ភ្នំពេញៈសមត្ថកិច្ចក្រសួងមហាផ្ទៃបានបញ្ជូនសំណុំរឿង និងលោកស្នងការរងខេត្តកំពតទទួលផែនពន្លត់អគ្គិភ័យ និងអាវុធជាតិផ្ទុះ ឈ្មោះ អ៊ឹម ឈួន អាយុ ៥១ ឆ្នាំ និងបុរសជាបក្ខពួក ២ នាក់ទៀត ទៅសាលាដំបូង កាលពីល្ងាចម្សិលមិញ បន្ទាប់ពីឃាត់ខ្លួនកាលពីយប់ថ្ងៃទី ៦ ខែមេសា ពាក់ព័ន្ធករណីជួញគ្រឿងញៀន។ នេះបើតាមលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកនេះ។
លោក ម៉ក់ ជីតូ បានឱ្យដឹងថា អ៊ឹម ឈួន ត្រូវបានចាប់ខ្លួនជាមួយបក្ខពួក ២ នាក់ រួមមាន ឈ្មោះ កែវ ទិត្យមេសា អាយុ ២១ ឆ្នាំ និងឈ្មោះ ហុង គា អាយុ ៦១ ឆ្នាំ ដោយមានទាំងវត្ថុតាងគ្រឿងញៀនប្រភេទ Ice Methamphetamine ជិត ២ គីឡូក្រាម នៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកបានបញ្ជាក់ថា៖ «ក្រុមជនសង្ស័យទាំង ៣ នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃពុធ»។ ពេលនេះសមត្ថកិច្ចជំនាញកំពុងពង្រីកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធនៅតាមបណ្ដាខេត្តមួយចំនួនទៀត៕