ភ្នំពេញៈ បុរស​ខ្មែរ​ម្នាក់ និង​ស្ត្រី​វៀតណាម​ជា​ប្រពន្ធ​ត្រូវ​បាន​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ ពាក់ព័ន្ធ​គ្រឿងញៀន​មេតំហ្វេតាមីន​ទម្ងន់ ១០២៥,៥៦​ក្រាម បន្ទាប់ពី​ចាប់ខ្លួន​ពួកគេ​បាន​កាលពី​ថ្ងៃទី​ ១៦ ​មីនា​នៅ​សង្កាត់​ទួលសង្កែ ខណ្ឌ​ប្ញស្សីកែវ រាជធានី​ភ្នំពេញ​។

លោក​ អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ​ចុង សំអុល ភេទ​ប្រុស អាយុ​ ៣៧ ​ឆ្នាំ ជនជាតិខ្មែរ និង​ស្ត្រី​ឈ្មោះ​ ឡេ ធីចិន ជា​ប្រពន្ធ​អាយុ​ ៣៨ ​ឆ្នាំ​ជា​ជនជាតិ​វៀតណាម​។ ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​នៅ​ថ្ងៃទី​ ១៨ ​មីនា​ក្រោយពី​បញ្ចប់​នីតិវិធី​សាកសួរ​ពួកគេ​។

លោក​ថ្លែងថា​៖ «​ជន​ទាំង​ ២ ​នាក់​បានបញ្ចប់​នីតិវិធី​សាកសួរ​ហើយ ដែល​គ្រឿងញៀន​ពួកគេ​មាន​ជាង​ ១ ​គីឡូក្រាម​»​។

លោក​ឲ្យ​ដឹង​ទៀតថា ប្រតិបត្តិការបង្ក្រាប​គ្រឿងញៀន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​ ១៦ ខែមីនា វេលា​ម៉ោង​ ៤ ​កន្លះ​រសៀល​ស្ថិតនៅ​បន្ទប់​ជួល​លេខ​ ៤ ផ្លូវ​បេតុង សង្កាត់​ទួលសង្កែ ខណ្ឌ​ប្ញស្សីកែវ រាជធានី​ភ្នំពេញ​។ កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ (​ក​ ៦) ​ដឹកនាំ​ដោយ​លោក​ ដាំ ឈឿន នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​មានការ​សម្របសម្រួល​ផ្នែក​ផ្លូវច្បាប់​ពី​លោក​ សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារង និង ក្រឡាបញ្ជី លោក​ ឡេង ណាង​។

លោក​បន្តថា​ក្នុង​ប្រតិបត្តិការ​នេះដែរ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ២ ​នាក់​ប្តី​ប្រពន្ធ​នេះ​ដោយ​បាន​ដកហូត​នូវ​វត្ថុតាង​ជា​សារធាតុញៀន​មេតំហ្វេតាមីន​ (ICE) ​ទម្ងន់​ ១០២៥,៥៦ ​ក្រាម​។

បើ​យោងតាម​របាយការណ៍​សង្ខេប​ស្តីពី​លទ្ធផល​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០ បាន​បង្ហាញថា​នៅ​ឆ្នាំ​ ២០១៩ តាមរយៈ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​ ២០១៩ ​និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០ បង្ហាញថា ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​ ៤ (​ពីថ្ងៃ​ទី​ ១ ​ខែ​មករា ដល់​ថ្ងៃទី​ ៣១ ​ខែ​ធ្នូ ឆ្នាំ​ ២០១៩) បាន​អនុវត្ត​ច្បាប់​បង្ក្រាប​បាន​ចំនួន ៩ ៨០៦ ​ករណី​។

ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ២០ ៤៩០ ​នាក់​រឹបអូស​គ្រឿងញៀន​បាន​ចំនួន​ ៧៥០, ៧០ ​គីឡូក្រាម​រួមទាំង​មធ្យោបាយ សម្ភារ និង​វត្ថុតាង​មួយចំនួន​។ ក្នុងនោះ​ករណី​បទល្មើស​គ្រឿងញៀន​ធំៗ ចាប់បាន​ ១ ​គីឡូក្រាម​ឡើង​មាន​ចំនួន​ ៦១ ​ករណី​ (៦១ ​ក្រុម​) ​ចាប់យក​គ្រឿងញៀន​សរុប ៦៩៧,៤៦ ​គីឡូក្រាម និង​ចាប់​ឃាត់ខ្លួន​ចំនួន​ ១៤០ ​នាក់​ក្នុងនោះ​មេខ្លោង​ ២៧ ​នាក់​ខ្សែរយៈ​បណ្តាញ​ចំនួន​ ១១៣ ​នាក់​៕