រតនគិរីៈ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​កាលពី​ម្សិលមិញ​បាន​បញ្ជូន​បុរស​ជា​ជនសង្ស័យ​ ២ ​នាក់​ទៅ​កាន់​សាលាដំបូង​ខេត្តរតនគិរី​បន្ទាប់ពី​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​សម្លាប់​បុរស​ ២ ​នាក់ ប្រព្រឹត្ត​នៅ​ស្រុក​កូនមុំ​ ខេត្ត​រតនគិរី​កាលពី​ថ្ងៃទី​ ២៣ ខែ​កក្កដា កន្លងទៅ​។

លោក​ យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនសង្ស័យ​ឈ្មោះ សេត លី អាយុ​ ២៥ ​ឆ្នាំ​មាន​លំនៅ​ភូមិ​ស្រែពកធំ ឃុំ​​សិរីមង្គល ស្រុក​កូនមុំ ត្រូវ​បាន​​សមត្ថកិច្ច​ចាប់ខ្លួន​ពី​ថ្ងៃ​ទី​ ២ ខែ​​សីហា ឆ្នាំ​ ២០២០ នៅ​ចំណុច​ជាំភឹង ក្នុង​ភូមិ​ប្រមា ឃុំ​កំពង់ដំរី​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ លី ក្រីវាន់ អាយុ​ ២៨ ​ឆ្នាំ​ចាប់ខ្លួន​នៅ​ថ្ងៃទី​ ៣ ខែ​សីហា​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

លោក​ ចំណាន បាន​បន្តថា ការតាម​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​ ២ ​នេះ​គឺ​បន្ទាប់ពី​មាន​ករណី​ឃាតកម្ម​មួយ​នៅក្នុង​ចម្ការចេក​នៃ​ក្រុមហ៊ុន​ហ័ងអាញ់យ៉ាឡាយ​ក្នុង​ភូមិ​ស្រែពកធំ ឃុំ​សិរីមង្គល ស្រុក​កូនមុំ ខេត្ត​រតនគិរី កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា ។ ឃាតកម្ម​នេះ​បណ្ដាល​ឲ្យ​បុរស​ ២ ​នាក់​ស្លាប់ ដោយ​ម្នាក់​ឈ្មោះ បាក់ ណាន អាយុ​ ២២ ​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ គឹម សារឿន អាយុ​ ២៦ ​ឆ្នាំ​ដោយ​សាកសព​ពួកគេ​មាន​ស្នាម​ចាក់​នឹង​កាំបិត​ត្រូវចំ​បំពង់ក និង​ពោះ​ជាច្រើន​កាំបិត​។

លោក ចំណាន បាន​បញ្ជាក់ថា​៖ «​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ សេត លី ដែល​ជា​ជនដៃដល់​អំពើ​ឃាតកម្ម​នេះ​កើតឡើង​ដោយសារ​ជនរងគ្រោះ​ឈ្មោះ បាក់ ណាន បាន​ប្រព្រឹត្ត​អំពើ​សហាយស្មន់​ជាមួយ​ប្រពន្ធ​ជនដៃដល់​ធ្វើឲ្យ​ជនដៃដល់​ចងគំនុំ និង​រក​ឱកាស​សម្លាប់​ដើម្បី​សងសឹក​»​។

បើ​តាម​លោក​ ចំណាន នៅ​ល្ងាច​ថ្ងៃកើតហេតុ ជនរងគ្រោះ​ទាំង​ ២ ​នាក់​បាន​ផឹកស្រា​ស្រវឹង​ហើយ​នាំគ្នា​ទៅរក​ឆ្លុះ​កង្កែប​នៅក្នុង​ដីចម្ការ​ចេក​របស់​ក្រុមហ៊ុន​ហង័អាញ់យ៉ាឡាយ​។ ដោយ​ឃើញ​ឱកាសល្អ ជនដៃដល់​ក៏​ជិះ​ម៉ូតូ​ទៅ​ស្ទាក់ផ្លូវ​មុន ហើយ​លួច​ចាក់​ជនរងគ្រោះ​ទាំង​ ២ ​បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង​។ ​បន្ទាប់មក ជនដៃដល់​បាន​គេច​ទៅ​លាក់ខ្លួន​នៅ​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ ។ លុះ​ក្រោយមក​​ដោយ​មាន​ការបញ្ចេះ​ពី​ឈ្មោះ លី ក្រីវាន់ ជា​បងថ្លៃ​ជនដៃដល់​ក៏បាន​គេច​មក​នៅផ្ទះ​សាច់ញាតិ​របស់ លី ក្រីវាន់ នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​រហូត​ដល់​ថ្ងៃ​ចាប់ខ្លួន ។

លោក​ថា​៖ «​បច្ចុប្បន្ន​សំណុំ​រឿង​បទល្មើស​ឃាតកម្ម និង​ជនសង្ស័យ​ទាំង​ ២ ​នាក់​នេះ​ត្រូវ​បាន​​កម្លាំង​នគរបាល​ជំនាញ​របស់​យើង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​រតនគិរី ដើម្បី​មាន​ចំណាត់​ការបន្ត​តាម​នីតិវិធី »​។

ជុំវិញ​ករណី​នេះ​លោក រ៉ាបូរ៉ាន់នី ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង​ ២ ​នាក់​ក្នុង​សំណុំ​រឿងនេះ​កំពុង​ស្ថិត​ក្រោម​ការសាកសួរ​របស់​តំណាង​អយ្យការ​នៅ​ឡើយ​៕