ភ្នំពេញៈ បុរស​ដែល​បាន​បើក​រថយន្តបុក​មនុស្ស​ ២ ​នាក់​ពេល​កំពុង​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​កាលពី​យប់​ថ្ងៃទី​ ៣០ មីនា នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ប៉ុន្មាន​ម៉ោង​ក្រោយ​កើតហេតុ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​។

លោក​ សែម រតនា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថ្លែង​ពី​ម្សិលមិញ​ថា នៅ​ថ្ងៃទី​ ៣១ ខែមីនា ដោយ​មាន​ការឯកភាព​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់​ឈ្មោះ​ សេង ចិន្តា អាយុ​ ៣៧ ​ឆ្នាំ ភេទ​ប្រុស ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​បុរស​រូបនេះ​បើករថយន្ត​បុក​បុរស​ ២ ​នាក់​ស្លាប់​កាលពី​ម៉ោង ២១: ១០ ​នាទី​ថ្ងៃទី​ ៣០ ខែមីនា​។

លោក​បន្តថា​ក្រោយពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រួច​ជនសង្ស័យ​បាន​រត់គេចខ្លួន ប៉ុន្ដែ​លោក​ ហួរ ម៉េងវ៉ាង អធិការនគរបាល​ខណ្ឌសែនសុខ​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ក្នុង​ប្រតិបត្តិការ​នេះ​ដោយ​តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​ក្នុង​ប៉ុន្មាន​ម៉ោង​ក្រោយមក​។ លុះ​ព្រឹក​ឡើង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី​ ៣១ ខែមីនា ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក​ថា​៖ «​ក្រោយ​កើតហេតុ​រយ:ពេល​ប្រហែល​ជា​ ៤ ​ម៉ោង ជនបង្ក​ឈ្មោះ​ សេង ចិន្តា ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​សែនសុខ​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​នៅ​ម៉ោង​ប្រហែល​ ១:២០ ​នាទី​រំលង​អធ្រាត្រ​ព្រោះ​ពេល​បុក​ភ្លាមៗ​នោះ​គាត់​រត់គេចខ្លួន​»​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ គុជ គឹមឡុង ពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ករណីនេះ​បានទេ​។

លោក​ ហួរ ម៉េងវ៉ាង អធិការនគរបាល​ខណ្ឌ​សែនសុខ​ថ្លែង​ពី​ម្សិលមិញ​ថា កម្លាំង​លោក​បាន​ចូលរួម​សហការ​ក្នុង​ប្រតិបត្តិការ​នេះដែរ ប៉ុន្ដែ​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះមក​ធ្វើ​កំណត់ហេតុ​ផ្ទាល់​។ ដូច្នេះ​លោក​មិន​បាន​ដឹង​ច្បាស់​ពី​របាយការណ៍​លម្អិត​ទេ​។

លោក​ថា​៖ «​អ៊ីចឹង​ប្រហែល​ជា​សំណុំ​រឿងនេះ​គេ​បញ្ជូន​ទៅ​តុលាការ​រួចរាល់​ហើយ​»​។

តាម​របាយការណ៍​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត​ ១ ​គ្រឿង​ម៉ាក​ធុនដ្រា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA.9111 បាន​បើក​បុក​ម៉ូតូ​ ១ ​គ្រឿង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ២ ​នាក់​នៅលើ​ផ្លូវ​ 59P ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែនសុខ វេលា​ម៉ោង​ ២១:១០ ​នាទី​រួច​ជនបង្ក​ក៏បាន​បើករថយន្ត​គេចខ្លួន​។

បើតាម​កាមេរ៉ា​សុវត្ថិភាព​ដែល​គេ​បង្ហោះ​លើ​ហ្វេសប៊ុក​បង្ហាញ​ឲ្យ​ឃើញ​ពី​ម្សិលមិញ​ថា មាន​បុរស​ ២ ​នាក់​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ម៉ាក Honda Dream C125 ​តាម​បណ្តោយ​ផ្លូវលំ បត់​ឡើងមក​ផ្លូវ​មួយទៀត​។ ប៉ុន្ដែ​បត់​មិន​ទាន់​ផុត​ក៏​មាន​រថយន្ត​ ១ ​គ្រឿង បើក​យ៉ាង​លឿន​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ទាំង​ ២ ​នាក់​ស្លាប់​។ បន្ទាប់ពី​បុក​អ្នកបើករថយន្ត បើក​រត់​បន្សល់ទុក​ស្លាក​លេខ​ភ្នំពេញ 2BA-9111 ​នៅ​កន្លែង​កើតហេតុ​៕