ស្វាយរៀងៈ សមត្ថកិច្ចការិយាល័​យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​នៃ​ស្នង​ការដ្ឋាននគរ​បាល​​ខេត្ត​ស្វាយ​រៀង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​បុរស​ជន​ជាតិ​អុីស្រាអែល​ម្នាក់​ទៅ​សា​លា​ដំបូង​ខេត្ត​​ កាល​ពី​ល្ងាច​ម្សិល​មិញ​ បន្ទាប់​ពី​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ ៣​​ កុម្ភៈ​ ពាក់ព័​ន្ធ​នឹងការរក្សា​ទុក​ម្សៅ​សារធា​តុ​គីមីនៅ​ភូមិ​​មេ​ភ្លើង​ សង្កាត់-​ក្រុង​-​ខេត្ត​ ស្វាយ​រៀង។

លោក​ កាន​ កេន ប្រ​ធាន​ការិ​យាល័យ​​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្ត​ស្វាយ​រៀង​​ប្រាប់​​កាល​ពី​ម្សិល​មិ​ញ​ថា​​​ បុរ​ស​នោះ​ឈ្មោះ​​ Trillessky ​R​a​n​ ​អាយុ ៤១ ឆ្នាំ។

លោក​​​ប្រាប់​ថា​៖ «វត្ថុ​តាង​ដែល​សមត្ថ​កិច្ច​យើង​ឆែក​ឃើញ​នោះ​មិន​មាន​គ្រឿង​ញៀន​សុទ្ធ​ទេ ​ប៉ុន្តែ​ជា​ប្រភេទ​ម្សៅ​ជា​សារ​ធាតុ​គីមី​ដែល​យើង​សង្ស័យ​ថា​អាច​យក​ទៅ​ផ្សំ​ជា​គ្រឿង​ញៀន​បាន​ហើយ​នៅ​ល្ងាច​ (ថ្ងៃ​ទី ​៤ ​កុម្ភៈ​)​ នេះ ខ្ញុំ​បញ្ជូន​ទាំង​ជន​សង្ស័យ​និង​វត្ថុ​តាង​ទៅ​សាលា​ដំបូង​​ខេត្ត​ស្វាយ​រៀង​ដើម្បី​​ចាត់​ការ​តាម​​ផ្លូវ​ច្បាប់​បន្ត​ទៀត»។​

លោក ​កាន ​​កេន​​ បញ្ជាក់​ថា​ ជន​សង្ស័យ​​ខាង​លើ​ បាន​មក​ខេត្ត​​ស្វាយ​​រៀង​ហើយ​​ជួលបន្ទប់​ផ្ទះ​សំណាក់​យីហោ​ជីឡុង បន្ទប់លេខ ២០៤ ក្នុង​​ភូមិ​​​សង្កាត់​ខាង​លើ​​កាល​ពី​ថ្ងៃ​ទី​ ១​ ​ខែកុម្ភៈ ​ឆ្នាំ​​ ២​០​១​៩​​។ ​លុះ​ស្នាក់​នៅ​បាន​ ១​ ថ្ងៃ​ ម្ចាស់​ផ្ទះ​សំណាក់​មាន​ការសង្ស័យ​ក៏​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​​របស់​លោក​ ហើយ​រហូត​ដល់​ថ្ងៃ​ទី​ ៣​​ ខែកុម្ភៈ​ ទើប​សមត្ថ​កិច្ច​​ចុះ​ទៅ​ឆែក​ឆេរ​ក្នុង​បន្ទប់​ជន​សង្ស័យ​នោះ។ ​បន្ទាប់​ពី​ឆែក​ឆេរ​សមត្ថ​កិច្ច​បាន​រក​ឃើញ​​ម្សៅ​ពណ៌​ស​ ៥ ​កញ្ចប់​ធំ​និង​ ២ ​កញ្ចប់​តូច​ រួម​នឹង​សម្ភារ​ដែល​សង្ស័យ​ថា​ជា​សារ​ធាតុគីមី​សម្រាប់ផ្សំ​ធ្វើគ្រឿង​ញៀន​មួយ​ចំនួន​ទៀត។​

លោក​​បាន​បន្ថែម​ថា​៖​ «ចំពោះ​ម្សៅ​ដែល​យើង​ដក​ហូត​ពី​ជនសង្ស័យ​នោះ​ យើង​បាន​បញ្ជូន​បន្ត​ទៅកាន់​ខាង​មន្ទីរ​ពិសោ​ធន៍​គ្រឿង​ញៀន​នៅ​រាជធានីភ្នំ​ពេញ​ហើយ​​ ព្រោះ​ម្សៅ​នោះមាន​ច្រើន​មុខ​ដែល​យើង​សង្ស័យ​ថា​ អាច​លាយ​ផ្សំ​កើត​ជា​គ្រឿង​ញៀន​បាន»៕