ភ្នំពេញ៖ ជនសង្ស័យ​ជាជនជាតិ​ចិន​ចំនួន​ ៣ នាក់​ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ១៥ ​មេសា​ ក្រោយពី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ១២​ មេសា ​ពាក់ព័ន្ធ​នឹង​ការចាប់​ជំរិត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដូចគ្នា​ក្នុងសណ្ឋា​គារ​មួយ​ នៅ​សង្កាត់​បឹង​កេងកង​ទី១​ ខណ្ឌ​បឹង​កេងកង​ ដែល​ពេលនោះ​សមត្ថកិច្ច ​ក៏បាន​រំដោះ​ជនរងគ្រោះ​ម្នាក់​ផង​ដែរ។

លោក​ ស៊ីម ពិសិដ្ឋ ​អធិការ​នគរបាល​ខណ្ឌ​បឹង​កេងកងប្រាប់​ពី​ម្សិលមិញ​ថា​ ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​ ៣ នាក់​នោះ​ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កង ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី ១៥ ខែ​មេ​សា​ បន្ទាប់ពី​កម្លាំង​នគរបាល​ខណ្ឌ​បឹង​កេងកង ​និង​រាជធានី​ភ្នំពេញ ​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ចាប់​ជំរិត​ទារប្រាក់​ជនជាតិ​ចិន​ដូចគ្នា​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​សង្កាត់​បឹង​កេងកង​ទី ១។ ក្នុង​ប្រតិបត្តិការ​នោះ ​សមត្ថកិច្ច​ បាន រំដោះ​ជន​រង​គ្រោះ​ជា​ជនជាតិ​ម្នាក់។

លោក​បន្តថា​ ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ នេត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ ស ថេត ​អគ្គ​ស្នងការរង ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​ព្រមទាំង​ដឹកនាំ​ផ្ទាល់​ដោយ​លោក​សុង លី ​ស្នង​ការរង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ។ ជនសង្ស័យ​ចំនួន ​៣ នាក់ ​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​ចាប់ជំរិត​ទារប្រាក់ ​ដោយ​ពួកគេបាន​ចាប់​មនុស្ស​ដាក់​ក្នុង​រថយន្ដ​ធ្វើ​ទារុណកម្ម ​ហើយ​ទារ​ប្រាក់។

លោក ​ពិសិដ្ឋ បញ្ជាក់ថា​៖ «ខ្ញុំ​មិនទាន់​ដឹង​តុលាការ​សម្រេច​យ៉ាង​ណា​ទេ។ គាត់​ជំរិត​ទារប្រាក់​ពី​សាច់ញាតិ​ជន​រងគ្រោះ​ផង ​និង​ទារប្រាក់​ពី​សាមី​ខ្លួន​ផ្ទាល់​ប៉ុន្ដែ​ជនល្មើស​មិនទាន់​បាន​ប្រាក់​ជន​រងគ្រោះ​ទេ»។

លោក​ គុជ គឹម​ឡុង ​អ្នកនាំពាក្យ​និង​ជា​ព្រះរាជ​អាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការសម្រេច​របស់​តុលាការ​ក្នុង​ករណី​នេះ​នៅ​ឡើយ​ទេ។

តាម​របាយការណ៍​រប​ស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ១៥ ​មេសា​ ថា​ ជនសង្ស័យ​ចំនួន ​៣ នាក់​ ដែល​ត្រូវបាន​ឃាត់ខ្លួនរួមមាន​ ទី១-​ឈ្មោះ​ ចម ជី​ង​មីង (ZHAO-JIANMING ) ភេទ​ ប្រុស ​អាយុ​ ៣៥ ឆ្នាំ​ ជនជាតិ​ចិន ​ស្នាក់នៅ​ម្ដុំ​ក្រោយ​ក្រសួង​ការពារជាតិ ​ទី២-​ឈ្មោះ​ ស៊ែ​វ ជៀន ​(XIAO-ZEAN) ភេទ ​ប្រុស ​ជនជាតិ​ចិន​ អាយុ​ ៣២ ឆ្នាំ ​ស្នាក់នៅ​ម្ដុំ​កោះ​ពេជ្រ ​មុខរបរ​មិន​ពិតប្រាកដ​ និង​ទី៣​-ឈ្មោះ​ ហ៊ូ ហ្វឹង​វិន (HU FENGWEN) ភេទ​ប្រុស​ អាយុ​ ៣១ ឆ្នាំ ​ជនជាតិ​ចិន ​ស្នាក់នៅ​ផ្ទះជួល​សង្កាត់​កាកាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ ​មុខរបររកស៊ី​ខាង​រ៉ែ​មាស។

របាយ​ការណ៍​បន្តថា ​សមត្ថកិច្ច​បាន​រឹបអូស​យក​វត្ថុតាង​ មាន​ដូចជា ​រថយន្ដ​ ១ គ្រឿង​ (របស់​បក្ខពួក​ជនសង្ស័យ​រត់គេច​ខ្លួន)​ ទូរស័ព្ ទ​២ គ្រឿង​ លុយ​ចំនួន ​៣២៦ ដុល្លារ ​ដំបងឆក់ ​២ កាត​ធានា​គារ ​១ ខ្នោះដៃ​ចំនួន ​២ ក្រណាត់​ពណ៌​ខ្មៅ​ចំនួន ៤ ​(សម្រាប់​គ្រប​មុខ) លិខិត​ឆ្លងដែន ​១ កូនសោ​ ១​ ចង្កោម​ និង​កាបូប​ខ្មៅ ​១ (ជា​របស់​ឈ្មោះ XIAO ZEAN)។ ចំណែក​ជន​រងគ្រោះ​ឈ្មោះ Lin Wei xian ភេទ​ ប្រុស ជនជាតិ​ចិន​ អាយុ​ ៣១ ឆ្នាំ​ ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​សង្កាត់​បឹង​កេងកង​ទី ១ ​ខណ្ឌ​បឹង​កេងកង​ មុខរបរ​ជា​បុគ្គលិក​ខារ៉ា​អូខេ។

របាយ​ការណ៍​បន្ថែមថា​ ជនសង្ស័យ​ចំនួន ​៣ នាក់​ (ជនជាតិ​ចិន) និង​វត្ថុតាង​ ត្រូវបាន​ឃាត់​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​កាលពី​ថ្ងៃទី ១២ ​ខែមេសា ​ហើយ​កសាង​សំណុំរឿង ​បញ្ជូន​បន្តទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ១៥ ​ខែមេសា​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