ពោធិ៍សាត់ៈ ​នគរបាល​ខេត្តពោធិ៍សាត់​បាន​បញ្ជូន​ជនសង្ស័យ​ ៣ ​នាក់ ​ទៅ​សាលាដំបូង​ខេត្ត​ពី​​ថ្ងៃរសៀល​ម្សិលមិញ បន្ទាប់ពី​ចាប់ខ្លួន​ពីថ្ងៃ​ទី​ ៣ មីនា ពាក់ព័ន្ធ​ករណី​កាប់​គូទំនាស់​ដាច់​ក​ស្លាប់​ និង​ម្នាក់ទៀត​របួសធ្ងន់​ប្រព្រឹត្ត​ពី​យប់​ថ្ងៃទី​ ១៦ កុម្ភៈ ឆ្នាំ​ ២០២១ នៅ​ភូមិ​ស្ថានីយ សង្កាត់​ស្វាយអាត់ ក្រុង-ខេត្តពោធិ៍សាត់​។

លោក ម៉ូ លីដា ស្នងការរង​នគរបាល​ខេត្ត​នេះ​ឱ្យ​ដឹងពី​ម្សិលមិញ​ថា ជនសង្ស័យ​ទី​១- ​ឈ្មោះ កោះ បញ្ញា អាយុ​ ១៨ ​ឆ្នាំ​,​ ទី​២ ឈ្មោះ សារឿន រដ្ឋា អាយុ​ ១៩ ​ឆ្នាំ​។ ទាំង ២ ​នាក់ រស់នៅ​ក្រុង​ពោធិ៍សាត់​ និង​ទី​៣- ​ឈ្មោះ​ ធុជ វុទ្ធី អាយុ​ ១៧ ​ឆ្នាំ រស់នៅ​ឃុំ​ត្នោតជុំ ស្រុក​ក្រគរ​។ រីឯ​អ្នកស្លាប់​ឈ្មោះ ជួប សុខលី រស់នៅ​ឃុំ​បាក់ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ។

លោក​ថា​៖ «​យើង​បញ្ជូន​ជន​ទាំង​ ៣ ​នាក់​នេះ​ទៅ​តុលាការ​នៅ​រសៀល​នេះហើយ​ (​ថ្ងៃទី​ ៤ ​មីនា​) ​ប៉ុន្តែ​យើង​មិនទាន់​កំណត់ថា ជន​ណា​ម្នាក់​ជា​ជនដៃដល់​ពិតប្រាកដ​ទេ ព្រោះ​ពួកគេ​ឆ្លើយ​ដាក់គ្នា​។

ប៉ុន្តែ​នឹង​មាន​ការសាកសួរ​ពី​តុលាការ​បន្តទៀត​»​។

បើតាម​លោក លីដា ចម្លើយ​ក្រុម​ជនសង្ស័យ​ថា ពួកគេ​មាន​​គ្នា​ ១២ ​នាក់ រីឯ​ក្រុម​ជនរងគ្រោះ​​មាន​គ្នា​ ៥ ​នាក់​។ ​ក្រុម​ទាំង​ ២ ​ធ្លាប់​​មាន​គំនុំ​គ្នា ហើយ​នៅ​យប់កើតហេតុ​ពួកគេ​បាន​ជួបគ្នា​នៅមុខ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ក្នុង​ភូមិ​ស្ថានីយ សង្កាត់​ស្វាយអាត់ ​ក្រុង-ខេត្តពោធិ៍សាត់​។ ពេលនោះ​ក្រុម​ជនសង្ស័យ​បាន​យក​ដាវ​សាមូរ៉ៃ​កាប់​ឈ្មោះ ជួប សុខលី ស្ទើរ​ដាច់​ក ស្លាប់​ភ្លាមៗ​។

រីឯ​ម្នាក់ទៀត​ឈ្មោះ​ ភា ធី អាយុ​ ១៩ ត្រូវ​គ្នីគ្នា​ជនសង្ស័យ​កាប់​ត្រូវ​ស្មា​ឆ្វេង​ ១ ​ដាវ ចំណែក​ភាគី​ជនរងគ្រោះ​ ៣ ​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួន​។

លោក​បន្តថា ក្រោយពី​សមត្ថកិច្ច​ស្រាវជ្រាវ សាក្សី​ប្រាប់ថា ឈ្មោះ សារឿន រដ្ឋា ជា​អ្នក​កាប់​ហើយ​សមត្ថកិច្ច​ក៏​ស្រាវជ្រាវ​ចាប់បាន​ ៣ ​នាក់​ពីថ្ងៃ​ទី​ ៣ មីនា​។

លោក​ថា​៖ «​យើង​បាន​សួរចម្លើយ​ជន​ទាំង​ ៣ ​នាក់ តែ​គ្មាន​​នរណា​ម្នាក់​សារភាព​ទេ គឺ​ឆ្លើយ​ដាក់គ្នា​។ ​ប៉ុន្តែ​ពួកគេ​ទទួលស្គាល់​​ពី​ការឈ្លោះ​កាប់​គ្នា​មែន​៕