ក្រចេះ: មន្ត្រី​ជំនាញ​នៃ​កងរាជ​អាវុធហត្ថ​បាន​បញ្ជូន​មនុស្ស​ ៣ ​នាក់​ ទៅ​សាលាដំបូង​ខេត្តក្រចេះ​កាលពី​ម្សិលមិញ ២ ​ថ្ងៃ​ ក្រោយ​ការឃាត់ខ្លួន​ពួកគេ​ដែល​កំពុង​ធ្វើ​សកម្មភាព​ជីក​រក​រ៉ែ​មាស​ដោយ​ខុសច្បាប់​ក្នុង​តំបន់​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ថ្នល់ ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។

លោក សាន្ត ប៊ុនថាន មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្តក្រចេះ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ៣ ​នាក់​ ទៅ​សាលាដំបូង​ខេត្តក្រចេះ​នៅ​ថ្ងៃទី​ ៣ ខែមិថុនា​ នេះ ដើម្បី​ឲ្យ​តុលាការ​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​។

លោក​អះអាង​ថា ជនសង្ស័យ​ទាំងនោះ​ឈ្មោះ ឡាច គឹមហេង អាយុ​ ៥៧ ​ឆ្នាំ​, ឈ្មោះ ឡាច គឹមហ៊ង អាយុ​ ៤៧ ​ឆ្នាំ និង​ឈ្មោះ អឿង សេង អាយុ ៥៣ ​ឆ្នាំ ដោយ​ពួកគាត់​រស់នៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ​ជាមួយ​គ្នា​។

លោក ប៊ុនថាន ថ្លែងថា​៖ «​យើង​បញ្ជូន​ទៅ​តុលាការ​ខេត្តក្រចេះ​ថ្ងៃទី​ ៣ ខែមិថុនា ហើយ​ព្រោះ​មន្ត្រី​ជំនាញ​ខ្ញុំ​គាត់​សួរនាំ​រួចរាល់ អ៊ីចឹង​យើង​បញ្ជូន​ទៅ​តែម្ដង ហើយ​តុលាការ​គេ​បន្ត​នីតិវិធី​បែបណា​ទៀត ខ្ញុំ​អត់​ដឹង​ទេ​។ យើង​ទុក​ឲ្យ​តុលាការ​គាត់​ចាត់ចែង​តាម​នីតិវិធី​របស់គាត់​ទៅ​»​។

លោក គង់ គឹមនី អភិបាលស្រុក​ស្នួល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការឃាត់ខ្លួន​ជនសង្ស័យ ៣ ​នាក់​ ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​ក្នុង​ករណី​គ្រប់គ្រង និង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​មាស​ខុសច្បាប់​នៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​។ មុន​ការចាប់​ខ្លួន​ជនសង្ស័យ​ទាំង ៣ ​នាក់​នោះ​ អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់បាន​ព្រមាន​ជាច្រើនលើក​ច្រើនសា តែ​ពួកគេ​មិន​ស្ដាប់​។

លោក​ថ្លែង​ថា​៖ «​យើង​បាន​ប្រាប់​គាត់​ហើយ​ថា បើ​ចង់​ធ្វើ​អាជីវកម្ម​ទៅសុំ​ច្បាប់ បើ​អត់​សុំច្បាប់​ធ្វើ អាហ្នឹង​វា​ខុសច្បាប់ ហើយ​យើង​ទុកពេល​ឲ្យ​គាត់​រុះរើ​អីវ៉ាន់​គាត់​ចេញ ហើយ​គាត់​នៅ​តែ​មិន​ព្រមស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ ដូច្នេះ​យើង​ត្រូវតែ​បង្ក្រាប​»៕