ភ្នំពេញៈ ​ប្តី​ប្រពន្ធ​ ២ ​នាក់​ ត្រូវបាន​​សមត្ថកិច្ច​បញ្ជូនទៅ​តុលាការ​កាលពី​ម្សិលមិញ បន្ទាប់ពី​ចាប់ខ្លួន​នៅ​ឃុំ​ទ្រៀក ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​ពី​ថ្ងៃ​ទី​ ១៦ ​មករា ពាក់ព័ន្ធ​ករណី​ជួយ​លាក់​អាវុធ​ជនល្មើស​ដែល​បាញ់សម្លាប់​មន្ត្រី​នគរបាល​ម្នាក់​ក្នុង​ទំនាស់​រឿង​​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​រំលង​អធ្រាត្រ​យប់​ថ្ងៃទី​​ ២៩ ធ្នូ ឈាន​​ចូល​ថ្ងៃ​ ៣០ ​ធ្នូ នៅ​ភ្នំពេញ​។

លោក សុង លី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ពី​ម្សិលមិញ​ថា ជន​ទាំង​ ២ ​នាក់​មាន​ឈ្មោះ​ ហាយ ធីតា អាយុ​ ៣២ ​ឆ្នាំ រីឯ​ប្តី​ឈ្មោះ​ កាន់ ចាន់ណា អាយុ​ ៣១ ​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ ដក់ពរ ឃុំ ទ្រៀក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

អ្នក​ទាំង​ ២ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៨ មករា​។

លោក​ថ្លែងថា​៖ «​ជនសង្ស័យ​យើង​ចាប់​នៅ​ខេត្ត​ត្បូងឃ្មុំ តែ​យើង​មិន​បញ្ជូនទៅ​ខេត្ត​ត្បូងឃ្មុំ​វិញ​ទេ ព្រោះ​បក្ខ​ពួកគេ​ប្រព្រឹត្ត​បទល្មើស​នៅ​ភ្នំពេញ​។ ​ជនសង្ស័យ​ ២ ​នាក់​ប្តី​ប្រពន្ធ​នេះ​ពាក់ព័ន្ធ​រក្សា​អាវុធ​ខុសច្បាប់​»​។

ពាក់ព័ន្ធ​ការចាប់ខ្លួន ២ ​នាក់​ប្តីប្រពន្ធ​នេះ​ លោក ហុង គឹមហឿន អធិការនគរបាល​ស្រុក​មេមត់​ឲ្យ​ដឹង​ពី​ថ្ងៃទី​ ១៧ មករា​ថា ករណីនេះ​គឺ​ដោយសារ​ពួកគេ​បាន​លាក់​អាវុធ​ឲ្យ​ជនល្មើស ឈ្មោះ អ៊ា ណារ៉េន អាយុ​ ៣៨ ​ឆ្នាំ​ ដែល​បាន​បាញ់សម្លាប់​មន្ត្រី​នគរបាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភ្នំពេញ​។ ​សមត្ថកិច្ច​របស់លោក​គ្រាន់តែ​បាន​ចូលរួម​សហការ​ក្នុង​តួនាទី​ជា​ម្ចាស់​មូលដ្ឋាន​ប៉ុណ្ណោះ​។ ​ករណី​នេះ​គឺ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ និង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ជា​អ្នក​ចាប់ខ្លួន​ពួកគេ​ផ្ទាល់​។

លោក ព្រាប ភារ៉ាត់ នាយ​នគរបាល​ប៉ុស្តិ៍ ឃុំ​ទ្រៀក ស្រុក​មេមត់ ប្រាប់​តាម​ចម្លើយសារភាព​របស់​ឈ្មោះ ហាយ ធីតា និង​ប្តី​ឈ្មោះ​ កាន់ ចាន់ណា កាលពី​ថ្ងៃ​ ១៧ ​មករា​ថា ប៉ុន្មាន​ថ្ងៃមុន​ការចាប់​ខ្លួន​គឺ​ជនសង្ស័យ​ឈ្មោះ អ៊ា ណារ៉េន ដែល​រត់គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​បាន​ចូលទៅ​ផ្ទះ​ពួកគេ​ប្រមាណ​ ៣ ​ម៉ោង​។ ​ពេលនោះ​ជនដៃដល់​បានប្រគល់​អាវុធខ្លី​ម៉ាក​រ៉ូឡូ​ ១ ​ដើម​ឲ្យ​ឈ្មោះ​ កាន់ ចាន់ណា យកទៅ​កប់​ដី​លាក់​ក្នុង​ទ្រុង​ទា​ខាងក្រោយ​ផ្ទះ​។

លោក​បាន​បន្តថា ទាំង​ ២ ​នាក់​ប្តី​ប្រពន្ធ​នោះ​ធ្លាប់​ទិញ​គ្រឿងញៀន​ពី​ជនដៃដល់​យក​ទៅ​លក់​។

