ភ្នំពេញៈ ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បញ្ជូនទៅ​សាលាដំបូង​រាជធានី-ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​លួច​រថយន្ត​ ១ ​គ្រឿង​ ដោយ​ប្រើល្បិច​ផ្តាច់​ប្រព័ន្ធ​ GPS ​កាលពី​ថ្ងៃទី​ ១១ ​វិច្ឆិកា​ នៅ​សង្កាត់​ច្រាំងចំរេះ​ ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។

លោក​ឧត្តមសេនីយ៍ឯក ង៉េងជួ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ករណី​ជនសង្ស័យ​ឈ្មោះ Phan Van Ho អាយុ​ ២៩ ​ឆ្នាំ​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​លួច​​រថយន្ត​នោះ​ត្រូវ​បាន​សមត្ថកិច្ច​របស់​លោក​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ​ (​ថ្ងៃទី​ ១៣ វិច្ឆិកា​)​។

លោក​ថ្លែងថា​៖ «​បុរស​នោះ​ខាង​សមត្ថកិច្ច​របស់ខ្ញុំ​បាន​បញ្ជូន​គាត់​ទៅ​តុលាការ​នៅថ្ងៃនេះ​ហើយ (​ថ្ងៃទី​ ១៣ វិច្ឆិកា​) ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​បន្តទៀត​» ។

លោក​បាន​បញ្ជាក់ថា ការចាប់​ខ្លួន​ជនសង្ស័យ​រូបនេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​ម្ចាស់​រថយន្ត​ម៉ាក Prius ពណ៌​ស​ ១ ​គ្រឿង ពាក់ស្លាក​លេខ​ភ្នំពេញ​ 2Y-8393 ដោយ​សមត្ថកិច្ច​របស់​លោក​បាន​សហការ​ជាមួយ​នគរបាល​ខណ្ឌឫស្សីកែវ ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ​លោក ម៉ក់ សុភ័ណ្ឌ នាយ​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​ ១ ខណ្ឌ​ឫស្សីកែវ​បាន​ឲ្យ​ដឹង​ដែរ​ថា​ជនសង្ស័យ​ឈ្មោះ Phan Van Ho រូបនេះ បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​នៅ​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ច្រាំងចំរេះ ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​។ ​ឯ​ការចាប់ខ្លួន​គឺ​សមត្ថកិច្ច​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ និង​សមត្ថកិច្ច​នគរបាល​នៅក្នុង​ខណ្ឌឫស្សីកែវ​បាន​សហការគ្នា​ទើប​អាច​ឈាន​ទៅ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​បាន​។

តាម​ចម្លើយ​របស់​ជនសង្ស័យ​ដែល​សមត្ថកិច្ច​បាន​កត់​ត្រាទុក​បាន​បង្ហាញ​ថា ជនសង្ស័យ​រូប​នេះ​បាន​សារភាពថា ពិតជា​​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​ម៉ាក Prius ប្រាកដ​មែន ហើយ​សកម្មភាព​បែប​នេះ មិនមែន​​រូបគេ​ទើប​តែ​ធ្វើ​ជា​លើក​ទី​ ១ ​នោះ​ទេ ប៉ុន្តែ​កន្លងមក​គេ​ក៏​ធ្លាប់​​លួច​រថយន្ត​បាន​ចំនួន​ពី​ ២ ​ទៅ​ ៣ ​គ្រឿង​មកហើយ​ដែរ​។ ​សម្រាប់​​រថយន្ត​ណា​ដែល​ប្រើ smart key ចាប់ពី​ស៊េរី​ឆ្នាំ ២០០៩ ចុះក្រោម​គឺ​គេ​មិន​ពិបាក​ក្នុង​ការលួច​ឡើយ ដោយ​ប្រើ​ពេល​ត្រឹមតែ​ ២ ​នាទី​ប៉ុណ្ណោះ ពីព្រោះ​ខ្លួន​មាន​ឧបករណ៍​មួយ​កំប្លេ​ក្នុងនោះ​មាន​ទាំង​ឧបករណ៍​ផ្ដាច់ GPS និង​ឧបករណ៍​ភ្ជាប់​ជាមួយ smart key ដែល​ឧបករណ៍​ទាំងនេះ គេ​បាន​យក​មក​ពី​ប្រទេស ​វៀតណាម ៕