ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ កាលពី​ថ្ងៃទី​ ៧ ​ខែ​តុលា​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​មេធាវី​ស្ម័គ្រចិត្ត​ចំនួន ១២៤ រូប​ ទៅ​ប្រចាំការ​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ត ដើម្បី​ការពារ​ក្តី​ដោយ​ឥត​គិត​កម្រៃ​ក្នុង​សំណុំរឿង​ដែល​ច្បាប់​តម្រូវ​ក្នុង​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ឲ្យ​បានបញ្ចប់​តាម​ផែនការ​មុន​ដំណាច់​ឆ្នាំនេះ​។

លិខិត​របស់​លោក កើត រិទ្ធ ផ្ញើជូន​ប្រធាន​សាលាដំបូង និង​លោក លោកស្រី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី-ខេត្ដ ស្ដីពី​បញ្ជីរាយនាម​មេធាវី​ស្ម័គ្រចិត្ដ​ផ្ដល់​សេវា​ការពារ​ក្ដី ដោយ​ឥត​គិត​កម្រៃ​នេះ​បាន​បញ្ជាក់ថា ការផ្ដល់​មេធាវី​ស្ម័គ្រចិត្ត​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​មេធាវី​សម្រាប់​ការពារ​ក្ដី​នៅក្នុង​សំណុំរឿង​ដែល​ច្បាប់​តម្រូវ​ឲ្យ​មាន ជា​កាតព្វកិច្ច​ជាពិសេស​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​កង្វះខាត​មេធាវី​ការពារ​ក្ដី​នៅក្នុង​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​ថ្លែង​កាលពី​ម្សិលមិញ​ថា មេធាវី​ស្ម័គ្រចិត្ដ​ចំនួន​ ១២៤ រូបនេះ​នឹង​ចូលរួម​នៅក្នុង​យុទ្ធនាការ​តាមរយៈ​ការការពារ​ក្ដី​នៃ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ត​។ លោក​បញ្ជាក់ថា​៖ «​មេធាវី​ស្ម័គ្រចិត្ដ​ចំនួន ១២៤ ​រូបនេះ​ គឺជា​មេធាវី​ថ្មី​ដែល​យើង​ទើប​មាន ដើម្បី​ចាត់​គាត់​ជា​មេធាវី​ដែល​ស្ម័គ្រចិត្ដ​ជួយ​ដល់​យុទ្ធនាការ​របស់​ក្រសួង​។ ពួកគាត់​នឹង​ទទួល​ការងារ​សំណុំ​រឿងក្ដី​នៅ​តាម​ខេត្ដ​គោលដៅ​នីមួយៗ​ដែល​ក្រសួង​បាន​ចាត់តាំង​នេះ​»​។

លោក កើត រិទ្ធ កាលពី​ថ្ងៃទី​ ២៨ ខែសីហា បាន​ប្រកាស​ថា លទ្ធផល​រយៈពេល​ ១០០ ​ថ្ងៃ​ នៃ​ការអនុវត្ដ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី-ខេត្ដ​ ទូទាំង​ប្រទេស​សំណុំ​រឿង​ព្រហ្មទណ្ឌ​ត្រូវបាន​ជំនុំជម្រះ​រួច​សរុប​បាន ៨ ១១៣ ​សំណុំរឿង​ស្នើ​នឹង ៦៣ ភាគរយ ​នៃ​សំណុំរឿង​កកស្ទះ​កន្លងមក​។

លោក​មេធាវី សុក សំអឿន ប្រធាន​អង្គការ​ក្រុមប្រឹក្សា​ជំនួយ​ផ្នែក​ច្បាប់​បានលើក​ឡើង​កាលពី​ម្សិលមិញ​ថា ការដោះស្រាយ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី-ខេត្ដ​ជាទូទៅ​នៅពេល​ខ្វះខាត​មេធាវី តុលាការ​ត្រូវ​ប្រាប់​ទៅ​កូនក្ដី​ពី​កង្វះខាត​មេធាវី ឬ​បើ​ត្រូវការ​ចាត់តាំង​មេធាវី​ទាក់ទង​ទៅ​គណៈមេធាវី​នឹង​ទទួល​បាន​មេធាវី​ហើយ​។

