បន្ទាយមានជ័យៈ​ នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​កាល​ពី​ម្សិល​មិញ​ បាន​បញ្ជូន​ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន​ ១​២​ នាក់​ ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​​បន្ទាយ​មាន​ជ័យ​​​ បន្ទាប់​ពី​ចាប់​ខ្លួន​នៅផ្ទះ​សំ​ណាក់​ ១ ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​​ ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ថ្ងៃ​ទី​ ១​៦​ មិ​ថុ​នា ​ពាក់​ព័ន្ធ​ករណី​បង្ខាំង​ជន​ជាតិ​ចិន​គ្នា​ឯង ​៣ នាក់​ដើម្បី​ជំរិត​ទារ​ប្រាក់។

លោក​ ធិន ​ស៊ិន​ដេត ​​អ​ធិ​ការ​ន​គរ​បាល​ក្រុង​​ប៉ោយ​ប៉ែត​បាន​ប្រាប់​កាល​ពី​ម្សិល​មិញ​ថា​ករណី​ជន​ជាតិ​ចិន​ ១​២ នាក់​ ដែល​ពាក់​ព័ន្ធ​ជំរិត​ទារ​ប្រាក់​នោះ​​សមត្ថ​កិច្ច​របស់​លោក​បាន​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១​៧​ ខែ មិ​ថុ​នា​ ហើយ​ពួក​គេ​ប្រព្រឹត្ត​បទល្មើស​នៅ​​ភូមិ​​ក្បាល​​ស្ពាន ​១ ​សង្កាត់​-​ក្រុង​ប៉ោយប៉ែត។​

លោក​ថា​៖ ​«​ក្រុម​ជន​សង្ស័យ​ជា​បុរស​ទាំង​អស់​ហើយ​ខ្ញុំ​បាន​បញ្ជូ​ន​ពួក​គេ​ទៅស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ហើយ​ដើម្បី​បន្ត​នីតិវិធី»។​

ពាក់​ព័ន្ធ​ករណី​​នេះ​ដែរ​ លោក​ ឡាច​ ញិប ​ប្រធាន​​ផ្នែក​នី​តិ​វិ​ធី​នៃ​ការិ​យា​ល័យ​ព្រហ្ម​ទណ្ឌកម្រិត​ធ្ងន់​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​​ដែរ​ថា​ ក្រុម​ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ដល់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្តហើ​យ​ ហើយ​សមត្ថ​កិច្ច​ជំ​នាញ​របស់​លោក​កំ​ពុ​ង​បន្ត​នី​តិ​វិ​ធី​សាក​សួរ​ពួកគេ​បន្ត​ទៀត​មុន​នឹង​ធ្វើ​កំណត់​ហេតុ​បញ្ជូន​ទៅ​តុលាការ។​

លោកថ្លែ​ង​ថា​​៖​​ «​ពួក​ជនសង្ស័យ​បាន​ឲ្យ​លុយ​ជន​រងគ្រោះ​ជា​ជន​ជាតិ​ចិន​ដូច​គ្នា​ខ្ចី​ហើយ​យក​ការ​ប្រាក់​ខណៈ​​ជន​រង​គ្រោះ​ ៣ ​នាក់​ លេង​ល្បែង​ចាញ់​។​ដោយ​ក្រុម​ជន​រង​គ្រោះ​គ្មាន​លុយ​សង​ក៏​ចាប់​បង្ខាំង​ពួក​គេ​ទៅ​ហើយ​ត្រូវ​វាយ​ដំ​ឃើញ​ស្នាម​ជាំ​ពេញ​ខ្លួន​ទៀត​ផង»។​

លោក​ប្រាប់​ថា ​រឿង​រ៉ាវ​នេះ​មុន​ដំ​បូង​គឺនៅថ្ងៃ​ទី​ ១​៤​ មិ​ថុ​នា​ ឆ្នាំ​​ ២​០​​​១​៩​ ក្រុម​ជន​សង្ស័យ​ដែល​មាន​អា​យុ​ចន្លោះ​ពី ​២​០​ ទៅ ​៣​១ ​ឆ្នាំ​ និង​ជន​រង​គ្រោះ​ដែល​មាន​អា​យុ​ចន្លោះ​​ពី​ ១​៨ ​ទៅ​ ៣​៦ ​ឆ្នាំ​ ជា​មនុស្ស​​ស្គាល់​គ្នា​ហើយ​ពួក​គេ​បាន​នាំ​គ្នា​ចូល​លេង​ល្បែង​ក្នុង​កា​ស៊ី​ណូ​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​។​ ក្រោយ​មក​ក្រុម​ជន​រ​ងគ្រោះ​បាន​លេង​ល្បែង​ចាញ់​អស់​លុយ​ក៏​នាំ​គ្នា​ខ្ចី​លុយ​ក្រុម​ជន​សង្ស័យ​ តែ​មិន​ដឹង​ថា​មាន​ចំនួន​ប៉ុន្មាន​ទេ។​

លោក​បន្ត​ថា​ បន្ទាប់​ពី​ក្រុម​ជន​រង​គ្រោះ​អត់​លុយ​សង​​ក៏​ត្រូវ​ក្រុម​ជន​សង្ស័យ​​ដែល​ស្នាក់​នៅ​ផ្ទះសំ​ណា​ក់​​យី​ហោ​សុ​ផល​ថា​វី​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ក៏ចាប់​បង្ខាំង​ជន​រង​គ្រោះ​ទុក​ក្នុង​បន្ទប់ជួល​ដែល​នៅ​ជិតផ្ទះ​​សំ​ណាក់​សុ​ផល​ថា​វី​នោះ​។ បន្ទាប់​មក​ក្រុម​ជន​សង្ស័យ​បាន​បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ទូរស័ព្ទ​ទៅ​ម្តាយ​​ឪពុក​របស់​ពួក​គេ​ឲ្យ​ផ្ញើ​​លុយ​ពី​ប្រទេស​ចិន​មក​សង​ ហើយ​លុយ​ដែល​ក្រុម​ជន​រង​គ្រោះ​​ខ្ចីនោះ​មាន​ការ​ប្រាក់​ខ្ពស់​។​

លោក​បាន​បញ្ជា​ក់​ប្រាប់​​ថា​​ ការ​ចាប់​ខ្លួន​ក្រុម​ជន​សង្ស័យ​នេះ​ធ្វើ​ឡើង​តាម​បណ្តឹង​របស់​ឪពុក​ម្តាយ​ជន​រង​គ្រោះពី​ប្រទេស​ចិន​​ដែល​បាន​ប្តឹង​មកស្ថាន​ទូត​ចិន​ប្រ​ចាំ​​នៅប្រទេសកម្ពុជា​ហើយ​ខាង​ស្ថាន​ទូត​ចិន​បាន​បង្ហាញ​ភិន​ភាគ​ជន​រង​គ្រោះ​និង​ទី​តាំង​ដែលបង្ខាំង​មនុស្សដល់​សមត្ថ​កិច្ច​កម្ពុជា​ទើប​​បាន​ឈាន​ដល់​ចាប់​ខ្លួន​ក្រុម​ជនសង្ស័យ​បាន​តែ​ម្តង​។ រីឯ​វត្ថុតាង​ដែល​សមត្ថ​កិច្ច​ដក​ហូតបាន​រួមមាន​ ខ្សែ​ជ័​រ​សម្រាប់​ចង​ជន​រង​គ្រោះ​ និង​​កាំ​បិត​ស្នៀត​ ១​ ផងដែរ៕