កំពត: ប្រធាន​អង្គ​ការ​សហ​គមន៍​អភិ​វឌ្ឍន៍​ខ្មែរ​លោក ហ៊ិ​ន យុ​ត្ថា​ណា​ និង​ជំនួយ​ការ​ម្នាក់ត្រូវ​បាន​សមត្ថ​កិច្ច​ខេត្តកំ​ពត​បញ្ជូន​​ទៅ​សា​លា​ដំបូង​ខេត្ត​ពី​ម្សិលមិញ​ បន្ទាប់ពី​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​ប្រើ​ព្រះ​កិត្តិ​នាម​ព្រះ​មហា​ក្សត្រ​ និង​ប្រើ​ស្លាក​លេខ​រថ​យន្ត និង​លេខ​ម៉ូតូ​ក្លែង​ក្លាយ ​ខណៈ​មនុស្ស​​ ២ នាក់​ ត្រូវ​បាន​ដោះ​លែង​ក្រោយ​ពី​រក​មិន​ឃើញ​ពាក់ព័ន្ធ។

លោក ម៉ៅ ច័ន្ទមធុ​រិ​ទ្ធ ស្នង​ការ​នគរ​បាល​ខេត្ត​កំពត​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្ដិ៍​ពី​ម្សិល​មិញ​ថា សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ ៤​ នាក់​ ក្នុង​នោះ​មាន​ម្នាក់​ជា​ប្រ​ធាន​អង្គ​ការ​សហ​គមន៍​អភិវឌ្ឍន៍​ខ្មែរ (O.K.C.D) ប៉ុន្ដែ​ក្រោ​យ​សា​កសួរ សមត្ថកិច្ច​បាន​ដោះលែង​ ២ នាក់​​វិញ ​រីឯ ២ នាក់​ទៀត​ ប​ញ្ជូន​ទៅ​សា​លា​ដំបូង​ខេត្ត​កំពត​នៅ​រសៀល​ថ្ងៃទី​ ១៦​ មិថុនា។

លោក​បន្ត​ថា ការ​ឃាត់​ខ្លួន​នេះដោយ​សារ​ពួកគេ​ប្រើ​ព្រះ​កិត្តិ​នាម​​ព្រះ​មហា​ក្សត្រនិ​ង​ប្រើ​ស្លាក​លេខ​រថយន្ត​ និង​ស្លាក​លេខ​ម៉ូតូ​ក្លែងក្លាយ។​

លើស​ពី​នេះ​ពួក​គេបា​នប្រកាស​ជ្រើស​រើស​សន្ដិ​សុខ​ជាច្រើន​នាក់​ដោ​យ​គ្មាន​ការ​អនុ​ញ្ញាត​និង​ដើរ​បោក​ប្រាស់​លុយ​ពល​រដ្ឋ​ជា​ច្រើន​កន្លែង​ផងដែរ។

លោក ច័ន្ទមធុ​រិ​ទ្ធ ​បញ្ជាក់​ថា៖​ «ដំបូង​យើង​ចាប់​គាត់​តែ​រឿង​រ​ថយន្ត និង​ម៉ូតូ​គាត់ប្រើប្រាស់ស្លាក​លេខ​រដ្ឋ​ក្លែង​ក្លាយ​ទេ ប៉ុន្ដែ​ពេល​សួរនាំ​បន្ថែមគាត់​ថា គាត់​ត្រូវបាន​ព្រះ​មហា​ក្សត្រ​តែង​តាំង​ជា​ប្រធាន​អង្គការ​​ហ្នឹង​ហើយ​ខ្ញុំ​សួរ​ថាចុះ​មាន​លិខិត​អ្វី​បញ្ជាក់​អត់? គាត់​ថា​អត់​មាន​ទេ!​ អ៊ីចឹង​បាន​ន័យ​ថា​គាត់​បោក​ប្រាស់​ទាំង​ខ្ញុំ​ដែរ​ហើយ»។

