បន្ទាយមានជ័យៈ ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​បញ្ជូន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​និមិត្ត​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ បង្ក​ឲ្យ​ពលរដ្ឋ​ម្នាក់​រងរបួស​ធ្ងន់​កាលពី​យប់​ថ្ងៃទី​ ២៨ ខែសីហា​។

លោក សិទ្ធ ឡោះ ស្នងការរង​ខេត្ត​បន្ទាយមានជ័យ​ថ្លែងថា លោក រិទ្ធី ពិសិដ្ឋ មាន​តួនាទី​ជា​នាយរង​នគរបាល​ប៉ុស្តិ៍​សង្កាត់​និមិត្ត​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ កាលពី​យប់​ថ្ងៃទី​ ២៨ សីហា​ ក្រោយពី​បាន​បង្ក​ការផ្ទុះអាវុធ​ ១ ​គ្រាប់​បណ្ដាល​ឲ្យ​ត្រូវរបួស​បុរស​ម្នាក់​ឈ្មោះ​ នាង មករា អាយុ​ ២១ ​ឆ្នាំ​ រស់នៅ​ភូមិ​និមិត្ត​ ១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខណៈ​ជនរងគ្រោះ​កំពុង​ធ្វើ​ដំណើរ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​ ៥ ​កាលពី​យប់​ថ្ងៃទី​ ២៨ ខែសីហា​។

លោក​បន្តថា ក្នុង​សំណុំ​រឿងនេះ​ជនរងគ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង​ចោទប្រកាន់​ជនសង្ស័យ​ដែល​ជា​មន្ត្រី​នគរបាល​ពី​បទ​ «​មនុស្សឃាត​ដោយ​ចេតនា​» ដោយ​អះអាង​ថា នៅ​យប់​ថ្ងៃកើតហេតុ ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ពី​លេង​ហ្គេម Online តាម​ប្រព័ន្ធ Internet នៅផ្ទះ​លក់​កាហ្វេ​មួយ​ក្នុងភូមិ​និមិត្ត​ ៣ មក​ផ្ទះ​វិញ ក៏ត្រូវ​ជនសង្ស័យ​ដែលជា​នគរបាល​បាន​ប្រើ​អាវុធខ្លី​បាញ់ប្រហារ​មកលើ​រូបគេ​ពីក្រោយ​ខ្នង បណ្ដាល​ឲ្យ​រងរបួស​តែម្ដង​។ ប៉ុន្តែ​ជនសង្ស័យ​បាន​បដិសេធ​។

លោក​បន្ថែមថា តាម​ចម្លើយ​របស់​ជនង្ស័យ​ករណី​ផ្ទុះអាវុធ​នាយប់​ថ្ងៃ​កើតហេតុ​នោះ​គឺ​បាន​កើតឡើង​ក្នុង​អំឡុងពេល​ខ្លួន​កំពុង​ប្រតិបត្តិ​ការស្រាវជ្រាវ​ និង​បង្ក្រាប​មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ភូមិសាស្ត្រ​ភូមិ​និមិត្ត​ ១ ​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​។ ស្របពេល​ជាមួយ​គ្នា​នោះ ម៉ូតូ​ជនរងគ្រោះ​ដែល​ជិះ​គ្នា​ ២ ​នាក់​បាន​មក​ដល់ ហើយ​ខ្លួន​ក៏បាន​ហៅ​ជនរងគ្រោះ​ឲ្យ​ឈប់ ដើម្បី​ធ្វើការ​សួរនាំ​។ ក្នុងអំឡុង​ពេលនោះ​ក៏​មាន​ទំនាស់​ពាក្យសម្ដី​ជាមួយ​ជនរងគ្រោះ​រហូត​ដល់​មាន​ការប្រទូសរ៉ាយ​នឹង​គ្នា បន្ទាប់មក​កាំភ្លើង​របស់​ខ្លួន​ក៏បាន​រៀលកៃ​ត្រូវ​ជនរងគ្រោះ​តែម្ដង​។

លោក​ថា​៖ «​ទោះ​ជា​បែបណា​ក្ដី​នៅពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​យើង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​»​។

