បន្ទាយមានជ័យ នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​​ បាន​បញ្ជូន​បុរស​ឥណ្ឌូ​នេ​ស៊ី​ ២ ​នាក់​ទៅ​សា​លា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី ២៤ ​ខែ​ឧស​ភា​នេះ​ បន្ទាប់​ពី​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​គ្រឿង​ញៀន ​២ ​កូន​ថង់​តូច ​នៅ​កា​ស៊ី​ណូ​លី​ហួត​ក្នុង​ក្រុង ​ប៉ោយ​ប៉ែត ​កាល​ពី​ទៀប​ភ្លឺ​​​ថ្ងៃ​ទី​ ២២ ​ខែ​ឧស​ភា​។​

លោក​ ចាប​ សុផារិទ្ធ​ ស្នង​ការ​រង​ទទួល​ផែន​បទ​ល្មើស​ប្រ​ឆាំង​គ្រឿង​ញៀន​ខេត្ត​នេះ​​​បាន​ឲ្យ​ដឹង​ថា ​បុរស​បរទេស​ទាំង​​នោះ ​ទី​១​-​​ឈ្មោះ ​​F​R​E​D​Y​​S​U​R​Y​A​N​D​I ​​អា​យុ​​ ៣​១ ​ឆ្នាំ ​និង​ទី ​២​-​ឈ្មោះ​ ​A​U​S​T​I​N​​F​A​N​G​ ​D​O​R​R​A​ ​អាយុ ​២១​ ឆ្នាំ​ ពួកគេ ជា​អ្នក​ទេសចរ​​ជាតិ​ឥណ្ឌូ​នេ​ស៊ី​ ។​

លោក​ប្រាប់​បន្ត​ថា ​ជន​សង្ស័យ​ទាំង​២​នាក់​ត្រូវ​​បាន​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សា​លា​ដំបូង​ខេត្ត​រួច​ហើយ​កាល​ពី​ព្រឹក​មិញ​​ដើម្បី​ឲ្យ​តុលា​ការ​បន្ត​នីតិ​វិធី​។​

លោក សុ​ផា​រិទ្ធ​ បញ្ជាក់​ថា​៖​«​ពួកគេ​យើង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​បន្ត​ទៅ​តុលា​ការ​ហើយ​យើង​បាន​សន្និ​ដ្ឋាន​ជា​បឋម​ថា​រក្សា​ទុក​គ្រឿង​ញៀន​ ដើម្បី​ប្រើ​ប្រាស់​។​ ធម្មតា​ ពេល​សមត្ថ​កិច្ច​បញ្ជូន​ជន​សង្ស័យ​ទៅ​ត្រូវ​ឆ្លង​កាត់​ព្រះ​រាជ​អា​ជ្ញា​ បន្ទាប់​មក​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅ​ក្រម​ស៊ើប​សួ​រ​ដើម្បី​ចោទ​ប្រកាន់​ហើយ​បញ្ជូន​ជន​នោះ​ទៅ​​ឃុំ​បណ្តោះ​អា​សន្ន​នៅ​ពន្ធនា​គារ​»​។​

លោក​ ធិន ​ស៊ីន​ដេត ​​អធិការ​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​បា្រប់​ឲ្យ​ដឹង​ដែរ​ថា​៖​«​ជន​សង្ស័យ​បាន​សារភាព​ចំពោះ​មុខ​សមត្ថ​កិច្ច​ថា​ពួកគេ​ពិត​ជា​បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន​​មែន​ហើយ​ពេល​សមត្ថ​កិច្ច​ពិនិត្យ​ទឹក​នោម​ឃើញ​ថា​​មាន​សារ​ធាតុ​ញៀន ​»​។​

តាម​របាយ​ការណ៍​នគរ​បាល​ក្រុង ​ប៉ោយ​ប៉ែត ​បង្ហាញ​ថា ​មុន​ឃាត់​ខ្លួន​ គឺ​​ពួក​គេ​មាន​ទំនាស់​​គ្នា​នៅកាស៊ី​ណូលី​ហួត​​។ ​ពេល​នោះ ​ក៏​ត្រូវ​ខាង​សន្តិ​សុខ​កាស៊ី​ណូ​នោះ​រាយ​កា​រណ៍​ទើប​សមត្ថ​កិច្ច​កោះ​​ហៅ​​មក​សួរ​នៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ ប៉ោយប៉ែ​ត​។ ​ខណៈ​សមត្ថកិច្ច​កំពុង​សួរ​ពួកគេ​​ក៏​ស្រាប់​ តែ​មាន​ជនបរ​ទេស​ ២ ​ទៅ ៣ នាក់ ​យក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ប្រភេទ​ មេតំ​ហ្វេ​តា​មីន ​២ ​កូន​ថង់​តូច​ហើយ​ប្រាប់​សមត្ថ​កិច្ច​ថា​​ជា​របស់​ក្រុម​ជន​សង្ស័យ​ទាំង​២​នាក់​នោះ​​។​

របាយ​ការ​ណ៍​​ដដែល​ថា​ បន្ទាប់​ពី​មាន​ការ​បង្ហាញ​គ្រឿង​ញៀន​ ​បុរសជន​សង្ស័យ​ជាតិ​ឥណ្ឌូ​នេ​ស៊ី​ទាំង ​២ នោះ ក៏​សារ​ភាព​ថា ​ជា​របស់​ពួក​គេ​មែន​តែ​គេ​ថាទិញ​មក​សម្រាប់​ជក់​ទេ​៕