ពោធិ៍សាត់ៈ នគរបាល​ខេត្ត​ពោធិ៍សាត់​កាលពី​ម្សិលមិញ​បាន​បញ្ជូន​អ្នក​កាសែត​ ៤ ​នាក់​ និង​ស្ត្រី​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​ បន្ទាប់ពី​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​សង្ស័យថា​បាន​គំរាម​ទារប្រាក់​ពី​ពលរដ្ឋ​ដែល​រកស៊ី​លក់​ប្រេងឥន្ធនៈ​។ នេះ​បើតាម​លោក​ស្នងការរង​នគរបាល​ខេត្តពោធិ៍សាត់​។

លោក​វរសេនីយ៍ឯក ម៉ូ លីដា ស្នងការរង​នគរបាល​ទទួលបន្ទុក​ការងារ​ព្រហ្មទណ្ឌ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា នគរបាល​ខេត្ត​បាន​បញ្ជូន​អ្នក​កាសែត​ ៤ ​នាក់ និង​ស្រី្ត​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃទី​​ ២១ ខែសីហា បន្ទាប់ពី​ឃាត់​ខ្លូន​ពួកគេ​ពាក់ព័ន្ធ​ករណី​គំរាម​ទារប្រាក់​ពី​ម្ចាស់​ស្ថានីយ​ប្រេង​មួយ​កាលពី​ថ្ងៃ​ ១៩ ខែសីហា នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។

លោក​ថា​៖ «​យើង​បញ្ជូន​នៅ​ល្ងាច​នេះ​យើង​បាន​ឃាត់ខ្លួន​ពួកគេ បន្ទាប់ពី​មាន​ពលរដ្ឋ​ប្តឹង​ថា​បាន​ទារលុយ​ពី​ម្ចាស់​ហ្គារ៉ាស់សាំង​។ ​គាត់​គំរាម​ទារ​​លុយ​ពី​ ២ ​ទៅ​ ៣០០ ​ដុល្លារ​ជា​ថ្នូរ​នឹង​​សម្រួលការ​ផាកពិន័យ​ម្ចាស់​ហ្គារ៉ាស់សាំង តែ​ម្ចាស់​ហ្គារ៉ាស់សាំង​ថា គ្មាន​​លុយ តែ​បានប្រគល់​ឲ្យ​ ១០ ​ដុលា្លរ ហើយ​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​»​។

លោក​បាន​ឲ្យ​ដឹងថា អ្នក​សារព័ត៌មាន​ ៤ ​នាក់​នោះ​មានឈ្មោះ ឯម សូវិសាល ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ​នៅ​អង្គភាព​សារព័ត៌មាន​ (TNC) ឈ្មោះ រុំ រដ្ឋា ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ នៅ​អង្គភាព​សារព័ត៌មាន​ (NTC) ​ថុង គឹមងួន ភេទ​ប្រុស អាយុ​ ៤០ ​ឆ្នាំ នៅ​អង្គភាព​សារព័ត៌មាន​ (PCN) និង ឯម សុវិសិដ្ឋ ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ នៅ​​អង្គភាព​សារព័ត៌មាន (CPN)​។ រីឯ​​ស្ត្រី​ម្នាក់ ឈ្មោះ សុំ គឹមសៀ អាយុ​ ២១ ​ឆ្នាំ​ជា​ប្រពន្ធ​ឈ្មោះ ឯម សុវិសិដ្ឋ ដែល​រួម​ដំណើរ​ជាមួយ​គ្នា​។

ទោះ​ជា​យ៉ាងណា​លោក ម៉ូលីដា បាន​អះអាង​ថា​បើតាម​ចម្លើយ គឺ​​អ្នកកាសែត​ ៤ ​នាក់​ និង​ស្រី្ត​ម្នាក់​នោះ​បាន​បដិសេធ ហើយ​ថា​ពួកគេ​មិន​បាន​​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ​។

