កណ្ដាលៈ នគរបាលខេត្តកណ្តាលកាលពីម្សិលមិញបានបញ្ជូនជនសង្ស័យដែលគេអះអាងថា បែកថ្នាំម្នាក់ ទៅសាលាដំបូងខេត្ត បន្ទាប់ពីឃាត់ខ្លួនករណីចាប់ក្មួយប្រុសបង្កើតវ័យ ៣ ឆ្នាំម្នាក់ គ្រវែងពីលើអង្រឹងបោកនឹងដីភក់ ប្រព្រឹត្តនៅក្នុងភូមិ-ឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី ១២ ខែ សីហា។
លោក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រាប់កាលពីម្សិលមិញថា ជនសង្ស័យ ឈ្មោះ រិ រ៉ាត់ អាយុ ២៧ ឆ្នាំ ដែលពាក់ព័ន្ធការប្រព្រឹត្តអំពើហិង្សាលើក្មេងនោះ គឺខាងសមត្ថកិច្ចរបស់លោកបានបញ្ជូនបន្តទៅសាលាដំបូងខេត្តកណ្តាលរួចហើយនៅរសៀលថ្ងៃទី ១៣ សីហា។ ចំពោះកំណត់ហេតុបញ្ជូននោះ គឺជាបទល្មើសហិង្សាដោយចេតនា តែត្រង់ថាតុលាការសម្រេចចោទប្រកាន់យ៉ាងណាទៀតនោះ គឺអាស្រ័យលើតុលាការ។
លោកបានប្រាប់ថា៖ «បើតាមរបាយការណ៍របស់អធិការនគរបាលស្រុកកណ្តាលស្ទឹង និងតាមចម្លើយរបស់ជនសង្ស័យម្នាក់នេះបង្ហាញថា គាត់ជាមនុស្សញៀនថ្នាំហើយបែកថ្នាំផង» ។
ទោះយ៉ាងណា បើតាមលោក ម៉ែន ច័ន្ទរិទ្ធ អធិការនគរបាលស្រុកកណ្តាលស្ទឹង ប្រាប់តាមសម្តីក្រុមគ្រួសារក្មេងរងគ្រោះ និងពីម្តាយឪពុករបស់ជនសង្ស័យពីម្សិលមិញថា រឿងនេះបានកើតឡើងនៅរសៀលថ្ងៃទី ១២ សីហា នៅភូមិ-ឃុំខាងលើ។ ចំណែកផ្ទះជនសង្ស័យ និងផ្ទះក្មេងរងគ្រោះនៅក្បែរគ្នាហើយត្រូវជាក្មួយ និងពូបង្កើត។
លោកបន្តថា មុនកើតហេតុ ម្តាយក្មេងរងគ្រោះបានយកកូនប្រុសរបស់គាត់ឲ្យដេកក្នុងអង្រឹងក្រោមផ្ទះ។ ខណៈក្មេងរងគ្រោះកំពុងដេក ស្រាប់តែជនសង្ស័យដើរមកចាប់ក្មេងរងគ្រោះចេញពីអង្រឹង ហើយគ្រវែងទៅនឹងដីប្រឡាយនៅក្បែរផ្ទះ បណ្តាលឲ្យក្បាលក្មេងរងគ្រោះបោកទៅនឹងដី។ ភ្លាមៗនោះក្រុមគ្រួសារក្មេងប្រុសរងគ្រោះបានប្តឹងទៅប៉ុស្តិ៍នគរបាលឃុំសៀមរាប ឲ្យចាប់ខ្លួនជនសង្ស័យ ខណៈក្មេងរងគ្រោះត្រូវបានដឹកទៅមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែក្រោយពិនិត្យគ្រូពេទ្យប្រាប់ថា ផ្នែកក្បាលរបស់ក្មេងរងគ្រោះមិនមានប៉ះពាល់អ្វីខ្លាំងរហូតគ្រោះថ្នាក់ដល់ជីវិត ឬដែលនាំឲ្យក្មេងពិការនោះទេ។
លោកអធិការបានបញ្ជាក់ថា បើតាមឪពុកម្តាយរបស់ជនសង្ស័យប្រាប់ថា គាត់ជាមនុស្សញៀនថ្នាំ តែពួកគាត់មិនឲ្យសមត្ថកិច្ចយកកូន (ជនសង្ស័យ) ទៅមណ្ឌលបន្សាបគ្រឿងញៀនទេ ព្រោះថា បើកូនរបស់គាត់នៅមណ្ឌលបន្សាបគ្រឿងញៀនប្រាកដជាមិនកែខ្លួនទេ ហើយអាចញៀនថ្នាំញៀនទៀត។ ដូច្នេះ មានតែឲ្យសមត្ថកិច្ចធ្វើទៅតាមច្បាប់សិនចុះ។
លោកថា៖ «ជនម្នាក់នេះអាចញៀនថ្នាំខ្លាំងហើយបែកថ្នាំផង ទើបបានជាប្រព្រឹត្តទៅលើក្មួយរបស់ខ្លួនបែបនេះ ហើយខាងសមត្ថកិច្ចរបស់ខ្ញុំក៏អនុវត្តទៅតាមនីតិវិធីច្បាប់ទៅ»។
ទោះយ៉ាងណា បើតាមលោក ឡាយ ទូច នាយនគរបាលប៉ុស្តិ៍ឃុំ សៀមរាប បានបញ្ជាក់កាលពីម្សិលមិញដែរថា ចំពោះក្មេងរងគ្រោះ ត្រូវបានឪពុកម្តាយនាំយកមកផ្ទះវិញហើយក្រោយពីគ្រូពេទ្យថា មិនប៉ះពាល់ដល់អាយុជីវិត៕