សៀមរាបៈ សមត្ថកិច្ច​ការិយាល័យ​ជួញ​ដូរ​មនុស្ស​ខេត្ត​សៀមរាប ​បាន​បញ្ជូន​បុរស​ជនជាតិ​អាមេរិ​កាំង​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត​កាល​ពី​​ម្សិលមិញ​​ ក្រោយ​ពី​ឃាត់​ខ្លួន​​នៅ​ក្រុង​សៀមរាប កាល​ពី​ថ្ងៃទី ​២១ សីហា ​តាម​បណ្តឹង​ពី​ម្តាយ​ក្មេង​ប្រុស​ម្នាក់​ពាក់ព័ន្ធ​នឹង ​អំពើ​អាស​ ប្រព្រឹត្ត​កាល​ពី​ថ្ងៃទី ​១៤​ ខែ ​សីហា​ ឆ្នាំ​នេះ។

លោក ​ជា ​ហេង​ ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​សៀមរាប​ ប្រាប់​កាល​ពី​​ម្សិលមិញ​ថា​ ​​ជនសង្ស័យ​​ជនជាតិ​អាមេរិកាំង​រូប​នោះ​ ឈ្មោះ​​ Robinson​ Shaun​ Earl​ (​ហៅ​ សន​ រឺ​ ហៅ​ចន​)​ អាយុ ៤០ ​ឆ្នាំ​ ជា​អ្នក​ទេសចរ​ស្នាក់នៅ​បណ្តោះ​អាសន្ន​ នៅ​​ក្រុង​សៀមរាប។​

លោក​​ថា​​៖ ​«ជន​សង្ស័យ​ម្នាក់​នេះ ត្រូវ​ម្តាយ​ក្មេង​ប្រុស​ប្តឹង​ហើយ​សមត្ថកិច្ច​របស់​ខ្ញុំ​បាន​ស្រាវជ្រាវ​ចាប់​ខ្លួន​គាត់​បាន​ បន្ទាប់​ពី​ទទួល​បណ្តឹង​បាន​ប៉ុន្មាន​ថ្ងៃ​​​​»។ ​

លោក​បាន​បន្ត​ថា ​ក្នុង​ពាក្យ​បណ្តឹង​នោះ​ ស្រ្តី ​ឈ្មោះ​​ ​សាន់​ ឃៀង​ អាយុ ​៤១ ​ឆ្នាំ​ ជា​ម្តាយ​ក្មេង​ប្រុស​រងគ្រោះ បាន​រៀប​រាប់​ថា ​កាល​ពី​យប់​ថ្ងៃទី ​១៤ ​សីហា​ ខណៈ​​កូន​ប្រុស​របស់​គាត់​កំពុង​ដើរ​សុំ​លុយ​គេ ​(សុំទាន) ​នៅ​ម្ដុំ​ផ្សារ​ចាស់​ សង្កាត់​ស្លក្រាម​ ស្រាប់​តែ​ជួប​ជន​បរទេស​ម្នាក់ ​ឈ្មោះ ​​Robinson​​​ ​Sh​​a​u​n​​​ ​Earl ហើយ​កូន​គាត់​ក៏​បាន​សុំ​លុយ​ តែ​​ជន​នោះ​​បែរ​ជា​ហៅ​កូន​របស់​គាត់​ទៅ​បន្ទប់​ជួល​ទៅ​វិញ​។​បន្ទាប់​ពី​ទៅ​ដល់​បន្ទប់​ជួល​ ជនជាតិ​​បរទេស​រូប​នោះ​បាន​ឲ្យ​កូន​គាត់​ស្រាត​ខោ​ដេក​លើ​គ្រែ​ហើយ​ជន​នោះ​ក៏​លេង​​ប្រដាប់​ភេទ​កូន​​ប្រុស​គាត់​ ​និង​បាន​បង្គាប់​ឲ្យ​កូន​​របស់​គាត់​​លេង​ប្រដាប់​ភេទ​របស់​គេ​វិញ​រហូត​ចេញ​ទឹក​កាម។​ បន្ទាប់​ពី​ដេក​នៅ​ទី​នោះ​បាន​មួយ​យប់​ ​ព្រឹក​ឡើង​ថ្ងៃទី ​១៥​ សីហា​ បុរស​នោះ​បាន​ឲ្យ​លុយ​ទៅ​កូន​របស់​គាត់ ​២៥ ​ដុល្លារ ​ហើយ​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​។​

លោក​បន្ត​ថា​ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​​នោះ លោក​​បាន​​សុំ​យោបល់​ពី​ព្រះរាជ​អាជ្ញា​អម​​សាលា​ដំបូង​​ខេត្ត​សៀមរាប ​គឺ​លោក​ កើត​ វ​ណ្ណា​រ៉េត​ ហើយ​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ដោយ​ឲ្យ​ក្មេង​រងគ្រោះ​នាំ​ទៅ​​បង្ហាញ​ទីតាំង​នោះ​ ហើយ​បាន​ជួប​ជនសង្ស័យ​ក៏​ចាប់​ខ្លួន​តែ​ម្តង។​ចំណែក​វត្ថុតាង​មាន៖ Ipsy ១ ​គ្រឿង​,​ អង្គ​ចងចាំ ​១ ​គ្រឿង​,​ ដៃ​ហ្គេម​ក្មេង​លេង ​៣ ​គ្រឿង​,​ ទឹក​ថ្នាំ​រំអិល ​២ ​ដប​។​

លោក​ប្រាប់​ថា​ ក្រោយ​ពី​ចាប់​បាន​ជន​សង្ស័យ​ហើយ​​សមត្ថកិច្ច​បាន​ហៅ​ក្មេង​រងគ្រោះ​មក​សួរ​ហើយ​គេ​បាន​បំ​ភ្លឺ​ដូច​អ្វី​ដែល​មាន​រៀបរាប់​​នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​ដែរ​។

លោក ​ជា​ ហេង បាន​បញ្ជាក់​ថា៖ «ក្រោយ​ពី​មាន​ការ​បំភ្លឺ​​ដូច្នេះ​​ហើយ​ទើប​យើង​បាន​ឲ្យ​គាត់​ចង្អុល​បង្ហាញ​រូបថត​ទើប​យើង​ស្គាល់​អត្តសញ្ញាណ​ជន​សង្ស័យ​»។​

លោក​ប្រាប់​ថា ​ឈ្មោះ ​Robinson​ Shaun​ Earl​ (​ហៅ​ សន​ រី​ ហៅ ចន​)​ បាន​ឆ្លើយ​ថា​ខ្លួន​គេ ធ្លាប់​បាន​ហៅ​មនុស្ស​ប្រុស​ទៅ​ដេក​លេង​ហ្គេម​នៅ​ផ្ទះ​ជួល​នោះ ​តែ​មិន​បាន​ធ្វើ​អ្វី​ទេ​ ចំណែក​កុមារ​តូចៗ​មិន​បាន​យក​ទៅ​ទី​នោះ​ទេ​៕