ឧត្តរមានជ័យ៖ ពលរដ្ឋចំនួន ៥ នាក់ ក្នុងនោះមានទាំងក្មេងប្រុសស្រី ៣ នាក់ផង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងភ្លាមៗ ដោយសារមកពីពុលនំប៉័ងដែលពួកគេបានទិញពីអ្នកលក់តាមម៉ូតូកាលពីម្សិលមិញ នៅភូមិអូរតាម៉េង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោក ស៊ីម វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ៥ ឧសភានេះថា ពលរដ្ឋទាំង ៥ នាក់នោះ ទី១- ឈ្មោះ មេត មៀន ភេទប្រុស អាយុ ៤៦ ឆ្នាំ, ទី២- ឈ្មោះ ផាន ភា ភេទប្រុស អាយុ ៤៦ ឆ្នាំ, ទី៣- ឈ្មោះ មៀន ផាលីដា ភេទស្រី អាយុ ១១ ឆ្នាំ, ទី៤- ឈ្មោះ មៀន ផារិន ភេទស្រី អាយុ ១៧ ឆ្នាំ (ជាកូនឈ្មោះ មេត មៀន) និងឈ្មោះ អ៊ាង សុខឡា ភេទប្រុស អាយុ ៧ ឆ្នាំ ជាកូនរបស់អ្នកភូមិ។
លោកថា៖ «ជនរងគ្រោះអះអាងប្រាប់សមត្ថកិច្ចយើងថា ពួកគាត់ពុលនំប៉័ងដែលគេជិះម៉ូតូដើរលក់។ ឥឡូវយើងស្វែងរកអត្តសញ្ញាណអ្នកលក់នំប៉័ងដឹងហើយ»។
លោករៀបរាប់តាមសម្តីជនរងគ្រោះថា កាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី ៤ ឧសភា ខណៈពួកគាត់កំពុងធ្វើការងារក៏មានបុរសម្នាក់បានដឹកនំប៉័ងលក់តាមម៉ូតូ ហើយក៏ហៅអ្នកលក់នោះឱ្យឈប់ ដើម្បីទិញម្នាក់ ១ ដែលនំប៉័ង ១ មានតម្លៃ ១ ពាន់រៀល។
លោកបានបន្តថា ពេលហូបនំប៉័ងអស់ភ្លាម គឺគ្មានសញ្ញាអ្វីដែលធ្វើទុក្ខដល់ពួកគាត់ទេ រួមទាំងក្មេងៗផង។ ប៉ុន្តែលុះដល់ម៉ោងប្រហែល ៤ រសៀលថ្ងៃទី ៤ ឧសភា ស្រាប់តែម្នាក់ៗមានអាការវិលមុខ ក្អួតចង្អោរ រាកអាចម៍។ ពេលនោះពលរដ្ឋបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ឃុំអន្លង់វែង ហើយសមត្ថកិច្ចក៏បានដឹកពួកគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងតែម្តង។
បើតាមលោក វណ្ណៈ ក្រោយពីលោកគ្រូពេទ្យពិនិត្យសុខភាព និងដាក់ថ្នាំព្យាបាល រហូតមកទល់ព្រឹកថ្ងៃទី ៥ ឧសភានេះ គឺពួកគាត់បានធូរស្រាលវិញអស់ហើយ។
លោកថា៖ «នៅថ្ងៃនេះ (ថ្ងៃទី ៥ ឧសភា) ពួកគាត់មានសុខភាពដូចធម្មតាវិញហើយ និងត្រៀមវិលត្រឡប់មកផ្ទះវិញដែរ»៕