ភ្នំពេញ: នគរបាលរាជធានីភ្នំពេញពីម្សិលមិញបានបញ្ជូនជនប្រុស-ស្រី ជាតិខ្មែរ ២ នាក់ទៅសាលាដំបូងក្រុងភ្នំពេញ បន្ទាប់ពីឃាត់ខ្លួនរឿងបង្ហោះសារបំភ្លៃលើការចាក់វ៉ាក់សាំងកូវីដ។
លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នគរបាលពីថ្ងៃទី ២៦ និងទី ២៧ កុម្ភៈបានឃាត់ខ្លួនមនុស្ស ២ នាក់រឿងផ្សព្វផ្សាយព័ត៌មានមិនពិតពីការចាក់វ៉ាក់សាំងកូវីដ ១៩។
លោកថា ជនទាំង ២ នាក់នេះទី១ ឈ្មោះ ធន ច័ន្ទថា ភេទប្រុស អាយុ ៤៤ ឆ្នាំ និងទី២ ឈ្មោះ ម៉ី សុផន ភេទស្រី អាយុ ៤៣ ឆ្នាំ។ ពួកគេត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី ២៨ កុម្ភៈ ហើយអាចនឹងត្រូវចោទពីបទញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គម ប៉ុន្តែការដាក់ទោសជាឆន្ទានុសិទ្ធិតុលាការ។
លោក សុខសីហា ឱ្យដឹងថា ឈ្មោះ ធន ច័ន្ទថា បានប្រើហ្វេសប៊ុក «ធន ច័ន្ទថា» ពីថ្ងៃទី ២០ កុម្ភៈ បង្ហោះសារ ថា «បើនិយាយឱ្យចំទៅ បើវាកើតមែនងាប់រាលដាលពេញប្រទេសហើយ មិនចាំបាច់ទៅឆ្ងល់ឡើយឥឡូវនេះ បែបទប់លែងជាប់ អត់មានប្រាក់ខែបើកឱ្យមន្ត្រីរាជការក៏មិនដឹងផងរកល្បិចគ្រប់វិធីដើម្បីរកជំនួយពីបរទេសហើយទើបទប់ជាប់»។
រីឯ ម៉ី សុផន បានបង្ហោះសារពីថ្ងៃ ២៦ កុម្ភៈថា៖ «កម្ពុជាជាប្រទេសមួយដែលមិនមានការឆ្លងជំងឺរលាកផ្លូវដង្ហើម (កូវីដ ១៩) ឬស្លាប់ដោយជំងឺនេះគួរឱ្យព្រួយបារម្ភឡើយ។ ហេតុអ្វីបានជារដ្ឋាភិបាលឯកបក្សប្រញាប់ប្រញាល់អំពាវនាវឱ្យប្រជារាស្ត្រខ្មែរចាក់វ៉ាក់សាំងចិនដែលមិនទាន់បានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) យ៉ាងតក់ក្រហល់បែបនេះ?។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក គុជ គីមឡុង មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
ប៉ុន្តែតាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ប្រសិនបើតុលាការចោទពីបទញុះញង់បង្កឱ្យមានវឹកវរក្នុងសង្គមមែននោះ ពួកគេត្រូវប្រឈមជាប់ពន្ធនាគារពី ៦ ខែទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លាន ទៅ ៤ លានរៀល៕