លោក​ ហាង គា អធិការ​ង​នគរ​បាល​ស្រុក​កំពង់​ត្រាច​បាន​ថ្លែងពី​ម្សិល​មិញ​ថា ការ​ឃាត់​ខ្លួននេះ​ពេលពួ​កគេធ្វើ​ដំណើរ​តា​ម​ផ្លូវ​ដោយសារ​សមត្ថកិច្ច​សង្ស័យ​ប្រើ​ស្លាក​លេខ​រថ​យន្ត​និង​ស្លាក​ម៉ូតូ​ក្លែងក្លាយ។ ក្រោយពី​សាក​សួរ ពួកគាត់​ថា​មិន​មាន​ឯក​សារ​អ្វីបញ្ជាក់​ពី​ការ​ប្រើស្លាក​លេខ​ទេ ហើ​យក៏​ត្រូវ​សមត្ថកិ​ច្ចឃាត់​ខ្លួន​បញ្ជូនមក​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​តែម្ដង។

លោក​បន្តថាក្រោយ​បញ្ជូន​ដល់​ស្នង​ការ​ដ្ឋាន លោក​មិនបាន​ទទួល​ដំណឹង​អ្វី​បន្ថែមទៀត​ទេ ដោយ​គ្រាន់​តែ​​ដឹងថា ពួកគេ​បាន​ប្រើ​ប្រាស់​ស្លាក​លេខ​រថ​យន្ត និង​លេខ​ម៉ូតូ​ក្លែង​ក្លាយ​។ លើស​ពី​នេះ ឈ្មោះ ហ៊ិ​ន យុ​ត្ថា​ណា ​អួត​អាង​ថា ខ្លួន​ត្រូវបាន​ព្រះ​មហា​ក្សត្រ​ត្រាស់​បង្គាប់​ឲ្យ​ធ្វើជា​ប្រ​ធាន​អង្គ​ការ​សហ​គមន៍​អភិវឌ្ឍន៍​ខ្មែរ​ទៀត​ផង​។

លោក ហាង គា បញ្ជាក់​ថា៖ «យើង​ចាប់​ខ្លួន​គាត់​ថ្ងៃ ១៤​ មិថុនា​ ភ្លាមៗហ្នឹង​ក៏​បញ្ជូន​ទៅ​ស្នង​ការដ្ឋានខេត្តដើម្បី​សា​កសួរ​បន្ត ប៉ុន្ដែ​ខ្ញុំ​អត់​ដឹង​គេ​បញ្ជូន​ទៅ​តុលា​ការ​ប៉ុន្មាន​នាក់​ទេ តែ​ខាង​ខ្ញុំ​ដែល​បានចាប់​ហ្នឹង ៤ នាក់ គឺ​ក្រុមការងារ​គាត់​ហ្នឹង​ដែល​ធ្វើ​ដំណើរ​ទៅ​ជាមួយ​គ្នា»។

តាម​របា​យការណ៍​រប​ស់​ស្នងការដ្ឋាន​នគ​របាល​ខេ​ត្តកំពត​បាន​បង្ហាញ​កាល​ពី​ម្សិល​មិញ​ថា ​ជន​សង្ស័យ​ទី១-ឈ្មោះ ហ៊ិ​ន យុ​ត្ថា​ណា ភេទ​ប្រុស ​អាយុ​ ៥៥​ ឆ្នាំ ជា​ប្រធាន​ត្រួតពិ​និត្យ​ទូទៅ​នៃ​អង្គការ​ (O.K.C.D) ទី២-ឈ្មោះ ចាន់ សុផល ភេទ​ប្រុស អាយុ​ ៥៥​ ឆ្នាំ ជា​ជំនួយ​ការ​ប្រ​ធាន​អង្គកា​រ ទី៣-ឈ្មោះ ធ​ង ធា ភេទ​ប្រុស​អា​យុ​ ៤៧​ ឆ្នាំ (រួម​ដំណើរ) និង​ទី៤-ឈ្មោះ ពៅ ហង្ស​សេរី ភេទ​ប្រុសអាយុ ៥១ (រួម​ដំណើរ)។ ជន​សង្ស័យ​ទាំង​ ៤ នា​ក់ រស់​នៅ​​ភូមិ​ដាស់ស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់​ត្រាច ខេត្ត​កំពត។

