កំពង់ស្ពឺៈ ​ស្នងការដ្ឋាន​​នគរបាល​​ខេត្ត​កំពង់ស្ពឺ​​ កាល​ពី​ម្សិលមិញ​ បាន​បញ្ជូន​បុរស​ម្នាក់​​ដែល​ចាប់​រំលោភ​ក្មេង​ស្រី​ទៅ​សាលា​ដំបូង​​ខេត្ត ​ក្រោយ​​ពី​ទទួល​បាន​ជន​នេះ​ពី​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​​មហាផ្ទៃ​ ​បន្ទាប់​ពី​ចាប់​ខ្លួន​បាន​កាល​ពី​ថ្ងៃទី ១៣ ឧសភា នៅ​ខណ្ឌពោធិ៍សែនជ័យ​​។​

លោក ​ជាវ​ វិបុល​ អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា​ ជន​សង្ស័យ​ ឈ្មោះ​ សំ​ ម៉ៅ​ អាយុ​ ៥៤ ​ឆ្នាំ​ គឺ​​ត្រូវ​បាន​​​ប្រគល់​​ឲ្យ​​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​ ​ហើយ​​ពី​ព្រោះ​​ខេត្ត​កំពង់ស្ពឺ​ជា​ម្ចាស់​ករណី​​។

លោក សំ​ សាមួន ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ឲ្យ​ដឹង​​ពី​ម្សិល​មិញ​ថា​ ជន​​សង្ស័យ ​សំ ​ម៉ៅ​ ត្រូវ​សមត្ថកិច្ច​ជំនាញ​​​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ ​នៅ​ថ្ងៃទី ​១៤ ​ឧសភា ​​បន្ទាប់​ពី​នាយកដ្ឋាន​​​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ប្រគល់​​ឲ្យ​។ «ជន​ម្នាក់​នេះ​​ត្រូវ​​​ចាប់​តាម​ដីកា​របស់​តុលាការ​»​។

លោក យ័ន្ត ​សន​ នាយនគរបាល​​ប៉ុស្តិ៍​ត្រពាំង​គង​ ស្រុក​ សំរោង​ទង​ បាន​​រំឭក​ប្រាប់​ពី​ម្សិលមិញ​ថា​ ក្មេង​ស្រី​រងគ្រោះ​ត្រូវ​ម្តាយ​ឪពុក​ចេញ​ទៅ​​ធ្វើ​ការ​នៅ​​​ស្រុក​ផ្សេង​ហើយ​បាន​ទុក​ក្មេង​​ស្រី​រងគ្រោះ​ឲ្យ​រស់នៅ​ជាមួយ​ជីដូន​។​

លុះ​នៅ​វេលា​ថ្ងៃ​ត្រង់​​ថ្ងៃទី ​៥ ​ខែ ​មិថុនា​​ ឆ្នាំ ២០១៩ ​ក្មេង​​​រងគ្រោះ​កំពុង​ស្រាត​ងូត​ទឹក​ ខណៈ​នោះ​ ជន​សង្ស័យ​បាន​​ចេញ​ពី​ផ្ទះ​ ហើយ​ចាប់​ដៃ​នាង​​អូស​ចូល​ព្រៃ​ចាប់​រំលោភ​រហូត​បាន​សម្រេច។​ ក្មេង​រង​គ្រោះ​​ប្រាប់​សមត្ថកិច្ច​​កាល​នោះ​ថា ​បន្ទាប់​ពី​ជន​សង្ស័យ​ធ្វើ​សកម្មភាព​​រំលោភ​​នាង​ហើយ​ ជន​សង្ស័យ​គំរាម​​ថា ​«បើ​និយាយ​រឿង​នេះ​ប្រាប់​គេ​ អញ​សម្លាប់​ចោល»​។ ប៉ុន្តែ​ក្រោយ​ថ្ងៃ​កើត​ហេតុ​នោះ​ ដោយ​ជីដូន​មាន​ការ​សង្ស័យ​ពី​​​អាការ​របស់​ចៅ​បាន​ហៅ​​នាង​សួរ​ ហើយ​នាង​​បាន​រៀបរាប់​ពី​ដំណើរ​រឿង​ប្រាប់​ជីដូន​​។​

លោក​បន្ត​​ថា​ ដំបូង​ឡើយ​ជីដូន​ក្មេង​ស្រីរង​គ្រោះ​ មិន​បាន​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឃុំ​ ត្រពាំង​គង​ របស់​លោក​ទេ​ ដោយសារ​គាត់​ចរចា​​សម្រួល​គ្នា​ជាមួយ​គ្រួសារ​​ខាង​​ជន​ល្មើស​ ប៉ុន្តែ​ដោយសារ​​ចរចា​មិន​ត្រូវ​គ្នា​ក៏​ជី​​ដូន​ក្មេង​ស្រី​រងគ្រោះ​​ ដាក់​ពាក្យ​បណ្តឹង​មក​ប៉ុស្តិ៍​​នគរបាល​របស់​លោក​​។

លោក ​យ័ន្ត សន ​ប្រាប់​ថា៖ «រឿង​​​នេះ ជី​ដូន​ក្មេង​រងគ្រោះ​ទុក​ដល់ ​១ ​អាទិត្យ​បាន​​ប្តឹង​ខ្ញុំ​ព្រោះ​គាត់​សម្រុះសម្រួល​គ្នា​មិន​ត្រូវ​»។ បើ​តាម​លោក សន ក្រោយ​ពី​​ទទួល​បាន​បណ្តឹង​សមត្ថកិច្ច​​បាន​ចុះ​ដល់​​ផ្ទះ​កើត​ហេតុ ដើម្បី​ហៅ​ជន​សង្ស័យ​សាកសួរ ​ប៉ុន្តែ​ជនសង្ស័យ​បាន​គេច​ខ្លួន​បាត់​ តាំង​ពី​ពេល​នោះ​មក​។ ទោះ​យ៉ាង​ណា​ លោក​បាន​ធ្វើ​របាយការណ៍​​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ហើយ​តុលាការ​ខេត្ត​កំពង់ស្ពឺ​​ ក៏​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ជន​សង្ស័យ។​ សមត្ថកិច្ច​ចាប់​ខ្លួន​ ​សំ ​ម៉ៅ​​ ​តាម​ដី​កា​បង្គាប់​របស់​សាលា​ដំបូង​​ខេត្ត​​កំពង់​ស្ពឺ។ «ដូច្នេះ​ជា​នីតិវិធី ​តុលាការ​នឹង​បញ្ជូន​គាត់​ទៅ​ឃុំ​នៅ​ពន្ធនាគារ​តែ​​​ម្តង​មិន​ចាំ​បាច់​សាក​សួរ​ទេ​​»៕