រាល់​ការទិញ​គ្រឿងញៀន​ម្តងៗ​​គឺ​ពួកគេ​បាន​ណាត់​ជួបគ្នា​ជាមួយ​ឈ្មោះ អ៊ា ណារ៉េន ប៉ុន្តែ​ថ្នាំញៀន​ទាំងនោះ​គឺ​ពួកគេ​មិនសូវ​លក់ដូរ​ក្នុង​ភូមិ-ឃុំ​ទ្រៀក​ទេ តែ​ច្រើន​ចែកចាយ​នៅ​តាម​ឃុំ​ផ្សេង​ក្នុងស្រុក​មេមត់​តែមួយ​។

លោក​ថា​៖ «​កន្លងមក​យើង​សង្ស័យ និង​តាមដាន​ ២ ​នាក់​ប្តី-ប្រពន្ធ​នេះដែរ តែ​ដោយសារ​គ្មាន​ភ័ស្តុតាង ទើប​ចាប់​មិនកើត​។ ​ពួកគេ​ពាក់ព័ន្ធ​រក្សាទុក​អាវុធ​ខុស​ច្បាប់ និង​ជួញដូរ​គ្រឿងញៀន​។

ជាក់ស្តែង​សមត្ថកិច្ច​ដកហូត​បាន​អាវុធខ្លី​ ១ ​ដើម និង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ ១ ​គ្រឿង​»​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​ការតាម​ចាប់ខ្លួន​ជនល្មើស​ឈ្មោះ អ៊ា ណារ៉េន រហូត​ឈានដល់​បាញ់​​ស្លាប់​នោះ​លោក ប៊ុន ឈឿន អធិការនគរបាល​ស្រុក​សំបូរ ខេត្តក្រចេះ​បាន​ឲ្យ​ដឹង​ពី​ថ្ងៃទី​ ១៧ មករា​ថា ប្រតិបត្តិការ​នេះ​គឺ​​មាន​សមត្ថកិច្ច​ចម្រុះ​ពី​ក្រសួងមហាផ្ទៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ និង​សមត្ថកិច្ច​ខេត្ត-ស្ទឹងត្រែង​។ ក៏ប៉ុន្តែ​បែងចែក​គោល​ដៅ​ផ្សេងគ្នា ព្រោះ​នៅ​អូរកណ្តៀរ ក្នុង​ភូមិ​ឃុំ​អូរព្រះ ស្រុក​សំបូរ​ដែល​ជនល្មើស​លាក់ខ្លួន​​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ ៣​។

លោក​បន្តថា មុនដំបូង​សមត្ថកិច្ច​ប្រើ​វិធានការ​ឲ្យ​ជនល្មើស​ចូល​​ខ្លួន​តាម​សម្រួល​ទេ ប៉ុន្តែ​ជនល្មើស​បាន​បាញ់​តដៃ​មក​សមត្ថកិច្ច​។ ​ពេលនោះ​សមត្ថកិច្ច​ក៏បាន​បាញ់​ការពារ​ខ្លួន​បណ្ដាលឱ្យ​ជនល្មើស​ស្លាប់​នៅ​ល្ងាច​ថ្ងៃទី​ ១៥ មករា តែម្ដង​។

គួររំឭកថា កាលពី​រំលង​អធ្រាត្រ​យប់​ថ្ងៃ​ ២៩ ​ធ្នូ ឈានចូល​ថ្ងៃទី​ ៣០ ធ្នូ ឆ្នាំ​ ២០២០ ក្រុម​ជនសង្ស័យ​បាន​ជិះ​រថយន្ត​ម៉ាក​ឡិចស៊ីស​ ១ ​គ្រឿង បើក​បុក​គូទ​រថយន្ត​ជនរងគ្រោះ​នៅតាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុង​ភូមិ​ក្បាលដំរី​២ សង្កាត់​កាកាប​២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​រួច​ព្យាយាម​បើក​រត់​។ ​ប៉ុន្តែ​ភាគី​ជន​រងគ្រោះ​បាន​បើករថយន្ត​តាម​ទាន់​ក៏​មានការ​ទាស់សម្តី​គ្នា ហើយ​ជនល្មើស​បាន​បាញ់​ជនរងគ្រោះ​ជា​មន្ត្រីនគរបាល​ថ្នាក់​វរសេនីយ៍​ឈ្មោះ រ៉េត ស៊ីណាត ស្លាប់​នៅ​កន្លែង​កើតហេតុ រួច​បាន​បើក​​រថយន្ត​គេចខ្លួន​។

ក៏ប៉ុន្តែ​ក្រោយមក សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់បាន​បុរស​ឈ្មោះ​ កែ ចាន់មាន នៅ​ខេត្តបាត់ដំបង ជា​អ្នកបើករថយន្ត​ដឹក​ជនល្មើស​ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ ២ ​បទល្មើស​គឺ​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​ និង​ការជួញដូរ​គ្រឿងញៀន​។ ​រីឯ​ឈ្មោះ អ៊ា ណារ៉េន បានគេច​ទៅ​លាក់ខ្លួន​ដល់​ខេត្តរតនគិរី​,​ខេត្ត​មណ្ឌលគិរី​,​ខេត្តស្ទឹងត្រែង និង​ចុងក្រោយ​ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន​នៅក្នុង​ខេត្តក្រចេះ​៕