ភ្នំពេញៈ នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនបុរសវៀតណាមម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញពីម្សិលមិញពាក់ព័ន្ធសារធាតុញៀនជាង ៣១ គីឡូក្រាម ក្រោយចាប់ខ្លួនកាលពីថ្ងៃទី ១៥ មិថុនានៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ឯមនុស្ស ៦ នាក់ និងគ្រឿងញៀន ៣១ គីឡូផ្សេងទៀតក៏ត្រូវបានចាប់នៅប្រទេសវៀតណាមកាលពីថ្ងៃទី ១៣ មិថុនា ដែលជនសង្ស័យថា គ្រឿងញៀននោះនាំពីប្រទេសកម្ពុជា។
លោក អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀនប្រាប់ពីម្សិលមិញថា បុរសជនជាតិវៀតណាមម្នាក់ឈ្មោះ NGUYEN NGOC QUI ត្រូវបាននគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពីម្សិលមិញពាក់ព័ន្ធសារធាតុគ្រឿងញៀនជាង ៣១ គីឡូក្រាម។
លោកបន្តថា ជនសង្ស័យជនជាតិវៀតណាមម្នាក់នេះខាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមិនទាន់កំណត់ថាមានការជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទម្ងន់ ៣១ គីឡូក្រាម ដែលខាងអាជ្ញាធរវៀតណាមចាប់បានកាលពីថ្មីៗនេះឬយ៉ាងណាទេ។
លោកថា៖ «បទល្មើសគ្រឿងញៀននេះ នៅប្រទេសវៀតណាម គេបានចាប់ជនសង្ស័យ និងគ្រឿងញៀនចំនួន ៣១ គីឡូក្រាមដែរ។ ប៉ុន្តែយើងមិនទាន់កំណត់ថាជាបក្ខពួកតែមួយឬយ៉ាងណាទេតែយើងកំពុងផ្ទៀងផ្ទាត់រឿងនេះ»។
លោកបន្តថា កាលពីថ្ងៃទី ១៥ មិថុនាកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំចុះប្រតិបត្តិការដោយលោក សារី បុត្រសត្យា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម ដែលជានាយករងមន្ទីរដែរ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណីនៅផ្ទះលេខ ៥៧E1 ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកថា ប្រតិបត្ដិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ NGUYEN NGOC QUI ភេទប្រុស ជនជាតិវៀតណាម និងរឹបអូសវត្ថុតាងជាសារធាតុញៀនទម្ងន់ ៣១,៧០៥.០៦ ក្រាមរួមមាន កេតាមីនរាវ Ketamine ៣០០០ ដប ទម្ងន់ ៣១,៦៥០ ក្រាម កេតាមីន Ketamine ម្សៅក្រាម ១ ថង់ទម្ងន់ ៤,៤៨ ក្រាម អ៊ិចស្តាស៊ី MDMA ទម្ងន់ ៣៣,២៨ ក្រាម មេតំហ្វេតាមីន ICE ទម្ងន់ ៤,០៩ ក្រាម មេតំហ្វេតាមីនគ្រាប់ទម្ងន់ ១៣,២១ ក្រាម រថយន្ត ១ គ្រឿង និងទូរស័ព្ទដៃ ១ គ្រឿង៕