ភ្នំពេញៈ នគរបាល​ខណ្ឌ​សែន​សុខ​ នឹង​បញ្ជូន​​ម្តាយ​ និង​កូន​ស្រី​ ទៅ​សា​​លា​​ដំបូង​រាជ​ធា​នី​​​ភ្នំ​ពេញ​នៅ​ថ្ងៃ​ទី ២​​៧ ​ខែ​ ឧស​ភា ​នេះ ​បន្ទាប់​ពី​ចាប់​ខ្លួន​បាន​ ២ ​ថ្ងៃ​ ក្នុង​រឿង​​សម្លាប់​កូន​ប្រសា​ និង​​ប្តី​​ ពាក់​ព័ន្ធ​នឹង​លុយ​ ១ ​ម៉ឺន​រៀល​ ប្រ​ព្រឹត្ត​នៅ​ភូមិ​ចុង​ថ្នល់​ខាង​លិ​ច ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ។

លោក​ ហួរ​ ម៉េង​​វ៉ាង​ អ​​ធិ​ការ​​​​ខណ្ឌ​​សែន​សុខ​ បាន​ឲ្យ​ដឹង​កាល​​​ពី​ម្សិលមិញ​ថា ​ស្រ្តី​​បង្ក​ហេតុ​ឈ្មោះ​ គង់ ​ធី​​តា ​អា​យុ​ ៤​៩​ ឆ្នាំ​​ រី​​ឯ​កូន​​ស្រី​ឈ្មោះ​​​ ង៉ូយ​​ សុ​ម៉ា​​រី​​ អាយុ​ ២​០ ​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​-​​សង្កាត់​កើតហេ​តុ​​ខាង​លើ​។​ ចំពោះ​ជន​រង​គ្រោះ​​ជា​ប្តី​​​ស្លាប់​​​ឈ្មោះ​ គឹម​​ យ៉ត​ អា​យុ​ ២​៩ ​ឆ្នាំ​​ ជា​បុគ្គលិក​ក្រុម​ហ៊ុន​ឯក​ជន​​។ ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូងរាជ​ធានី ភ្នំពេ​ញ នៅថ្ងៃ​ទី ២៧ ឧសភា។

លោក​ថា​​៖​ «​រឿង​នេះ​កើត​ឡើង​ពី​រឿង​សុំ​លុយ​ និង​មាន​ទំ​នាស់​ប្រចណ្ឌ​គ្នា​ផង»។

លោកបាន​ថ្លែង​តាម​សម្តី​​ស្រ្តី​សង្ស័យ​ថា ​ទំនាស់​​ដែល​ចេះ​តែ​ពូន​​ផ្តុំ​ និង​ឈាន​ដល់​ការ​សម្លាប់​នេះ ​​គឺ​ថា ​រវាង​ជន​រង​គ្រោះ ​និង​ស្រ្តី​ជា​ប្រពន្ធ​បាន​រៀប​ការ​ជាមួយ​គ្នា​​កាល​ពី​ដើម​ឆ្នាំ​ ២​០​១​៩​​។​ នៅ​ពេល​នោះ​ស្រ្តី​សង្ស័យ​បាន​សុំ​ជន​រងគ្រោះ​​ទៅ​ចុះ​លិ​ខិ​ត​​អាពាហ៍ពិពាហ៍ ដើម្បី​ឲ្យ​ស្រប​ច្បាប់​​ ប៉ុន្តែ​ជន​រង​គ្រោះ​​ ចេះ​តែ​ប្រកែក​។ ​ម៉្យាង​ពួក​គេ​ ក៏​កើត​​​មាន​ការ​សង្ស័យ​ប្រចណ្ឌ​នឹង​គ្នា​ផងដែរ។​

លោក​ សុខ ​សុ​ផល​ នាយ​​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទឹក​ថ្លា​ ក៏​បាន​​​ថ្លែង​​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ដែរ​ថា​ ករណី​នេះ​អាច​ផ្តើម​ចេញ​ពី​ជម្លោះ​​រឿង​លុយ​កាក់​​ ដែល​ស្រ្តី​ជា​ប្រពន្ធ​សុំ​លុយ​​ជនរងគ្រោះ​​ តែ​ជន​រង​គ្រោះ​​មិន​ឲ្យ​និង​គួប​ផ្សំ​មាន​រឿង​ទំ​នាស់​​ក្នុង​គ្រួសារ​ផ្សេងៗ​ទៀត​ផង។

