ព្រៃវែងៈ នគរបាល​ស្រុក​ស៊ីធរកណ្តាល​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​ស្នងការដ្ឋាន​ខេត្តព្រៃវែង​ពី​ម្សិលមិញ បន្ទាប់ពី​ចាប់ខ្លួន​ពីថ្ងៃ​ទី​ ១៥ មិថុនា តាម​បណ្ដឹង​ក្មេងស្រី​រងគ្រោះ​ជា​កូនបង្កើត​ពាក់ព័ន្ធ​នឹង​ការចាប់​នាង​រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​នៅ​ឃុំ​ឫស្សីសាញ់ ស្រុក​ស៊ីធរកណ្តាល ខេត្តព្រៃវែង​។

លោក សេង សាវ៉ន អធិការ​នគរបាល​ស្រុក​ស៊ីធរកណ្តាល​បាន​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ករណី​នេះ​ឈ្មោះ ស្រី ហៀង អាយុ​ ៤២ ​ឆ្នាំ រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ហ.វ អាយុ​ ១៥ ​ឆ្នាំ​។ ​ទាំង​ ២ ​នាក់​ជា​ឪពុក​ និង​កូន​​រស់នៅក្នុង​ឃុំ​ឫស្សីសាញ់ ស្រុក​ស៊ីធរកណ្តាល ខេត្តព្រៃវែង​។

លោក​បន្តថា​៖ «​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​លោក​ធ្វើ​កំណត់ហេតុ និង​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​កាលពី​ព្រឹក​ថ្ងៃទី​ ១៦ ​មិថុនា សមត្ថកិច្ច​ខ្ញុំ​បាន​ដាក់​ក្នុង​កំណត់ហេតុ​ពាក់ព័ន្ធ​បទ​រំលោភ​​សេពសន្ថវៈ​។ ​ប៉ុន្តែ​ការចោទប្រកាន់​យ៉ាងណា​នោះ អាស្រ័យ​ទៅ​លើ​ច្បាប់​»​។

ដោយ​ផ្អែក​តាម​សម្ដី​ស្ត្រី​ជា​ម្ដាយ​ និង​កូនស្រី​រងគ្រោះ​លោក សាវ៉ន បាន​ឲ្យ​ដឹងថា គ្រួសារ​​នេះ​មាន​កូន​ ៣ ​នាក់​សុទ្ធតែ​ស្រី​ហើយ​ក្មេងរងគ្រោះ​ជា​កូនច្បង​។

រីឯ​ឪពុកម្តាយ​របស់​នាង​ធ្វើ​ជា​កម្មករ​ឡឥដ្ឋ ហើយ​ចេះ​តែ​ផ្លាស់​ទីកន្លែង​ធ្វើការ​រហូត ធ្វើឲ្យ​នាង​គ្មាន​ឱកាស​រៀនសូត្រ​បាន​ច្រើន​​ទេ​។ ​ទន្ទឹម​នឹង​នេះ ជនសង្ស័យ​ឪពុក​ជា​មនុស្ស​ញៀន​ស្រា​ហើយ​តែងតែ​បង្ក​ហិង្សា​ក្នុង​គ្រួសារ​ស្ទើរ​រាល់ថ្ងៃ​។ ដូច្នេះ​ដើម្បី​គេច​ពី​ការវាយ​ធ្វើបាប ស្ត្រី​ជា​ម្តាយ​​បាន​ទៅ​នៅផ្ទះ​បងប្អូន​បណ្តោះអាសន្ន​។

លោក​បាន​បន្តថា ក្នុង​អំឡុង​ខែ​ឧសភា​ឆ្នាំ​ ២០២០ ខណៈ​ម្តាយ​ក្មេងរងគ្រោះ​កំពុង​ទៅ​នៅផ្ទះ​បងប្អូន ជនសង្ស័យ​ក៏​ឆ្លៀត​ឱកាស​ចាប់​កូនស្រី​រំលោភ​បាន​សម្រេច​ចំនួន​ ៤ ​ដង និង​គំរាម​នាង​ថា បើ​ហ៊ាន​ប្រាប់​ម្តាយ​ ឬ​បងប្អូន និង​អ្នកភូមិ​ធ្វើឲ្យ​បែកការ​គាត់​នឹង​សម្លាប់​នាង​ចោល​។

