ភ្នំពេញៈ សមត្ថកិច្ច​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​បញ្ជូន​ស្ត្រី​ចំណាស់​ម្នាក់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ​ បន្ទាប់ពី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១ កញ្ញា ពាក់ព័ន្ធ​ករណី​បង្ខំ​ក្មេងប្រុស-ស្រី​ ៧ ​នាក់​ឲ្យ​ដើរ​សុំទាន​នៅ​រាជធានី​ភ្នំពេញ​។

លោក កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ពី​ម្សិលមិញ​ថា ស្ត្រី​សង្ស័យ​មាន​នោះ ឈ្មោះ អ៊ុ យឿន អាយុ​ ៥៨ ​ឆ្នាំ​ជា​ជនជាតិខ្មែរ តែ​មិន​មាន​មុខរបរ និង​លំនៅ​ច្បាស់លាស់​ទេ​។ សមត្ថកិច្ច​របស់​លោក​បាន​សាកសួរ​ស្ត្រី​សង្ស័យ​ម្នាក់​នោះ​រួចរាល់​ហើយ ហើយ​ត្រូវបញ្ជូន​គាត់​បន្ត​មក​សាលាដំបូង​រាជធានី-ភ្នំពេញ​នៅ​ថ្ងៃទី​ ៣ កញ្ញា​នេះ​។

លោក​ថ្លែងថា​៖ «​ស្ត្រី​ចំណាស់​ម្នាក់​នោះបាន​ឲ្យ​កុមារៗ​ដើរ​សុំទាន​ហើយ​កុមារ​ដែល​ខាង​ការិយាល័យ​ខ្ញុំ​ប្រមូលបាន​ ៧ ​នាក់​នោះ ខ្ញុំ​បាន​បញ្ជូន​ទៅ​មន្ទីរសង្គមកិច្ច​អស់ហើយ​»​។

លោក កែវ ធា ឲ្យ​ដឹង​បន្តថា បើ​តាម​ចម្លើយ​សារភាព​របស់​ស្ត្រី​សង្ស័យថា ជា​រៀងរាល់​ព្រឹក​គាត់​បាន​នាំ​ក្មេងៗ​ទៅ​សុំទាន​នៅតាម​សួនច្បារ​ម្តុំ​សណ្ឋាគារ​សុខា​ត្រើយ​ខាងកើត​រហូត​ដល់ពេល​ល្ងាច ទើប​គាត់​នាំ​ពួកគេ​ទៅ​ដេក​នៅតាម​សំយាបផ្ទះ​ពលរដ្ឋ​នៅ​ម្ដុំ​សង្កាត់​ជ្រោយចង្វារ​វិញ​។ ចំពោះ​ក្មេង​ម្នាក់ៗ​ក្នុង​ ១ ​ថ្ងៃ ដើរ​សុំទាន​ពី​ភ្ញៀវ​បាន​លុយ​ចន្លោះ​ពី​ ២ ​ម៉ឺន ទៅ​ ៣ ​ម៉ឺន​រៀល ប៉ុន្តែ​ស្ត្រី​នោះ​យក​ទាំងអស់​ដោយ​ទុក​ឲ្យ​ពួកគេ​ម្នាក់ៗ​ចាយ​ពី​ ១ ​ពាន់​ទៅ​ ២ ​ពាន់​រៀល​ប៉ុណ្ណោះ​។

លោក​ឲ្យ​ដឹង​ដែរ​ថា ប្រតិបត្តិការ​ចាប់ខ្លួន​នេះ​គឺ​មាន​ការចូលរួម​សហការ​ពី​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​, ​អង្គការ​មេត្រី​អន្តរជាតិ​ (AIM), អង្គការ​ពន្លក​ថ្មី និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ចំណុច​តាម​សួនច្បារ ម្តុំ​សណ្ឋាគារ​សុខា ផ្លូវ​ទន្លេសាប សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ​។ ក្នុង​នោះ​សមត្ថកិច្ច​លោក​បាន​ឃាត់ខ្លួន​បាន​ស្ត្រី​ម្នាក់ និង​រំដោះ​បាន​កុមារា-កុមារី​ចំនួន​ ៧ ​នាក់​។ បន្ទាប់មក​បាន​ប្រគល់​កុមារ​ទាំងនោះ​ទៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី មុំ ចាន់ដានី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី-ភ្នំពេញ​ឲ្យ​ដឹង​ពី​ម្សិលមិញ​ដែរ​ថា កុមារ​ទាំង​ ៧ ​នាក់​នោះ​មាន​ ៥ ​នាក់​ ជា​កុមារា​ និង​ ២ ​នាក់ ​ជា​កុមារី​ ដែល​មាន​អាយុ​ចន្លោះ​ពី​ ២ ​ឆ្នាំ​ទៅ​ ៦ ​ឆ្នាំ ប៉ុន្តែ​ពួកគេ​សុទ្ធតែ​មិន​ចេះ​អក្សរ​។ តាម​ចម្លើយ​របស់​កុមារ​នោះ​ថា ពួកគេ​រស់នៅ​ម្តុំ​ច្រាំង​ចំរេះ ប៉ុន្តែ​លោកស្រី​មិនទាន់​យកជាការ​បាន​ទេ ព្រោះ​ខ្លាច​ក្មេង​ទាំងនោះ​នៅ​តូច​មិន​ស្គាល់​លំនៅ​ច្បាស់លាស់​។

លោកស្រី​បាន​បន្តថា បន្ទាប់ពី​ទទួល​បាន​កុមារ​ទាំង​ ៧ ​នាក់​មក​គឺ​មន្ត្រី​របស់​លោកស្រី​កំពុង​សួរ​ពី​ប្រវត្តិ​របស់​ពួកគេ​ជាមួយ​នឹង​ការពិនិត្យ​សុខភាព និង​ផ្តល់​អាហារ​ឲ្យ​ហូបចុក​ផង​។ ​ចំណែក​​ម្តាយ​ឪពុក​ ឬ​សាច់ញាតិ​របស់​ពួកគេ​វិញ​គឺ​មន្ត្រី​របស់​លោកស្រី​កំពុង​ស្រាវជ្រាវ​រក​មិនទាន់​ឃើញ​ទេ​។ ​តែបើ​ក្នុង​ករណី​​ពួកគេ​មិនមាន​ម្តាយ​ឪពុក​វិញ គឺ​ខាង​មន្ទីរ​សង្គមកិច្ច​មាន​មណ្ឌល​មួយ​សម្រាប់​ឲ្យ​ពួកគេ​ស្នាក់នៅ​ដែល​ហៅថា​មណ្ឌល​​ថែទាំ​ជំនួស​។

លោកស្រី​បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ខាង​មន្ទីរ​សង្គមកិច្ច​រាជធានី​មាន​ដៃគូ​សហការ​ក្នុង​ការថែទាំ​ក្មេង​ទាំង​រដ្ឋ និង​អង្គការ​ព្រមទាំង​មាន​មណ្ឌល​គាំទ្រ​កុមារ​នៅតាម​សហគមន៍​ផងដែរ​៕