ភ្នំពេញៈ បុរសម្នាក់ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពីម្សិលមិញពាក់ព័ន្ធនឹងការលួចលាក់ និងជួញដូរគ្រឿងញៀនជាង ៧ គីឡូក្រាម បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបនៅភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីថ្ងៃទី ១ វិច្ឆិកា ខណៈជនសង្ស័យកំពុងចែកចាយ។
លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិថ្លែងពីម្សិលមិញថា មន្ត្រីជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បន្ទាប់ពីបញ្ចប់ការសាកសួរបានបញ្ជូនជនសង្ស័យឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៣ ខែវិច្ឆិកា ដើម្បីឱ្យតុលាការចាត់ចែងតាមនីតិវិធីបន្តតាមច្បាប់។
លោកថា ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមទាំងគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ជាង ៧ គីឡូក្រាម ខណៈបុរសរូបនេះកំពុងធ្វើសកម្មភាពដឹកជញ្ជូនតាមផ្លូវ ដើម្បីចែកចាយឱ្យបក្ខពួករបស់ខ្លួន។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្ថែមទៀត។
លោក វណ្ណៈ បញ្ជាក់ថា៖ «តាមនីតិវិធីរបស់យើង គឺនៅបន្តតាមដាន និងស្រាវជ្រាវរកជនសង្ស័យដែលពាក់ព័ន្ធបន្ថែមទៀត ប៉ុន្ដែខ្ញុំមិនទាន់អាចបង្ហាញលទ្ធផលនៅពេលនេះបានទេដោយរង់ចាំការបង្ក្រាបជោគជ័យសិន។ ធម្មតាករណីជួញដូរគ្រឿងញៀន គាត់មិនអាចធ្វើម្នាក់ឯងបានទេគឺត្រូវតែមានបក្ខពួកទៀត អ៊ីចឹងបក្ខពួកគាត់ក៏មិនរួចខ្លួនពីច្បាប់ដែរ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង ពីម្សិលមិញបញ្ជាក់ថា៖ «យើងបានទទួលសំណុំរឿងហ្នឹងពីសមត្ថកិច្ចហើយ។ លោកសាយ ណូរ៉ា [ព្រះរាជអាជ្ញារង] កំពុងធ្វើការសាកសួរ ប៉ុន្ដែបើមានអ្វីប្រែប្រួលខ្ញុំនឹងជម្រាបជូននាពេលក្រោយទៀត»។
លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោឱ្យដឹងពីម្សិលមិញថា កម្លាំងសមត្ថកិច្ចលោកបានចូលរួមក្នុងប្រតិបត្តិការនេះដែរ។ លោកបញ្ជាក់ថា៖ «កម្លាំងពួកខ្ញុំ ដឹកនាំដោយលោកអធិការរងទទួលបន្ទុកគ្រឿងញៀន សហការជាមួយមន្ត្រីជំនាញខាងមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបង្ក្រាបករណីនេះ ប៉ុន្ដែរបាយការណ៍ និងសំណុំរឿង ខ្ញុំអត់សូវដឹងច្បាស់ទេ សួរទៅមន្ត្រីជំនាញយើង ទើបដឹងករណីនេះច្បាស់»។
តាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងពីម្សិលមិញថា ដោយអនុវត្តតាមបញ្ជាលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក ១១) ដឹកនាំដោយលោក ជាវ តុលា នាយករងមន្ទីរ និងលោក សេង ឃុនណាង នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញបានស៊ើបអង្កេត និងបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយនៅទីតាំងខាងលើនេះ។
បើតាមរបាយការណ៍ដដែលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ។ ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ៧,៦២២ គីឡូក្រាម និងសម្ភារមួយចំនួនទៀត។ បន្ទាប់មកជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