លោក​បន្ថែម​ថា លុះ​នៅ​ថ្ងៃទី​ ១៤ មិថុនា ជនសង្ស័យ​បាន​វ៉ៃ​ប្រពន្ធ ហើយ​គាត់​ (​ប្រពន្ធ​) ​បាន​បបួល​ជនសង្ស័យ​ទៅ​សាលា​ឃុំ​ឫស្សី​សាញ់​ប្ដឹង​សុំ​លែង​។

ប៉ុន្តែ​ពេលនោះ​មន្ត្រី​អាជ្ញាធរ​បាន​​សម្រួល​ឲ្យ​ពួកគេ​ត្រូវរ៉ូវ​គ្នា​វិញ​ដោយសារ​អាជ្ញាធរ​ឃុំ​គ្មាន​សិទ្ធិ​សម្រេច​ក្នុង​រឿង​លែងលះ​គ្នា​។

ខណៈ​នោះ​ហើយ​ដែល​ក្មេងស្រី​​រងគ្រោះ​បាន​ប្រាប់​មន្ត្រីឃុំ​ពី​រឿង​ឪពុក​ចាប់​រំលោភ​នាង ហើយ​មន្ត្រីឃុំ​បាន​រាយការណ៍​បន្ត​ទៅ​​សមត្ថកិច្ច​នគរបាល​តែម្តង​។

លោក​ថា​៖ «​ពេល​មន្ត្រី​ឃុំ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ខ្ញុំ​បាន​បញ្ជូន​ក្មេងរងគ្រោះ​ទៅ​សមត្ថកិច្ច​ជំនាញ​ខេត្ត​ធ្វើកោសល្យ​វិច័យ​ប្រដាប់ភេទ​នាង ដោយ​​មាន​ខាង​គ្រូពេទ្យ មន្ត្រី​តុលាការ​ខេត្ត និង​មន្ត្រីនគរបាល​បច្ចេកទេស រួមទាំង​សមាគមនារី​ខេត្ត​ព្រៃវែង​ផង ហើយ​បាន​ឃើញ​លទ្ធផល​វិជ្ជមាន​»​។

លោក​បាន​បន្ដថា បន្ទាប់ពី​ដឹង​​លទ្ធផល​វិជ្ជមាន​ពី​ការធ្វើ​កោសល្យ​វិច័យ​នេះ​ខាង​ព្រះរាជអាជ្ញា​​សាលាដំបូង​ខេត្ត​ព្រៃវែង​ក៏​បញ្ជា​​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​​នៅ​ថ្ងៃទី​ ១៥ មិថុនា តែម្តង​។

លោក​អធិការ សេង សាវ៉ន បាន​បន្ថែម​ថា ករណី​នេះ​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ឪពុក​ចាប់រំលោភ​នាង​បាន​សម្រេច​ ៤ ​ដង​ ក្នុង​ខែ​ឧសភា​ហើយ​បាន​គំរាម​នាង​មិន​ឲ្យ​ប្រាប់​​គេ​ទេ​។ ​រីឯ​ជនសង្ស័យ​មិនទាន់​បាន​សារភាព​ទេ​។ ប៉ុន្តែ​យ៉ាងណា​សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​​ដោយ​ផ្អែកលើ​លិខិត​កោសល្យវិច័យ និង​ចម្លើយ​របស់​ក្មេងស្រី​​រងគ្រោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​មាន​ភ័ស្តុតាង​រឹងមាំ គឺ​លិខិត​កោសល្យវិច័យ​ពី​គ្រូពេទ្យ និង​ចម្លើយ​ក្មេងរងគ្រោះ​វា​ស៊ីចង្វាក់​គ្នា​។ ​យើង​មិនមែន​ចេះតែ​ដាក់បន្ទុក​ជនសង្ស័យ​ទេ​តែ​ភ័ស្តុតាង​​បង្ហាញ​ថា​មាន​បទល្មើស​»៕