កំពង់ស្ពឺៈ សមត្ថកិច្ចនគរបាលខេត្តកំពុងរៀបចំបញ្ជូនបុរសជាជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តកំពង់ស្ពឺនៅថ្ងៃនេះ បន្ទាប់ពីចាប់ខ្លួនកាលពីថ្ងៃទី ២៧ កក្កដា ពាក់ព័ន្ធករណីសម្លាប់ម្ចាស់បំណុលរួចយកទៅចងកនៅដើមឈើ ដោយសារជំពាក់លុយ ១២ ០០០ ដុល្លារ ប្រព្រឹត្តនៅភូមិអន្លង់ស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក សម សាក់ ស្នងការរងនគរបាលខេត្តកំពង់ស្ពឺទទួលផែនព្រហ្មទណ្ឌ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជនសង្ស័យក្នុងរឿងនេះឈ្មោះ ខូវ លីហាក់ អាយុ ២៨ ឆ្នាំ រស់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ជុំ ចន្ធូ អាយុ ២៤ ឆ្នាំរស់នៅភូមិថ្លុកឈើទាល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោកបន្តថា ជានីតិវិធីក្រោយពីចាប់ខ្លួន ២៤ ម៉ោង គឺត្រូវបញ្ជូនជនសង្ស័យទៅតុលាការដែលផុតកំណត់ត្រឹមថ្ងៃទី ២៩ កក្កដា។
ប៉ុន្តែដោយសារសំណុំរឿងនេះស្មុគស្មាញច្រើន សមត្ថកិច្ចលោកក៏បានសុំគោលការណ៍ពីព្រះរាជអាជ្ញាបន្តរក្សាទុកជនសង្ស័យ ១ ថ្ងៃទៀត ដើម្បីបញ្ចប់សំណុំរឿង។
លោក សម សាក់ ប្រាប់ថា៖ «រឿងវាមានការស្មុគស្មាញច្រើនពេក ដូច្នេះខ្ញុំនៅបូកសរុបរបាយការណ៍បញ្ចប់សិន តែថ្ងៃស្អែកទី ៣០ កក្កដា គឺខាងខ្ញុំបញ្ជូនជននោះទៅតុលាការហើយ»។
លោក សម សាក់ រៀបរាប់តាមសម្តីអ្នកភូមិថា មុនមានព័ត៌មានពីឃាតកម្មនេះគឺបុរសអ្នកភូមិអន្លង់ស្នោម្នាក់ឈ្មោះ កែវ ហ៊ីង អាយុ ៥៤ ឆ្នាំ បានបាត់គោ ១ ក្បាល ហើយគាត់បានដើររកនៅតាមព្រៃរបោះក្បែរជើងភ្នំក្នុងភូមិ។ ពេលនោះគាត់ក៏ប្រទះឃើញសពស្ត្រីម្នាក់ចងកនៅចំណុចភ្នំទទឹង ហើយក៏រាយការណ៍ប្រាប់នគរបាលឃុំស្គុះ។
លោកបន្តថា បន្ទាប់ពីទទួលព័ត៌មាននេះសមត្ថកិច្ចរបស់លោកផ្នែកព្រហ្មទណ្ឌ បានចុះដល់កន្លែងកើតហេតុ។ ពេលនោះនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យបង្អែកខេត្តកំពង់ស្ពឺបានធ្វើកោសល្យវិច័យ និងបានសន្និដ្ឋានរួមគ្នាថា សពស្ត្រីនោះស្លាប់ដោយអំពើមនុស្សឃាត ព្រោះនៅលើក្បាលសពផ្នែកខាងឆ្វេងមានស្នាមបែក។
លោកបានបន្តថា ក្រោយពីសមត្ថកិច្ចស្រាវជ្រាវល្អិតល្អន់ទើបដឹងថា ស្ត្រីរងគ្រោះធ្លាប់រាប់អានគ្នាជាមួយជនសង្ស័យ។ បន្ទាប់មកលោកស្នងការខេត្ត សម សាមួន បានសុំកិច្ចសហការពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីស្រាវជ្រាវចាប់ខ្លួន។ លុះស្រាវជ្រាវពេញ ១ ថ្ងៃ ទើបឈានដល់ការចាប់ខ្លួនបាននៅថ្ងៃទី ២៧ កក្កដា នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន។
លោកប្រាប់តាមសម្តីសារភាពរបស់ជនសង្ស័យថា រូបគេបានស្គាល់ស្ត្រីរងគ្រោះក្នុងខែឧសភា ឆ្នាំ ២០២០ ដែលជនរងគ្រោះជាស្ត្រីមេម៉ាយគ្មានកូន។
នៅក្នុងខែនោះស្ត្រីរងគ្រោះបានពឹងជនសង្ស័យឲ្យជួយលក់រថយន្តប្រភេទបែន ១ គ្រឿង។ បន្ទាប់ពីលក់រថយន្តបានលុយ ១៩ ០០០ ដុល្លារ ជនសង្ស័យក៏បានដកយកលុយនោះចំនួន ១២ ០០០ ដុល្លារទៅទិញម៉ូតូ ១ គ្រឿងម៉ាក Z KaVaski។ តែដោយសារខ្លួនគ្មានលុយសងវិញ ក៏បានរៀបចំគម្រោងសម្លាប់ស្ត្រីរងគ្រោះតែម្ដង។
លោកបានបន្តតាមសម្តីជនសង្ស័យទៀតថា លុះនៅថ្ងៃទី ២៦ ខែកក្កដា រូបគេបានទូរស័ព្ទបបួលស្ត្រីរងគ្រោះទៅដើរលេងនៅព្រៃភ្នំទទឹងក្នុងភូមិអន្លង់ស្នោ (កន្លែងប្រព្រឹត្តបទល្មើស) ហើយឆ្លៀតឱកាសដែលស្ត្រីរងគ្រោះកំពុងភ្លេចខ្លួន រូបគេបានយកពិលវាយស្ត្រីរងគ្រោះរហូតបែកក្បាលស្លាប់ទៅ។
បន្ទាប់មករូបគេក៏យកជនរងគ្រោះទៅចងកនឹងខ្សែនីឡុងរួចព្យួរលើមែកឈើ (ស្ថានភាពសពអង្គុយផ្ទាល់ដី) ដើម្បីបង្វែងដានថាស្លាប់ដោយចងក។ ចំណែកឯម៉ូតូ ១ គ្រឿង ម៉ាកហ្សូមឺ និងគ្រឿងអលង្ការរួមមាន ប្លាទីន និងចិញ្ចៀនមាសមួយចំនួន រូបគេបានយករត់គេចខ្លួនរហូតដល់ថ្ងៃសមត្ថកិច្ចចាប់ខ្លួនបាន៕