លោក​ថ្លែងថា​៖ «​ការបញ្ជូន​មេធាវី​ទៅ ឬ​សិទ្ធិ​មាន​មេធាវី​មិនមែន​គ្រាន់តែ​តម្រូវ​ឱ្យ​មាន​មេធាវី​ពេលធ្វើ​សវនាការ​នោះទេ​។ ចំណុច​សំខាន់​នោះ​គឺថា​មេធាវី​ត្រូវការពារ​ក្ដី​នោះ ពួកគាត់​បាន​ទៅ​ស្រាវជ្រាវ​លើ​សំណុំរឿង​ដែល​ត្រូវការពារ​នោះ​ច្បាស់លាស់​ដែរ​ទេ នេះ​ទើប​ជា​ចំណុច​សំខាន់​នៃ​សិទ្ធិ​មាន​មេធាវី​នេះ​»​។

លោក​ ធួន សុធា មេធាវី​ស្ម័គ្រចិត្ត​ ១ ​រូប​ដែល​ត្រូវបាន​ចាត់តាំង​ទៅ​ការពារ​ក្តី​សំណុំរឿង​ដែល​កកស្ទះ​នៅ​សាលាដំបូង​ខេត្ដ​កោះកុង​បាន​លើកឡើង​ថា ចំពោះ​គោលការណ៍​នៃ​ការចុះទៅ​អនុវត្ត​យុទ្ធនាការ​នេះ​គឺ​មេធាវី​ស្ម័គ្រចិត្ត​រង់ចាំ​ស្ដាប់​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ពី​ក្រសួង​យុត្ដិធម៌​ដែរ​។

លោក​ថ្លែងថា​៖ «​យើង​គ្រាន់តែ​ជា​មេធាវី​ស្ម័គ្រចិត្ត​គ្រាន់តែ​ទទួល​អនុវត្ដ​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​។ ដូច​បានឃើញ​នៅក្នុង​លិខិត​របស់​ឯកឧត្ដម​រដ្ឋមន្ដ្រី​ហើយ​ចំពោះ​ការចំណាយ​យ៉ាងម៉េចៗ​គឺ​យើង​រង់ចាំ​អនុវត្ត​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​»​។

លោក ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ថ្លែង​កាលពី​ម្សិលមិញ​ថា ការចាត់​តាំង​ក្រុម​មេធាវី​ថ្មី​ក្នុង​ការចូលរួម​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ក្ដី​នេះ​គឺជា​ចំណុច​វិជ្ជមាន​មួយ​។ ប៉ុន្ដែ​ក្នុងនាម​សង្គម​ស៊ីវិល​ស្នើឱ្យ​មេធាវី​ស្ម័គ្រចិត្ដ កុំ​គ្រាន់តែ​ចូលរួម​អនុវត្ដ​ដើម្បី​គ្រាន់តែ​បំពេញ​ផែនការ​គឺ​ត្រូវការពារ​ក្តី​សំណុំរឿង​ជូន​កូនក្ដី​ឱ្យបាន​ត្រឹមត្រូវ​ទើប​ជា​ការប្រសើរ​។

លោក​ថ្លែងថា​៖ «​យើង​ចង់ឱ្យ​មេធាវី​ទាំងនេះ​ធ្វើ​យ៉ាងណា ធ្វើ​ការងារ​ទៅតាម​វិជ្ជាជីវៈ និង​អនុវត្ដ​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ការពារ​ផលប្រយោជន៍​កូនក្ដី​ឱ្យ​ទទួល​បាន​យុត្ដិធម៌​»​។

លោក កើត រិទ្ធ រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌​បានប្រកាស​បើក​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី-ខេត្ត​កាលពី​ថ្ងៃទី​ ១៨ ខែ​ឧសភា​ក្រោយពី​រកឃើញ​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​កកស្ទះ​ដែល​សាលាដំបូង​រាជធានី-ខេត្ដ​កំពុង​ចាត់ការ​សរុប​ចំនួន​ ៣៩ ១៥២ សំណុំរឿង​។ ក្នុងពេល​បើក​យុទ្ធនាការ​នេះ លោក​រដ្ឋមន្ដ្រី​រំពឹង​ថា នឹង​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី-ខេត្ដ​បាន​ប្រមាណ​ពី​ ៥០ ​ទៅ​ ៧០ ​ភាគរយ​ក្នុង​រយៈពេល​ ៦ ​ខែ​៕