លោក​បន្ត​ថា​៖ ​«​រឿង​នេះ​ស្រ្តី​សង្ស័យ​ថា ​ដំបូង​កើត​ឡើង​មិ​មែន​មាន​តែ​រឿង​សុំ​លុយ​ ១ ​ម៉ឺន​រៀល​ទេ​ ប៉ុន្តែ​ក៏​មាន​ទំនាស់​គ្នា​រឿង​ផ្សេង​ៗ​ទៀត​ដែរ»។

​លោកប្រាប់​តាម​សម្តី​សារ​​ភាព​របស់​ស្រ្តី​សង្ស័យ​​ទាំង​ ២ ​នាក់​ថា​​ នៅ​មុន​ពេល​កើត​ហេតុ​ ជន​រងគ្រោះ ​មិន​ស្រួល​ខ្លួន​ហើយ​ស្រ្តី​ជា​ប្រពន្ធ​បាន​ហៅ​ម្តាយ​មក​ដើម្បី​ជួយ​មើល​ថែ​។​ នៅ​ពេល​នោះ​ ស្រ្តី​​ជា​ប្រពន្ធ​ បាន​សុំ​លុយ​ប្តី​ចំនួន​១​ម៉ឺ​នរៀ​ល ​ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ឲ្យ។​

លោក​បន្ត​ថា​ ដោយ​សារ​តែ​រឿង​សុំ​លុយ​មិន​ឲ្យ​នេះ​ហើយ​ ទើប​ទាំង​ ២ ​នាក់​ប្តី​ ប្រពន្ធ​​ មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ ហើយ​ជនរង គ្រោះ​​​ក៏​បាន​ចាប់​ច្របាច់​​ក​ប្រពន្ធ​។​ នៅ​ពេល​នោះ ស្រ្តី​ជា​​ប្រពន្ធ​បាន​ស្រែក​ហៅ​​ម្តាយ​ឲ្យចូ​ល​ជួយ​​ គ្រា​នោះ​​ស្រ្តី​ជា​ម្តាយក៏​​បាន​ស្ទុះ​ចូល​​ទៅ​ជួយ​កូន​​​ស្រី ដោយ​ដៃ​​មាន​កាន់​កាំបិត​ប៉័ង​តោ​មួយ​ផង​​ ហើយ​បាន​​កាប់​ត្រូវ​សៀត​ផ្កា​​និង​កញ្ចឹងក​របស់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ដួល។

​ដោយ​សារ​តែ​ខ្លាច​ជន​រង​គ្រោះ​ត​ដៃ​ស្រ្តី​ជា​ប្រពន្ធបាន​យក​ខ្សែ​ភ្លើង​ និង​ស្កុត​ចង​រុំ​ដៃ ​និង​ជើង ​រួច​យក​កូន​កាំ​បិត​ចិត​បន្លែ​​ចាក់​ត្រង់​បំ​ពង់​ក​ចំ​នួន​ ២ ​កាំ​បិត​បន្ថែម​​​​ទៀត ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​តែម្តង។

បន្ទា​ប់​ពី​សម្លាប់​ជន​រង​គ្រោះ​​រួច​ហើយ​ ស្ត្រី​ទាំង​ ២ នាក់​ម្តាយ​កូន ក៏​បាន​ចាក់​សោ​​​បន្ទប់​​ជួល​ហើយ​នាំ​​គ្នា​ទៅ​​ប្រាប់​ឪ​​ពុក​ប្រាប់​​ប្តី​ ដែល​ជា​នគរបាលនៅ​​ ពេល​នោះ ឪពុក​​​​ក៏នាំ​ខ្លួន​ពួកគេ​​មក​សារភាព​ប្រាប់​សមត្ថកិច្ច​តែម្តង៕