ភ្នំពេញៈ ​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​បាន​កសាង​សំណុំរឿង​បញ្ជូន​បុរស​សង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៧ ​មករា បន្ទាប់ពី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១៥ ខែមករា ពាក់ព័ន្ធ​ករណី​យក​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ចំនួន​ ២ ​កញ្ចប់​ធំ​ចូលក្នុង​ពន្ធនាគារ​ព្រៃស​។

លោក ជីម ស៊ីថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា បុរស​សង្ស័យ​ដែល​សមត្ថកិច្ច​បាន​​ឃាត់ខ្លួន​នោះ​មាន​ឈ្មោះ ឃី សិរីវុឌ្ឍ អាយុ​ ២៥ ​ឆ្នាំ​រស់នៅ​ភូមិ​សន្សំកុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី-ភ្នំពេញ​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​តែ​ពេលនេះ​កំពុង​​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។

លោក​ប្រាប់ថា​៖ «​ឥឡូវនេះ​ជនសង្ស័យ​កំពុង​ត្រូវ​សួរចម្លើយ​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​ខ្ញុំ​ហើយ យើង​នឹង​បញ្ជូន​គេ​ទៅ​តុលាការ​នៅ​ថ្ងៃស្អែក​ (​ថ្ងៃ​ ១៧ ​មករា​) ​ដើម្បី​ចាត់ការ​តាមច្បាប់​»​។

លោក លឹម សៀងហេង នាយផ្នែក​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​តាមរយៈ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​​ព្រៃ​ស​ថា មុន​កើតហេតុ​ម៉ោង​ ៥ ​និង​ ១៥ ​នាទី​ល្ងាច​ថ្ងៃទី​ ១៥ ​មករា បុរស​សង្ស័យ​ខាងលើ​បាន​មកសុំ​មន្ត្រី​អនុរក្ស​ចូល​ទៅក្នុង​ពន្ធនាគារ​។ ពេលនោះ​មន្ត្រី​អនុរក្ស​ដែល​យាម​នៅ​មុខ​ពន្ធនាគារ​បាន​ឆែកឆេរ​លើ​សម្ភារ​របស់​ជនសង្ស័យ​ដែល​លាក់​នៅក្នុង​កំប៉ុង​ចំណី​សត្វ ក៏​ស្រាប់តែ​ឃើញ​មាន​ថង់​ចំនួន​ ២ ​ដែល​ក្នុងនោះ​មាន​បង្កប់​ម្សៅ​ពណ៌​ស​ថ្លា​។

លោក​បន្តថា ដោយ​មាន​ការសង្ស័យ មន្ត្រី​អនុរក្ស​ក៏​ហៅ​បុរស​រូបនោះ​ឲ្យ​ចូលក្នុង​បន្ទប់​ហើយ​បាន​ពិនិត្យ​នៅក្នុង​ថង់​នោះ​ទើប​ដឹងថា ជា​ម្សៅ​គ្រឿងញៀន​។ បន្ទាប់​មក​មន្ត្រី​អនុរក្ស​ក៏បាន​ទាក់ទង​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចូលរួម​ធ្វើ​ពិសោធន៍​លើ​ម្សៅ​ស​ក្នុង​ថង់​នោះ ហើយ​បាន​រកឃើញ​ជា​សារធាតុ​ញៀន​ដែល​សរុប​ទាំង​ ២ ​ថង់​នោះ​មាន​ទម្ងន់​ ១៨២,២៣ ​ក្រាម​ជា​ប្រភេទ​មេតំហ្វេតាមីន​។

លោក សៀងហេង បាន​បន្ថែមថា បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យឃើញ​មាន​សារធាតុ​ញៀន​ពិត​ហើយ​នោះ មន្ត្រី​អនុរក្ស​ពន្ធនាគារ​ក៏បាន​ប្រគល់​ជនសង្ស័យ​ឲ្យ​មក​សមត្ថកិច្ច​នគរបាល​របស់លោក​។ ពេល​នេះ​លោក​បាន​ធ្វើសំណើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ក៏​មានការ​ជួយ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង ឆាយ ហុង ដោយ​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។

លោក​បាន​បញ្ជាក់ថា ជនសង្ស័យ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​របស់​លោក​ថា គាត់​ត្រូវ​បាន​ជន​មិន​ស្គាល់មុខ​ម្នាក់​ទូរស័ព្ទ​ពឹង​ឲ្យ​យក​គ្រឿងញៀន​នោះ​ទៅ​ឲ្យ​មនុស្ស​ម្នាក់​នៅក្នុង​ពន្ធនាគារ​ព្រៃស តែ​គាត់​ថា មិន​ស្គាល់​អ្នក​នៅក្នុង​ពន្ធនាគារ​នោះ​ឈ្មោះ​អ្វី​ទេ​។

ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​ជឿថា មិនដែល​មនុស្ស​ណា​មិន​ស្គាល់គ្នា និង​មិន​ដែល​ស្គាល់​លេខ​ទូរស័ព្ទ​សោះ​ហើយ​យក​បញ្ញើ​ទៅ​ឲ្យ​គេ​នោះទេ​»៕