ភ្នំពេញៈ នគរ​បាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ​ បាន​បញ្ជូន​បុរស​សង្ស័យ​ ២​ នាក់​ និង​ស្រ្តី​ម្នា​ក់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​​ម្សិលមិញ​ បន្ទាប់​ពី​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ៥ សីហា ​នៅ​ខណ្ឌ​ច្បារ​អំពៅ និង​ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ចម្រុះចំ​នួ​ន​ ២​,​១​១​១​ គី​ឡូ​ក្រាម​។

លោក​ វ៉ាន់​ កុសល ​នាយក​រង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ​ប្រាប់​ពី​ម្សិល​មិ​ញ​ថា​ ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​របស់​លោក​ចាប់​ខ្លួនបាន​ពាក់​ព័ន្ធ​គ្រឿង​ញៀននេះ​ទី​១-ឈ្មោះ​ អាន​ វាសនា​ ភេទប្រុស អាយុ ៣​៨ ​ឆ្នាំ​​ ​ទី​២-​ ឈ្មោះ ​ម៉ែន​ សុទ្ធ​សំ​ណាង ​ភេទប្រុស អាយុ ២​៦​ ឆ្នាំ​ និង​ទី​៣-ឈ្មោះ ​សេក​ ស្រី​ប៉ុច​ ភេទ​ស្រី​ អាយុ​ ៣១ ​ឆ្នាំ។​ ​ពួកគេ​ទាំង​ ៣​ នាក់​នេះ ​ត្រូវបានសមត្ថ​កិច្ច​របស់​លោក​​​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធា​នី​ភ្នំពេញ​ហើយនៅ​រសៀល​ថ្ងៃ​នេះ ​(ថ្ងៃ​ទី​៧​ សីហា​)​។​

​លោកបាន​ថ្លែង​ថា​៖​​ «​ពាក់​ព័ន្ធ​រឿង​នេះ​ សមត្ថ​កិច្ច​​របស់​យើង​បា​ន​បញ្ចប់​នីតិ​វិធី​នៅ​ត្រឹម​ថ្ងៃ​នេះ ​(ថ្ងៃ​ទី​ ៧ ​សីហា)​ ហើយ​បញ្ជូន​ក្រុម​ជន​សង្ស័យ​បន្ត​​ទៅ​តុលា​ការ​នៅ​រសៀល​ថ្ងៃនេះ​ដែ​រ​ ​»។

លោក​ប្រា​ប់ថា​​ មុន​មាន​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​ ៣​ នាក់​ខាង​លើ​ ​គឺ​​សមត្ថកិច្ច​​នៃ​មន្ទីរ​ប្រឆាំង​គ្រឿ​ងញៀន​បាន​ធ្វើ​ជា​អ្នក​បញ្ជា​ទិញ​ហើយ​បានទាក់​ទង​ទៅ​ស្រ្តីឈ្មោះ​ សេក​ ស្រី​ប៉ុច ​នៅ​ម្តុំ​វត្ត​និរោធ សង្កាត់និរោធ ខណ្ឌច្បារ​អំពៅ ដោយ​ស្រ្តី​សង្ស័យ​ប្រាប់​ថា​ គេ​មាន​ថ្នាំ​ញៀន​តែ​ ៦៦​ គ្រាប់​ទេ​ ហើយ​សមត្ថ​កិច្ច​ថា​ ចំនួន ​៦៦ គ្រាប់​ក៏​យក​ដែរ​ ។ បន្ទាប់​មក​សមត្ថ​កិច្ច​​សួរ​ទៅ​ស្រ្តី​សង្ស័យ​នោះ​ទៀត​ថា​ គាត់​បញ្ជា​ទិញ ​១ ​ពាន់​គ្រាប់​ទៀត​ តើ​មាន​ទេ​? ហើយ​ស្រ្តី​សង្ស័យ​ប្រាប់​ថា​ ថ្នាំ​ញៀន​ ១​ ពាន់​គ្រាប់​ គេ​រក​ឲ្យ​បាន​ហើយ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ណាត់​ជួប​គ្នា​​ដើម្បី​ដោះដូរ​ទំនិញ​ហើយក៏ចាប់​បាន​ស្រ្តី​រូប​នោះ​នៅ​ថ្ងៃទី ៥ សីហា ​​តែ​ម្តង ។

លោកបានប្រាប់​បន្ត​ថា​ បន្ទាប់​ពី​​ចាប់​ខ្លួន​ស្រ្តី​សង្ស័យ​រូប​នេះ​ហើយ​ សមត្ថ​កិច្ច​ក៏​បានឲ្យ​ស្រ្តីម្នាក់​នេះ​នាំ​ទៅ​រក​បក្ខពួក​គ្នា​គេ​បន្ត​ទៀត​ ទើបឈាន​ដល់​ចាប់​ខ្លួន​បាន​បុរស​សង្ស័យ​ ២ នា​ក់​ទៀត នៅ​ក្នុង​ថ្ងៃ​តែ​មួយ​។ ក្នុង​នោះ​គោល​ដៅទី​១​ នៅចំ​ណុច​ផ្ទះ​ហ្គេ​មអុីនធឺណិ​ត ៧៧៧៧ ខាង​ក្រោយ​ផ្សារ​សុវណ្ណា​ សង្កាត់​ទំនប់​ទឹក ខណ្ឌចំ​កា​រមន និងគោល​ដៅទី២ នៅ​ចំណុច​ក្នុង​ផ្ទះ​លេខ​ ២៨AZ ផ្លូវ​លេខ​ ២៧៨ សង្កាត់​អូ​ឡាំពិក ​ខណ្ឌ​ចំការ​មន រាជ​ធានីភ្នំ​ពេញ។ ចំពោះ​គ្រឿង​ញៀន​ដែល​សមត្ថ​កិច្ច​ដក​ហូត​បាន​រួម​មាន​ ថ្នាំ​ញៀន​ប្រភេទ​ (W​Y​)​ ថ្នាំ​គ្រ​វី​ និង​ថ្នាំអិចស្តាហ្ស៊ីគ្រាប់​មាន​ទម្ងន់​ ១​៧​៧​,​៦​៤​ ក្រាម​ និង​ថ្នាំ​ប្រភេទ​ម្សៅ​សម្រាប់​កែច្នៃ​ផ​លិ​តជា​ថ្នាំញៀ​​ន​មេតំ​ហ្វេ​តាមី​ន​និង​ថ្នាំញៀ​ន​គ្រវី) ទម្ងន់​ ១​​ ៩​៣​៣​,​៩​៦ ​ក្រា​ម​ សរុប​ទម្ងន់​ ២,១១១ គីឡូ​ក្រាម ​។

លោក​បញ្ជាក់​ថា៖​ «ថ្នាំ​ប្រភេទ​ម្សៅ​នោះ​ គឺ​ជន​ល្មើស​ប្រើ​សម្រាប់​លាយ​ផ្សំបា​នជា​ប្រភេទ​គ្រឿង​ញៀន​មេតំ​ហ្វេ​តា​មីន​ផង​ និង​បាន​ជា​ប្រភេទ​គ្រឿងញៀនអិចស្តា​ហ្ស៊ីផង។ កន្ល​ង​ម​ក មា​ន​កា​រ​កែច្នៃ​ថ្នាំ​ញៀ​​នច្រើ​ន​នៅក្នុង​រា​ជធា​នី​ភ្នំពេញ​​របស់យើង »​៕