ភ្នំពេញៈ នគរបាលខណ្ឌកំបូលបានកសាងសំណុំរឿងបញ្ជូនបុរស ២ នាក់បងប្អូនបង្កើតទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៨ មីនានេះ បន្ទាប់ពីបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីយកកាំភ្លើងបាញ់សត្វបាញ់ត្រូវក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ បណ្ដាលឱ្យស្លាប់ ប្រព្រឹត្តកាលពីថ្ងៃទី ៦ មីនា នៅភូមិលិចវត្តសង្កាត់-ខណ្ឌកំបូល រាជធានី-ភ្នំពេញ។
លោក ហង្ស មុន្នី អធិការនគរបាលខណ្ឌកំបូលឱ្យដឹងពីម្សិលមិញថា ជនសង្ស័យមានឈ្មោះ ឌុត សុគន្ធារ៉ា អាយុ ៤១ ឆ្នាំ និង ឌុត សុគន្ធរ៉ាវ័ន្ត ជាបងប្អូនប្រុសបង្កើត។ រីឯក្មេងប្រុសរងគ្រោះឈ្មោះ សារឿន ប៊ុនថា អាយុ ១៤ ឆ្នាំ រៀនថ្នាក់ទី ៨ នៅអនុវិទ្យាល័យបែកចាន និងរស់នៅក្នុងមណ្ឌលអង្គការសង្គ្រោះជនអស់សង្ឃឹម។ ចំណែកជនសង្ស័យទាំង ២ នាក់សមត្ថកិច្ចលោកត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី ៨ មីនានេះហើយ។
លោកបានថ្លែងថា៖ «ជនសង្ស័យទាំង ២ នាក់នេះសមត្ថកិច្ចខ្ញុំបានបញ្ចប់ការសួរចម្លើយហើយ ហើយនឹងបញ្ជូនទាំងកំណត់ហេតុ និងជនសង្ស័យទៅតុលាការបន្តទៀត។ ចំពោះការផ្តន្ទាទោសយ៉ាងណានោះគឺអាស្រ័យលើឆន្ទានុសិទ្ធិតុលាការ»។
ដោយឡែកលោក ភិន ភាព នាយនគរបាលប៉ុស្តិ៍កំបូលបញ្ជាក់ប្រាប់ពីម្សិលមិញតាមសម្តីសាក្សីជាមិត្តភក្តិក្មេងរងគ្រោះថា មុនកើតហេតុនៅម៉ោងប្រហែល ៥ ល្ងាច ថ្ងៃទី ៦ មីនា គេបានឃើញរថយន្ត ១ គ្រឿងពណ៌សម៉ាក REXTRON ពាក់ស្លាកលេខ ខ.ម-0282 បានបើកសំដៅទៅឈប់នៅដីវាល ១ កន្លែងក្នុងភូមិលិចវត្ត សង្កាត់កំបូលជាកន្លែងកើតហេតុ។ ពេលនោះគេឃើញជនទាំង ២ នាក់បានចុះពីលើរថយន្តដោយនៅក្នុងដៃមានកាន់កាំភ្លើងបាញ់សត្វ ១ ដើមផង។
លោកបន្តថា ពេលជនសង្ស័យកំពុងដើរបាញ់សត្វក៏មានក្មេងប្រុសចំនួន ៤ នាក់ទៅលេងនៅដីវាលនោះដែរ ដែលមានចម្ងាយប្រហែល ១០០ ម៉ែត្រពីក្រុមជនសង្ស័យ។ ពេលនោះមានក្មេងប្រុសម្នាក់ក្នុងចំណោម ៤ នាក់បានចូលបត់ជើងក្នុងព្រៃរបោះ រីឯក្មេងប្រុសផ្សេងទៀតអង្គុយនៅលើដីទួល។ ខណៈក្មេងប្រុសរងគ្រោះកំពុងឈរ ស្រាប់តែគ្រាប់កាំភ្លើងបានហោះមកត្រូវខាងក្រោមភ្នែកឆ្វេងបណ្ដាលដួលស្លាប់នៅកន្លែងកើតហេតុតែម្តង។
លោកបានឱ្យដឹងទៀតថា ក្រោយហេតុការណ៍ពលរដ្ឋបានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍កំបូល ហើយសមត្ថកិច្ចរបស់លោកក៏បានចុះដល់កន្លែងកើតហេតុភ្លាមៗ។ គ្រានោះលោកបានឃើញក្មេងរងគ្រោះដេកស្លាប់នៅលើដីដោយមានឈាមហូរជោកដីផង។
ពេលលោកក៏បានឃាត់ជនសង្ស័យ ២ នាក់យកមកសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់កំបូលហើយពួកគេបានឆ្លើយថា ពិតជាប្រើកាំភ្លើងខ្យល់ដើរបាញ់សត្វនៅទីនោះមែន៕