស័​យ​​សារភាព​ថា​មូលហេតុ​ដែល​រូបគេ​សម្លាប់​ប្រពន្ធ​ គឺដោ​យសា​រ​ស៊ើ​បដឹ​ងថា​ប្រពន្ធ​ខ្លួន​លួច​ផិត​ក្បត់​ហើយ​ក៏​ឈ្លោះគ្នា​​រហូត​ឈាន​ដល់​សម្លាប់​បែ​បនេះ។ ក្រោយស​ម្លាប់​រួច​ដោយ​មិន​ដឹង​ថា​ត្រូវយកសព​ទៅ​ទុក​កន្លែង​ណា​ដើម្បី​កុំឲ្យស​មត្ថកិ​ច្ច​ដឹង​ ទើប​ជន​សង្ស័យ​អូស​សព​ប្រពន្ធ​ទៅ​ទម្លាក់​ក្នុង​ទឹក​ស្រះ​តែ​ម្ដង​៕