លោក ផុស សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិនទាន់​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណីនេះ​ទេ ប៉ុន្តែ​លោក​ថា កន្លងមក​ធ្លាប់​មាន​ករណី​អ្នកកាសែត​មួយចំនួន​តូច​បាន​បំពាន​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​ក្រសួង​ព័ត៌មាន​បាន​ខិតខំ​ផ្សព្វផ្សាយ​ និង​អប់រំ​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​កាន់តែ​ច្បាស់​ពី​វិជ្ជាជីវៈ​របស់ខ្លួន​។

លោក​បាន​បញ្ជាក់ថា​៖ «​កន្លងទៅ​យើង​ឃើញ​មាន​ ៣ ​ករណី​ធំៗ​ដែល​ពាក់ព័ន្ធ​នឹង​ការគំរាមកំហែង​ដោយ​​បាន​រំលោភ​ទៅលើ​វិជ្ជាជីវៈ​របស់ខ្លួន​។

គាត់​មិនត្រូវ​អាង​ខ្លួន​កាន់​កាត​កាសែត​ហើយ​ចុះទៅ​ជំរិត​ទារលុយ​គេ​គឺ​វា​ខុស​នឹង​វិជ្ជាជីវៈ​»​។

កាលពី​ម្សិលមិញ ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​រក​ប្រភព​ទាក់ទង​អ្នកកាសែត​​ទាំង​ ៤ ​នោះ​ដើម្បី​សុំ​ការអត្ថាធិប្បាយ​​បានទេ​។ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​​ក្នុងស្រុក​ ១ ​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ២០ ខែសីហា ឲ្យ​ដឹងថា​ឈ្មោះ ឯម សូវិសាល និង​ឈ្មោះ ឯម សុវិសិដ្ឋ គឺ ជា​កូនភ្លោះ​នឹង​គ្នា​។ រីឯ​ឈ្មោះ​ ថុង គឹមងួន កាលពី ៣-៤ ខែ​មុន​ធ្លាប់​បាន​គំរាម​ទារលុយ​ ២០ ​ម៉ឺន​រៀល​ដែល​មាន​ឈើ​ទុក​ក្រោមផ្ទះ នៅ​ភូមិ​បំណក់ ស្រុក​ក្រគរ ដោយ​អះអាង​ថា​ក្រុម​ខ្លួន​ជា​មេព្រៃ នគរបាល​ក្រសួង ហើយ​ពេលនោះ​ត្រូវ​បាន​ពលរដ្ឋ​ខ្លះ​ដែល​អត់លុយ​ឲ្យ​ក៏​ប្តឹងទៅ​សមត្ថកិច្ច​។

សារព័ត៌​នោះ​បញ្ជាក់​ថា​៖ «​ក្រុម​អ្នកកាសែត​ខិលខូច​នេះ​តែង​ដើរ​បោកប្រាស់​គេ​ស្ទើរ​គ្រប់​ខេត្ត ពេល​ទៅ​ដល់​កន្លែង​កាយ​រណ្តៅ​ដី តាំងខ្លួន​ជា​អង្គភាព​ក្រសួង​រ៉ែ និង​ក្រសួងបរិស្ថាន​ដល់​ប្រទះឃើញ​អ្នកដឹកឈើ​គឺ​តាំង​​ជា​មេព្រៃ​មកពី​ក្រសួងកសិកម្ម​។ បើ​ជួប​បទល្មើស​ល្បែងស៊ីសង​ពួកគេ​ទាំងនោះ​តាំងខ្លួន​ជា​នគរបាល​ហើយ​ពួកនេះ​ទារលុយ​គេ​ច្រើនៗ​ណាស់ បើ​មិន​ឲ្យ​គេ​ដាក់​កម្លាំង​មក​បង្ក្រាប​»​។

កាលពី​ថ្ងៃ​ ១៩ ខែកក្កដា ឆ្នាំ​ ២០១៩ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​ឃាត់ខ្លួន​លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ និង​លោក កែវ រតនា ចាងហ្វាង​កាសែត​ TN រួមទាំង មនុស្ស​ ៥ ​នាក់​ទៀត​ដើម្បី​សួរនាំ​ពាក់ព័ន្ធ​បញ្ហាដីធ្លី​នៅ​ក្រុងព្រះសីហនុ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​ដោះលែង​វិញ​៕