ជុំវិញ​ករណីនេះ ឪពុក​ជនរងគ្រោះ​លោក​ នួន វល្លិ៍ អាយុ​ ៤៩ ​ឆ្នាំ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​កូន​របស់​គាត់ មិនបាន​បង្ក​ប្រទូសរ៉ាយ​អ្វី​ជាមួយ​សមត្ថកិច្ច​នោះទេ គឺ​កូន​គាត់​បានឃើញ​ជនសង្ស័យ​ឃាត់​ម៉ូតូ ១ ​គ្រឿង និង​មនុស្ស​ ២ ​នាក់​ ដែល​ជា​អ្នក​នៅក្នុង​ភូមិ​ជាមួយគ្នា​ហើយ​កូន​របស់គាត់​បាន​សួរ​ទៅ​ជនសង្ស័យ​ជា​សមត្ថកិច្ច​ថា ពួកគេ​មាន​រឿង​អី​? ហើយ​មន្ត្រី​នគរបាល​រូប​នោះបាន​ឆ្លើយថា គ្មាន​រឿង​អី​ទេ​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​នោះ​កូន​របស់លោក​ក៏​សួរ​ទៀតថា បើ​ពួកគេ​គ្មាន​រឿង​អី​ទេ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ​ព្រោះ​យប់​ហើយ​។ ស្រាប់តែ​ឈ្មោះ រិទ្ធី ពិសិដ្ឋ ដែលជា​នាយរង​នគរបាល​ប៉ុស្តិ៍​សង្កាត់​និមិត្ត ស្រែក​គំហក​ដាក់ថា «​អ្ហែង ចេះ​ដឹងអី​ខ្លាំងម្ល៉េះ​! បើ​អ្ហែង​ខ្លាំង​ចុះ​ពី​លើ​ម៉ូតូ​មក​!»​។

លោក​អះអាង​ទៀតថា នៅពេល​នោះ​កូន​របស់​លោក​មិនបាន​តបត​អ្វី​ឡើយ ហើយក៏​ជិះ​ម៉ូតូ​មក​ផ្ទះ​។ ប៉ុន្តែ​នៅពេល​ម៉ូតូ​ជិះ​ចេញ​បាន​ប្រមាណ​ ២ ​ម៉ែត្រ​ពី​កន្លែង​នោះ ឈ្មោះ​ រិទ្ធី ពិសិដ្ឋ ក៏បាន​ស្ទុះ​មក​បាញ់​កូន​របស់លោក​ពីក្រោយ​តែម្ដង​។

លោក វល្លិ៍ បានបញ្ជាក់​ទៀតថា​៖ «​កូន​របស់​ខ្ញុំ​រងរបួស​ខ្នង ហើយ​បៀម​ក្បាល​គ្រាប់​នៅក្នុង​ពោះ​តែ​ត្រូវបាន​គ្រូពេទ្យ​ជំនាញ​ធ្វើការ​វះកាត់ យក​ក្បាល​គ្រាប់​នោះ​ចេញ​បាន​រួចរាល់​ហើយ​។ ប៉ុន្តែ​អាការ​មុខរបួស​នៅ​មិនទាន់​ល្អប្រសើរ​នៅឡើយ​ទេ និង​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​បន្ទាយមានជ័យ​នៅឡើយ​»​។

លោក​បញ្ជាក់ថា​៖ «​ក្រោយពី​ករណីនេះ​កើតឡើង​មាន​ក្រុមគ្រួសារ​សាច់ញាតិ​ជនបង្ក​បាន​ទូរស័ព្ទ​ទាក់ទង​មក​ក្រុម​គ្រួសារ​ខ្ញុំ ដើម្បី​ធ្វើការ​សម្របសម្រួល​ផ្ដល់​សំណង​មួយ​ចំនួន​ជា​ថ្នូរ​មិន​ដាក់​បណ្ដឹង​ឡើង​តុលាការ ប៉ុន្តែ​គ្រួសារ​ខ្ញុំ​មិន​ព្រម​»​។

លោក​ ស៊ុំ ច័ន្ទគា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ទោះបី​ជា​ភាគី​​ទាំង​ ២ មាន​ការ​សម្របសម្រួល​ផ្ដល់​សំណង ដើម្បី​រំលត់​បណ្ដឹង​ក្រៅ​ប្រព័ន្ធតុលាការ​ក៏ដោយ ក៏​សំណុំ​រឿងនេះ​នៅតែ​មិនអាច​បញ្ចប់​ទាំងស្រុង​បាន​នោះទេ ព្រោះ​វា​ជា​បទល្មើស​ព្រហ្មទណ្ឌ​។

លោក​ថ្លែងថា​៖ «​នៅពេល​នេះ​យើង​កំពុង​តាម​ឃ្លាំមើល​ការអនុវត្ត​នីតិវិធី​របស់​សមត្ថកិច្ច​ជំនាញ​លើ​សំណុំ​រឿងនេះ ព្រោះ​សមាគម​អាដហុក​យើង​បាន​ទទួល​ពាក្យបណ្ដឹង​ស្នើសុំ​កិច្ចអន្តរាគមន៍​ផ្នែក​ច្បាប់​ពី​គ្រួសារ​ជនរងគ្រោះ​ក្នុង​ការដាក់ពាក្យ​ប្ដឹង​ប្រឆាំង​នឹង​ជនសង្ស័យ​ទៅ​តុលាការ​»​។

លោក តេង សម័យ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ដែល​ជា​មន្ត្រីនគរបាល​នៅក្នុង​សំណុំ​រឿងនេះ​ត្រូវបាន​បញ្ជូនមក​ដល់ដៃ​អយ្យការ​ហើយ និង​កំពុង​ត្រូវបាន​អនុវត្ត​នីតិវិធី​ទៅតាម​ផ្លូវច្បាប់​៕