បន្ទាយមានជ័យៈ នគរបាលក្រុងប៉ោយប៉ែតនៅថ្ងៃ ១៧ មិថុនា នេះ បានបញ្ជូនជនសង្ស័យជាតិចិន ១២ នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យមួយថ្ងៃ បន្ទាប់ពីចាប់ខ្លួននៅផ្ទះសំណាក់មួយនៅក្រុងប៉ោយប៉ែត ករណីបង្ខាំងជនជាតិចិនគ្នាឯង ៣ នាក់ ដើម្បីជំរិតទារប្រាក់។
លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថាករណីជនជាតិចិន ១២ នាក់ ដែលពាក់ព័ន្ធជំរិតទារប្រាក់នោះត្រូវបានបញ្ជូនទៅស្នងការដ្ឋានកាលពីព្រឹកថ្ងៃទី ១៧ មិថុនា។ ពួកគេប្រព្រឹត្តបទល្មើសនៅភូមិក្បាលស្ពាន ១ សង្កាត់-ក្រុងប៉ោយប៉ែត ។
លោក ឡាច ញិប ប្រធានផ្នែកនីតិវិធីនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា ក្រុមជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញបន្តនីតិវិធីសាកសួរមុននឹងបញ្ជូនទៅតុលាការ។
បើតាមលោក ឡាច ញិប ក្រុមជនសង្ស័យនិងក្រុមជនរងគ្រោះជាមនុស្សស្គាល់គ្នាហើយពួកគេបាននាំគ្នាចូលលេងល្បែងក្នុងកាស៊ីណូមួយក្នុងក្រុងប៉ោយប៉ែត។ ប៉ុន្តែដោយក្រុមជនរងគ្រោះចាញ់អស់ក៏នាំគ្នាខ្ចីលុយក្រុមជនសង្ស័យ តែមិនដឹងថាមានចំនួនប៉ុន្មានទេ។ លុះដល់អត់លុយសងក៏ត្រូវក្រុមជនសង្ស័យចាប់បង្ខាំងដោយបង្ខំឲ្យទូរស័ព្ទទៅម្តាយឪពុករបស់ពួកគេ ដើម្បីផ្ញើលុយពីប្រទេសចិនមកសង។ ប៉ុន្តែត្រូវបានឪពុកម្ដាយជនរងគ្រោះ
ប្តឹងមកស្ថានទូតចិនប្រចាំកម្ពុជាទើបសហការគ្នាជាមួយសមត្ថកិច្ចកម្ពុជាចាប់ខ្លួនបានតែម្តង ៕