
អគារសាលាធម្មសភានៅវត្តប្រាសាទគោកចកបាក់រលំថ្ងៃទី ២ ធ្នូនៅសៀមរាប។ រូបថត អាជ្ញាធរអប្សរា
សៀមរាបៈ សំណុំរឿងបាក់រលំអគារសាលាធម្មសភានៅវត្តប្រាសាទគោកចក នាខេត្តសៀមរាបត្រូវបានបញ្ជូនទៅឲ្យតុលាការចាត់ការបន្តហើយ ដោយសារតែនគរបាលមិនអាចធ្វើសេចក្តីសន្និដ្ឋានការងារបច្ចេកទេសនៃការសាងសង់ដែលនាំឲ្យមានការបាក់រលំសាលាធម្មសភានោះ និងក៏មិនអាចកំណត់ថា បុគ្គលណាម្នាក់ជាអ្នកទទួលខុសត្រូវ ឬត្រូវចោទប្រកាន់ ទោះយ៉ាងណាមិនទាន់មានជនណាម្នាក់ត្រូវបានចោទប្រកាន់នៅឡើយទេ។
លោក ភឹង ចិន្ដារ៉េត ស្នងការរងនគរបាលខេត្តសៀមរាបប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ១៨ ធ្នូ ថាមូលហេតុដែលខាងនគរបាលបានបញ្ជូនសំណុំរឿងបាក់រលំសាលាធម្មសភាទៅឱ្យតុលាការស៊ើបអង្កេតបន្ត ទាំងគ្មានការចោទប្រកាន់ និងចាប់បញ្ជូនអ្នកណាម្នាក់ដើម្បីឱ្យទទួលខុសត្រូវក្នុងសំណុំរឿងនេះគឺដោយសារនគរបាលមិនអាចធ្វើសេចក្ដីសន្និដ្ឋានអំពីការងារបច្ចេកទេសនៃការសាងសង់ដែលនាំឱ្យមានការបាក់រលំសាលាធម្មសភានេះ។ លោកបន្តថា សំណុំរឿងនៃការបាក់រលំសាលាធម្មសភានេះត្រូវបានបញ្ជូនទៅតុលាការតាំងពីថ្ងៃទី ៩ ខែធ្នូ។
លោកបញ្ជាក់ថា៖ «ប៉ូលិសអត់ជំនាញខាងសំណង់ទេ។ អ៊ីចឹងបានយើងបញ្ជូនសំណុំរឿងទៅតុលាការឱ្យតុលាការជាសមត្ថកិច្ចវិញ ព្រោះតុលាការមានសិទ្ធិតម្រូវឱ្យខាងក្រសួងសំណង់ និងនគរូបនីយកម្មធ្វើការពិនិត្យបច្ចេកទេសដែលបណ្ដាលឱ្យបាក់សំណង់ហ្នឹង»។
កាលពីថ្ងៃទី ២ ខែធ្នូ សាលាធម្មសភាកម្ពស់ ៨ ម៉ែត្រ ទទឹងប្រវែង ៣០ ម៉ែត្រ និងបណ្ដោយប្រវែង ៤០ ម៉ែត្រក្នុងវត្តប្រាសាទគោកចកក្នុងក្រុងសៀមរាប បានបាក់រលំនៅវេលាម៉ោង ២ និង ១៤ នាទីរសៀល អំឡុងពេលកំពុងចាក់ប្លង់សេដែលបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៣ នាក់ និងរបួសធ្ងន់ស្រាលចំនួន ១១ នាក់ក្នុងនោះមានព្រះសង្ឃចំនួន ២ អង្គផង។
