កណ្ដាលៈ ជន​សង្ស័យ​ម្នាក់​ដែល​បើក​ទី​តាំង​ម៉ាស្សា​បង្កប់​សេ​វា​ផ្លូវ​ភេទ​ ត្រូវ​នគរបាល​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​​ខេត្ត​កណ្តាល​​បញ្ជូន​ទៅ​សា​លា​ដំបូង​​ខេត្ត​​កាល​ពី​ម្សិល​មិញ​​បន្ទាប់​ពី​ឃាត់​ខ្លួន​នៅ​ភូមិ​ព្រែកសំ​រោង​សង្កាត់​-​ក្រុ​ង​តា​ខ្មៅ​​ ខេត្ត​កណ្តាល​​កាល​ពី​ថ្ងៃ​ទី ១៩ មីនា។

លោក​ស្រី​ ឈឹម ​វណ្ណ​នី ស្នង​ការ​ រង​ទទួល​ផែន​ប្រឆាំ​ង​អំ​ពើ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិ​ជន នៃ​ស្នងការ​ដ្ឋាន​​នគរ​បាល​ខេត្ត​កណ្តាល​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​​ ករណី​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ កាន់​ កា​ឌី​ អា​យុ​ ៥១ ​ឆ្នាំ​ និង​ជា​ម្ចាស់​ទី​តាំង​ម៉ាស្សា​នោះ​​សមត្ថ​កិច្ច​ជំនាញ​របស់​លោក​ស្រី​បាន​ក​សាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំ​បូង​ខេត្ត​កណ្តាល​នៅ​ថ្ងៃ (ថ្ងៃទី ២១ មីនា​) នេះ។​

លោក​ស្រី​ បាន​ឲ្យ​ដឹង​ថា ការ​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលា​ការ​ដើម្បី​ប្រឈម​នឹង​ច្បាប់​នេះ​គឺ​ក្រោយ​ពី​សមត្ថ​កិច្ច​បាន​សាក​សួ​ររួច​ហើយ​ករណីនេះ​ជនសង្ស័យ​បាន​សារភាព​​ថា ​បាន​ពាក់​ព័ន្ធ​នឹង​សកម្មភាព​នេះ។

លោក​ស្រី​បញ្ជាក់​ថា​៖​ «​ក្នុង​អំពើ​ជួញដូរ​នេះ​គឺ​មាន​តែ​ជនសង្ស័យ​ម្នាក់​ទេ រី​ឯ​នារី​រង​គ្រោះ​ ៦ ​នាក់​មានអ្នក​ខ្លះ​​អាយុ​ក្រោម​ ១​៨ ​ឆ្នាំ​និង​អ្នក​ខ្លះ​លើ​ស ១​៨ ​ឆ្នាំ​យើង​បាន​បំពេញ​នី​តិ​វិ​ធី​ប្រ​​គល់​ពួកគេ​ឲ្យ​ខាង​មន្ទីរ​សង្គម​កិច្ច​ខេត្ត​កណ្តាល​ហើយ»។

លោក​ស្រី ​ឈឹម ​វណ្ណ​នី​ បានរំ​ឭក​ប្រាប់​ថា​ កាល​ពី​ថ្ងៃ​ទី​ ១​៩ ​ខែ ​មីនា​ ឆ្នាំ ​២​០​១​៩ ​នៅ​វេ​លា​ម៉ោង​ប្រ​មាណ​ ៨ កន្លះ​យប់ ​កម្លាំង​សមត្ថកិច្ច​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កណ្តាល​ផែន​បង្ក្រាប​បទ​ល្មើស​ជួញដូរ​បាន​ចុះ​ប្រតិ​បត្តិការ​​បង្ក្រាប​ទី​តាំង​ម៉ា​ស្សា​កោស​ជប់​មួយ​​កន្លែង​ដែល​មាន​យី​ហោ​​ថា​ម៉ាស្សា​ដៃ​ប្រសប់​ ១​៦​៨ ​ស្ថិត​ក្នុង​​ភូមិ​កើត​ហេតុ​ខាង​លើ។​

ក្នុង​ប្រតិបត្តិការ​នោះ​​សមត្ថ​កិច្ច​បាន​ឆែក​ឆេរ​ក្នុង​ផ្ទះ​ម៉ា​ស្សានិ​ង​ប្រ​មូល​បាន​នា​រី​រង​គ្រោះ​ចំ​នួន​ ៦ ​នាក់​ជាមួយ​វត្ថុតាង​ស្រោម​អនា​ម័យ​ប្រើ​រួច​និង​មិន​ទាន់​ប្រើ​បាន​​មួយ​ចំនួន​ និង​ឃាត់​ខ្លួន​បុរស​​សង្ស័យ​​ដែល​ជា​ម្ចាស់​ទីតាំង​ម៉ាស្សា​បាន​ម្នាក់៕