បាត់ដំបង/រតនគិរីៈ យុវជនម្នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនខេត្តបាត់ដំបង បន្ទាប់ពីបង្កហេតុដុតផ្ទះខ្លួនឯងកាលពីថ្ងៃទី ២៩ មីនា ស្របពេលដែលបុរសម្នាក់ទៀតត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារខេត្តរតនគិរីកាលពីថ្ងៃទី ២៨ មីនា ដោយសារដុតផ្ទះខ្លួនឯងដូចគ្នា នៅភូមិអូររមៀត សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
លោក ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ពីថ្ងៃអាទិត្យថា យុវជនម្នាក់ឈ្មោះ អេង រតនា អាយុ ២៩ ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនខ្លួនទៅមណ្ឌលបន្សាបគ្រឿងញៀនខេត្តបាត់ដំបងបន្ទាប់ពីបានបង្កហេតុដុតផ្ទះបានប៉ុន្មានម៉ោងកាលពីថ្ងៃទី ២៩ មីនា រួចមក។
លោកបានប្រាប់ថា៖ «សមត្ថកិច្ចខ្ញុំប្រគល់ជនបង្កទៅមណ្ឌលបន្សាបគ្រឿងញៀនព្រោះមានការអនុញ្ញាតពីគ្រួសារគាត់ដោយសារក្នុងទឹកនោមរបស់គាត់មានសារធាតុញៀន»។
លោកបានឲ្យដឹងថានៅវេលាម៉ោង ៧ កន្លះព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២០ ជនបង្កដែលត្រូវជាកូនបង្កើតរបស់លោក គ្រុយ គឹមអេង អាយុ ៧១ ឆ្នាំ បានដុតផ្ទះខ្លួនឯងដែលមានលេខ ២៦០ ក្នុងភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុង-ខេត្តបាត់ដំបង ដោយសារខឹងឪពុកម្តាយស្តីបន្ទោស។ ប៉ុន្តែហេតុការណ៍នេះគ្មានសមាជិកក្នុងគ្រួសាររងគ្រោះទេ។
លោកបញ្ជាក់ថា៖ «ភ្លាមៗបន្ទាប់ពីកើតហេតុកម្លាំងនគរបាលក្រុងបានយករថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងផ្ទាល់ចំនួន ២ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៣ ឡានទើបពន្លត់ភ្លើងរលត់ ហើយបានឃាត់ខ្លួនយុវជនម្នាក់ជាកូនម្ចាស់ផ្ទះ និងជាអ្នកបង្កហេតុយកទៅសាកសួរ»។
លោកបានបន្តថា ក្រោយពីសាកសួររួចសមត្ថកិច្ចក៏បានប្រគល់ឲ្យខាងមណ្ឌលបន្សាបគ្រឿងញៀនខេត្តបាត់ដំបងតាមសំណើឪពុកម្តាយរបស់ជនបង្ក។ ប៉ុន្តែយុវជនរូបនោះមានសភាពញៀនថ្នាំជោកជាំ ព្រោះរូបគេហាក់និយាយស្តីមិនដឹងអ្វីទាំងអស់ ហើយថែមទាំងបម្រុងលោតពីលើដំបូលផ្ទះរបស់ខ្លួនកម្ពស់ជាង ១០ ម៉ែត្រទៀតផង តែត្រូវសមត្ថកិច្ចជួយទាន់។
ករណីដោយឡែកមួយទៀតបុរសម្នាក់ឈ្មោះ ហេ សុជា អាយុ ៣៨ ឆ្នាំ ដែលគ្មានមុខរបរពិតប្រាកដ និងជាប្តីរបស់ស្ត្រីឈ្មោះ ណុប សុភ័ណ្ឌ អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរបោកអ៊ុតត្រូវបានសាលាដំបូងខេត្តរតនគិរីឃុំខ្លួនកាលពីថ្ងៃទី ២៨ មីនា បន្ទាប់ពីប្រើអំពើហិង្សាវាយប្រពន្ធរបស់ខ្លួន និងដុតផ្ទះប្រក់ស័ង្កសីដែលមានទំហំ ៥ ម៉ែត្រគុណ ៦ ម៉ែត្ររបស់ខ្លួនឯង បណ្ដាលឲ្យឆេះអស់ នៅភូមិអូររមៀត សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
លោក តេង សាវុធ អធិការក្រុងបានលុងបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា ជនបង្កខាងលើនេះត្រូវបានតុលាការឃុំខ្លួនរួចហើយ ពាក់ព័ន្ធនឹងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ និងប្រើហិង្សាលើប្រពន្ធរបស់គាត់។ ប៉ុន្តែលោកមិនចាំថា ចោទពីបទអីទេ ដោយសារឯកសារនៃករណីនេះមិននៅនឹងលោក។
ក៏ប៉ុន្តែលោកបានបញ្ជាក់ថា៖ «គាត់ជាមនុស្សប្រមឹក ហើយប្រើហិង្សាវាយប្រពន្ធរាល់ថ្ងៃសូម្បីកូនស្ត្រីគាត់តូចៗ ២ នាក់ក៏រត់មិនហ៊ាននៅផ្ទះដែរ»៕