លោក ចិន្តារ៉េត ឲ្យដឹងថា ក្នុងចំណោមអ្នករងរបួសទាំងនេះគឺខ្លះបានចេញពីមន្ទីរពេទ្យហើយដោយឡែកមេការសំណង់ម្នាក់ឈ្មោះ យ៉ាត ភឿង អាយុ ៥២ ឆ្នាំ ដែលរងរបួសធ្ងន់ដោយសារការបាក់ឆ្អឹងជំនីរ និងបាក់ដៃត្រូវបានបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស។ លោកសន្និដ្ឋានជាបឋមថា បុរសម្នាក់នេះក្នុងនាមជាមេការសំណង់អាចជាអ្នកទទួលខុសត្រូវក្នុងហេតុការណ៍បាក់រលំសាលាធម្មសភានេះ។
លោក យិន ស្រាង មន្ត្រីនាំពាក្យសាលាដំបូងខេត្តសៀមរាបប្រាប់ថា សំណុំរឿងដែលប៉ូលិសបញ្ជូនមកតុលាការនេះកំពុងស្ថិតនៅខាងរដ្ឋបាលរៀបចំបែបបទនៅឡើយមុនត្រូវបញ្ជូនមកខាងព្រះរាជអាជ្ញា។ លោកបន្តថា មានតែព្រះរាជអាជ្ញាប៉ុណ្ណោះដែលមានសិទ្ធិផ្ដាច់មុខក្នុងការចោទប្រកាន់អ្នកណាម្នាក់ឱ្យចេញមុខទទួលខុសត្រូវក្នុងសំណុំរឿងនេះ។
លោកថា៖ «ការបញ្ជូនទៅព្រះរាជអាជ្ញានៅពេលណាចាំមើលខ្ញុំសួរទៅមន្ត្រីកាន់ការងារអយ្យការហ្នឹង តើគាត់ធ្វើកិច្ចការរដ្ឋបាលចប់ហើយនៅ។ ពាក់ព័ន្ធនឹងសំណុំរឿងនេះគេចាត់ការយ៉ាងម៉េច សូមសួរទៅខាងអ្នកនាំពាក្យតំណាងអយ្យការវិញច្បាស់ជាង»។
លោក រៀម ចន្ទម្នី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាបបានបញ្ជាក់ថា តាមនីតិវិធីនៅពេលសំណុំរឿងបានដាក់ដល់ដៃព្រះរាជអាជ្ញា នៅពេលនោះនឹងមានព្រះរាជអាជ្ញារងម្នាក់កាន់សំណុំរឿងនេះ ដើម្បីកោះហៅជនរងគ្រោះ និងអ្នកពាក់ព័ន្ធមកសាកសួរដើម្បីផ្ដល់ចម្លើយក្នុងតុលាការ។
លោកថា៖ «នីតិវិធី គឺគេឱ្យព្រះរាជអាជ្ញាម្នាក់ទទួលបន្ទុកសំណុំរឿងហ្នឹងចាត់ការហៅអ្នករងគ្រោះ ឬអ្នកពាក់ព័ន្ធក្នុងសំណុំរឿងមកផ្ដល់ចម្លើយក្នុងតុលាការ ដើម្បីពិនិត្យមើល»។
លោកបន្តថា ពាក់ព័ន្ធនឹងសំណុំរឿងដែលមិនមានឈ្មោះជនត្រូវចោទដែលមិនមែនជាសំណុំរឿងបទល្មើសជាក់ស្ដែងនោះ គឺព្រះរាជអាជ្ញាអាចមានរយៈពេលយូរក្នុងការស៊ើបសួរ ដើម្បីដឹងថា តើសំណុំរឿងនោះអាចមានអ្នកត្រូវចោទប្រកាន់ដែរឬទេ។
លោកបន្ថែមថា ប្រសិនបើអ្នកត្រូវទទួលខុសត្រូវក្នុងសំណុំរឿងត្រូវស្លាប់ សំណុំរឿងនោះគ្មានអ្នកទទួលខុសត្រូវខាងព្រហ្មទណ្ឌឡើយ ហើយនឹងត្រូវសម្រេចបិទសំណុំរឿងចោល។