របាយ​ការណ៍​ដ​ដែល​បញ្ជាក់​ថា ​​​វត្ថុ​តាង​ដែល​ដក​ហូត​បាន​រួម​មា​ន រថយន្ត​ ១ គ្រឿង​ ម៉ាកមែរសឺ​ដែ​សពាក់​ស្លាក​លេខ​រដ្ឋ 07 (ក្លែង​ក្លាយ) 2-66​88 ម៉ូតូ​ម៉ាក អ៊ែរ​ប្លែ​ដ​ពណ៌​ស ពាក់​ស្លាក​លេខ​រដ្ឋ 07 1-77​77 (​ក្លែ​ងក្លាយ) និង​បណ្ណ​សម្គា​ល់ខ្លួន​ ៤​ សន្លឹក ព្រម​ទាំង​ឯកសារ​ពាក់​ព័ន្ធ​មួយ​ចំនួន។ ក្រោយ​ពេល​សួរ​ចម្លើយ​ឈ្មោះ ហ៊ិ​ន យុ​ត្ថា​ណា និង​ឈ្មោះ ចាន់ សុ​ផល បាន​សារភាពថា​ ស្លាក​លេខ​ម៉ូតូ​ពិត​ជា​ក្លែង​ក្លាយ​​មែន។ ចំណែក​រថយន្ត​មែ​រសឺ​ដែ​ស​ ហ៊ិ​ន យុ​តថា​ណា អះ​អាង​ថា ​ខ្លួន​បានទិញ​ពី​គេ​តម្លៃ ១ ៥០០​ ដុល្លារ តែ​មិន​ទាន់​​សង​លុយ​គេ​គ្រប់​នៅ​ឡើយ។ ចំណែក​ម៉ូតូ​អ៊ែរ​ប្លែ​ដ ខ្លួន​ទិញ​ពី​ឃ្លាំង​នៅ​ភ្នំពេញ​រួច​ធ្វើ​ស្លាក​លេខ ​ក្លែងក្លាយ​រដ្ឋ 07 1-7777 មក​បំពាក់​ដើម្បី​ប្រើ​ប្រាស់។ ក្រោយ​បំពេញ​សំណុំ​បែប​បទ​រួច​រាល់​ សមត្ថកិច្ច​បានបញ្ជូន​ជន​សង្ស័​យ ២​ នាក់ និង​វត្ថុ​តាង​ទៅ​កាន់សា​លា​ដំបូង​ខេត្ត​កំពត​ ដើម្បី​ចាត់​ការបន្ត​តាម​នីតិវិធី។

លោក ខាន់ សុផល​ ព្រះ​រាជអា​ជ្ញារង​នៃ​សា​លា​ដំបូង​ខេត្ត​កំពត​ បាន​អះ​អាង​កាល​ពី​ម្សិលមិញ​ថា លោក​បាន​ទទួល​​សំ​ណុំរឿង​នេះរួចហើយ​ ដោយ​លោកថា តុលា​ការ​កំពុង​សាក​សួរ​បន្ថែម «ឥឡូវនេះ ខាង​តុលា​ការ​​កំពុង​ធ្វើ​ការ​ងា​រ​ហ្នឹង​ ប៉ុន្ដែ​ខ្ញុំ​មិន​ទាន់​ដឹង​ថា​ ចប់​ម៉ោង​ប៉ុន្មាន​ទេ បើ​ តាម​មើល ប្រ​ហែល​ជា​ថ្ងៃទី​ ១៧ ​មិថុនា​នេះ ទើប​ចប់»៕