ពោធិ៍សាត់: នគរបាល​ស្រុក​ក្រគរ​កាលពី​ម្សិលមិញ​បាន​បញ្ជូន​ខ្លួន​មន្ត្រី​យោធា​ម្នាក់​ទៅ​ស្នងការដ្ឋាន​នគរ​ខេត្ត​ពោធិ៍សាត់ ដើម្បី​បន្ត​នីតិវិធី បន្ទាប់ពី​ឃាត់ខ្លួន​ករណី​បាញ់​ពលរដ្ឋ​ម្នាក់​ស្លាប់​កាលពី​ថ្ងៃទី​ ១៨ ខែកញ្ញា នៅក្នុង​ភូមិ​ថ្មី ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ដោយ​សមត្ថកិច្ច​អះអាង​ថា មាន​មូលហេតុ​មកពី​ទំនាស់​ពាក្យសម្ដី​គ្នា​ក្នុង​វង់​ផឹកស៊ី​។

លោក​ ឃុន រី នាយរង​ផ្នែក​សន្ដិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​មាន​ឈ្មោះ ប្រាក់ សុផល អាយុ​ ៥៧ ​ឆ្នាំ​ ជា​មន្ត្រី​យោធា​ថ្នាក់​វរសេនីយ៍ត្រី​មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ហ្វឹកហ្វឺន​កងពល​តូច​អន្តរាគមន៍​លេខ​ ១៤ ស្រុក​ក្រគរ​។ លោក​ថា មន្ត្រី​ជំនាញ​នគរបាល​ស្រុក​ក្រគរ​បាន​បញ្ជូន​ខ្លួន​គាត់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​នៅ​ថ្ងៃទី​ ២០ ខែកញ្ញា ដើម្បី​សាកសួរ​បន្ត​នីតិវិធី​តាមច្បាប់​។

លោក​បន្តថា ការឃាត់ខ្លួន​នេះ​បន្ទាប់​ជនសង្ស័យ​បាន​បាញ់បោះ​បណ្ដាល​ឲ្យ​ត្រូវ​បុរស​ឈ្មោះ នួន ទូច អាយុ ៣៥ ​ឆ្នាំ​ស្លាប់​នៅ​ភូមិ-ឃុំ​ខាងលើ​។ ​ករណី​នេះ​កើតឡើង ខណៈ​ជនសង្ស័យ​ផឹកស្រា​ស្រវឹង ហើយ​ទាស់សម្ដី​ជាមួយ​ជនរងគ្រោះ ក៏​ឈាន​ដល់​ការផ្ទុះ​អាវុធ​ ១ ​គ្រាប់ ​ត្រូវចំ​ក្រោម​ឆ្អឹងជំនីរ​ខាងឆ្វេង​ជនរងគ្រោះ ធ្លាយ​មក​ឆ្អឹងជំនីរ​​ស្តាំ​ស្លាប់​ភ្លាមៗ​នៅក្នុង​វង់​ផឹកស៊ី​ជាមួយ​គ្នា​។

លោក​ថា​៖ «​ក្រោយ​កើតហេតុ​​ភា្លម​ហ្នឹង សមត្ថកិច្ច​ជំនាញ​យើង​បាន​សហការ​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ក្រគរ​ចុះ​ធ្វើ​អន្តរាគមន៍ ហើយ​យើង​បាន​ធ្វើ​កោសល្យវិច័យ និង​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​រសៀល​ថ្ងៃទី​ ១៨ ខែកញ្ញា​ជា​ថ្ងៃកើតហេតុ ខណៈ​ជនសង្ស័យ​បាន​រត់​ទៅ​លាក់ខ្លួន​នៅផ្ទះ​ពលរដ្ឋ​ជិត​នោះ​»​។

លោក ស ថេង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បានឃើញ​សំណុំ​រឿងនេះ ហើយ​ថា នគរបាល​ជំនាញ​កំពុង​សាកសួរ​តាម​នីវិធី​ច្បាប់ ប៉ុន្ដែ​លោក​មិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ដែល​ត្រូវបញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅឡើយ ដោយ​រង់ចាំ​ការ​សួរ​ចប់​សិន​។

លោក​បញ្ជាក់ថា​៖ «​មន្ត្រី​នគរបាល​ស្រុក​ក្រគរ​បាន​បញ្ជូន​ជនសង្ស័យ​មកដល់​ស្នងការដ្ឋាន​គរបាល​ខេត្តហើយ ឥឡូវនេះ​មន្ត្រី​ជំនាញ​យើង​កំពុង​សួរ​តែ​ខ្ញុំ​មិនទាន់​ដឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ពេលណា​ទេ បើ​សួរ​ចប់​ពេលណា​គឺ​យើង​នឹង​បញ្ជូន​ទៅ​តុលាការ​ភ្លាម​តែម្ដង​»​។

លោក​ នៅ សុជាតិ ​មេបញ្ជាការ​​កងរាជ​អាវុធហត្ថ​ស្រុក​ក្រគរ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កម្លាំង​ជំនាញ​របស់​លោក​បាន​ចូលរួម​សហការ​អន្តរាគមន៍​លើ​ករណីនេះ ប៉ុន្ដែ​សំណុំ​រឿងនេះ​បានប្រគល់​ជូនទៅ​ខាង​នគរបាល​ជា​អ្នកចាត់ចែង​បន្ត​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនបាន​ដឹង​រឿង​ច្បាស់​ទេ តែ​ខ្ញុំ​បាន​សួរ​អ្នកភូមិ​គឺ​គាត់​ថា មុន​កើតហេតុ​មិនដឹង​រឿង​អ្វី​ទេ ស្រាប់តែ​មន្ត្រី​យោធា​ឈ្មោះ ផល បាន​ដក​កាំភ្លើងខ្លី​មក​បាញ់​សំដៅ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​តែម្តង​។

ក្រោយ​បាញ់​រួច​ជនដៃដល់​បាន​ទៅសំងំ​ក្នុង​ផ្ទះ​ប្រជាជន តែ​ត្រូវ​បាន​សមត្ថកិច្ច​យើង​ចាប់បាន​យក​ទៅ​បន្ត​នីតិវិធី​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​»​។

ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​​មិន​អាច​ស្វែងរក​ប្រភព​ដើម្បី​​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ពី​​ក្រុមគ្រួសារ និង​សាច់ញាតិ​ជនរងគ្រោះ​បាន​ឡើយ​កាលពី​ម្សិលមិញ​៕