លោក ស៊ូ លីដា ជាបងថ្លៃរបស់ឈ្មោះ លី សំណាង ដែលជាវិស្វករស្លាប់ក្នុងករណីបាក់សាលាធម្មសភាបាននិយាយថា ប្អូនថ្លៃរបស់លោកគឺមិនមែនជាអ្នកដឹកនាំការសាងសង់ឡើយ ប៉ុន្តែគ្រាន់តែត្រូវបានព្រះសង្ឃពឹងឱ្យទៅជួយមើលការចាក់ប្លង់សេរបស់កម្មករប៉ុណ្ណោះ។
លោកបន្តថាសាលាធម្មសភានោះ ព្រះសង្ឃជាអ្នកជួលកម្មករ និងដឹកនាំការសាងសង់ផ្ទាល់ ហើយសាលានេះបានចាប់ផ្ដើមសាងសង់អស់រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែបានផ្អាកនៅពេលខ្វះថវិកា។
លោកបញ្ជាក់ថា សសរគឺបានចាក់តាំងពី ២-៣ ឆ្នាំមុនរួមទាំងធ្នឹម និងរន្ទាក៏មានរយៈពេលយូរហើយដែរ មុនឈានដល់ការចាក់ប្លង់សេកាលពីថ្ងៃទី ២ ធ្នូកន្លងទៅ។ លោកថា៖ «លី សំណាង ហ្នឹងក៏បានទៅយក រន្ទាពីក្រុមហ៊ុនរបស់ខ្លួនដើម្បីមកជួយដាក់ទ្រដែរ ប៉ុន្តែអត់ដឹងថា មានបញ្ហាបាក់សសរហ្នឹងទាំងអស់ក៏មានឧបទ្ទវហេតុដល់គាត់ទៅ»។
បើតាមលោក លីដា លោក សំណាង មានអាយុ ៣៣ ឆ្នាំមានកូនស្រីចំនួន ២ នាក់ និងកូនម្នាក់កំពុងនៅក្នុងផ្ទៃ។ លោកបញ្ជាក់ថា ក្រុមគ្រួសារមិនបានសម្រេចដាក់ពាក្យបណ្ដឹងអ្នកណាម្នាក់ដើម្បីស្វែងរកយុត្តិធម៌ឡើយ ដោយសារតែចាត់ទុកថា វាជាឧបទ្ទវហេតុ។
លោកនិយាយថា៖ «និយាយចំទៅ វាឧបទ្ទវហេតុ ឬជាការងារដែលយើងមិនដឹងថា គួរទៅប្ដឹងពីណាដោយសារតែការងារហ្នឹង គឺជាការងាររបស់លោក (ព្រះសង្ឃ)»។
កាលពីថ្ងៃទី ១៨ ធ្នូ ព្រះចៅអធិការវត្តប្រាសាទគោកចកមានសង្ឃដីកាថា ព្រះអង្គកំពុងជាប់រវល់ក្នុងពិធីបង្សុកូលដែលពិបាកក្នុងការផ្ដល់សម្ភាសន៍។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាបានលើកឡើងថា សំណុំរឿងនេះហាក់ដូចជាជនរងគ្រោះពិបាកទទួលបានយុត្តិធម៌ណាស់ ពីព្រោះសំណុំរឿងដែលបញ្ជូនទៅតុលាការ ដោយគ្មានអ្នកណាម្នាក់ត្រូវបានចោទប្រកាន់ពីការទទួលខុសត្រូវនឹងអាចត្រូវទុកចោលមិនចាត់ការ។ លោកថ្លែងថា៖ «សំណុំរឿងនេះបើគ្មានមេធាវី ឬអ្នកតំណាងឱ្យពួកគាត់ (ប្ដឹង) ទេ គឺយុត្តិធម៌សម្រាប់ពួកគាត់គឺមានតិចតួចណាស់»៕