បន្ទាយមានជ័យ៖ សមត្ថកិច្ច​ការិ​យា​ល័យ​ប្រ​ឆាំង​​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​បញ្ជូន​ស្រ្តី​វ័យ​ចំ​ណាស់​ម្នាក់​ និង​គ្រឿង​ញៀន​មេតំ​ហ្វេ​តា​មីន​ជាង​ ២ ​គីឡូ​ ទៅ​​សា​លា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ពី​មិញ (៨ សីហា)​ បន្ទាប់​ពី​ចាប់​ខ្លួននៅ​ភូមិ​ភ្នំ​កន្ទួត​ សង្កាត់​កំពង់​ស្វាយ ​ក្រុង​​សិរី​សោ​ភ័ណ ​ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ថ្ងៃ​ទី ៥​ សីហា ​ឆ្នាំ ២​០​១​៩។

លោក ​ង៉េង ​សុជា ​ស្នង​ការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿង​ញៀនបាន​ប្រាប់​កាល​ពីថ្ងៃ​ទី ​៨​ សីហា​​ ថា​ ស្រ្តី​សង្ស័យ​ជួញដូរ​គ្រឿង​ញៀន​មា​ន​​ឈ្មោះ​ ឆៃ ​ឌិច​ឡា​មី ​ហៅ​​ ហ៊ុច​ អាយុ ​៤៨​ ឆ្នាំ​ មាន​លំនៅ​​ផ្ទះ​លេខ​ ១ ​ស្ថិត​ក្នុង​ភូមិ​-​ឃុំ​ខាង​លើ​ ។ស្រ្តី​សង្ស័យ​ត្រូវ​បាន​​សមត្ថ​កិច្ច​របស់​លោក​បញ្ជូន​ទៅ​សាលា​ដំបូង ​ខេត្តប​ន្ទាយ​មា​ន​ជ័យ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៨សីហានេះ ​។​

ពាក់​ព័ន្ធ​ការចាប់​ខ្លួន​ស្រ្តី​សង្ស័យ​ខាង​លើ​នេះ​ លោក​បាន​ប្រាប់​ឲ្យ​ថា​ ស្រ្តីឈ្មោះ​​ ឆៃ ​ឌិច​ឡា​មី ​ត្រូវ​​បាន​សមត្ថ​កិច្ច​តាម​ដាន​ជា​ច្រើន​ខែ​មក​ហើយ​ដោយ​សង្ស័យ​ថា​ជា​មុខ​សញ្ញា​រក​ស៊ី​ជួញ​ដូរ​គ្រឿង​ញៀន ​។​​ ដូច្នេះហើយ​ទើបសមត្ថកិច្ច​របស់​លោក​បាន​សុំ​​យោ​បល់​បី​អយ្យ​ការ​អម​សា​លា​ដំបូង​ខេត្តដើ​ម្បី​ចាប់​ខ្លួន​គាត់​។ បន្ទាប់​មកត្រូ​វខាង​​​អយ្យ​ការអម​សា​លា​ដំបូ​ង​ខេត្ត​ បាន​ចេញ​ដី​កា​ឲ្យ​ចាប់​ខ្លួន​ស្រ្តី​សង្ស័យ​តែ​ម្តង ​។

លោក​បន្ត​ថា ​លុះ​ដល់​វេលា​ម៉ោង ​១២ ​និង​ ១០​ នាទី​ ថ្ងៃ​ត្រង់​ថ្ងៃទី ​៥ ​ខែ ​សីហា ​ឆ្នាំ ​២០១៩​ សមត្ថ​កិច្ច​បាន​ចុះ​ប្រតិ​បត្តិ​ការ​និង​ឃាត់​ខ្លួន​ស្រ្តី​សង្ស័យ​ហើយ​ឈាន​ទៅ​ឆែកឆេរ​ក្នុង​​លំនៅ​ឋាន​របស់​ស្រ្តី​សង្ស័យ​ក៏​​​រក​ឃើញ​គ្រឿង​ញៀន​ប្រភេទ​មេតំ​ហ្វេតា​មីន (ICE)​​ ម៉ាទឹក​កក​ទម្ងន់​ ១​៨​២​៤​,​១​៩​ ក្រាម ​និង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តាមី​ន​ប្រភេទ​គ្រាប់ ​(WY)​ ទម្ងន់​ ២២៨​,៩៦​ ក្រាម​ទៀត​ ដែល​សរុប​ទាំង​អស់​មាន​ទម្ងន់​ ២០៥៣​,​១៥​ ក្រាម​ ​ ។​

លោកបញ្ជាក់​ប្រាប់​ថា​៖​ «​សមត្ថ​កិច្ច​​របស់​យើង​ចាប់ខ្លួន​​ស្រ្តី​ម្នាក់​នេះ ​ដោយ​សារ​គាត់​ជា​មុខ​សញ្ញា​ចាស់​ ហើយ​គាត់​ក៏​មាន​ដី​កា​បញ្ជាឲ្យ​ចាប់​ខ្លួន​​ពី​តុលា​ការ​ខេត្ត ​បន្ទាយ​មាន​ជ័យ​ដែរ​»៕