តាកែវៈ កងរាជ​អាវុធហត្ថ​ខេត្តតាកែវ​កំពុង​រៀបចំ​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ ២ ​នាក់​ទៅ​​សាលាដំបូង​ខេត្តតាកែវ​នៅ​ថ្ងៃ​​នេះ ពាក់ព័ន្ធ​ករណី​ជួញ​គ្រឿងញៀន​ជិត​ ៦ ​គីឡូ បន្ទាប់ពី​ចាប់ខ្លួន​ពី​យប់​ថ្ងៃទី​ ២២ មីនា នៅ​ភូមិ​ពេជ្រចង្វារ ឃុំ​បឹងត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ​ និង​ម្នាក់​ចាប់​នៅ​ភ្នំពេញ​។

លោក​វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង​កងរាជ​អាវុធហត្ថ​ខេត្តតាកែវ បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ចែម គឹមស្រ៊ុន ភេទ​ប្រុស​អាយុ​ ២៧ ​ឆ្នាំ​រស់នៅ​ភូមិ​ពេជ្រចង្វារ ឃុំ​បឹងត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ និង​ម្នាក់ទៀត​ឈ្មោះ​ ហេង ច្រឹប ភេទ​ស្រី អាយុ​ ៣១ ​ឆ្នាំ​មាន​លំនៅ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ ។

លោក​ថា​៖ «​ករណីនេះ មន្ត្រី​ជំនាញ​យើង​បាន​សាកសួរ​ជនសង្ស័យ​ និង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ទៅតាម​នីតិវិធី​ច្បាប់​អស់ហើយ ហើយ​យើង​បញ្ជូន​ពួកគេ​​ទៅ​តុលាការ​នៅ​ថ្ងៃស្អែក​នេះ​ (​ថ្ងៃទី​ ២៦ មីនា​)»​។

លោក​បន្តថា មុន​បង្ក្រាប​គឺ​សមត្ថកិច្ច​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្ត​បាន​ស្រាវជ្រាវ​ដឹងថា​មាន​ករណី​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សំរោង​។

បន្ទាប់មក​ក៏​សុំ​ការសម្របសម្រួល​​ផ្លូវច្បាប់​ពី​លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​តាកែវ​ដើម្បី​ចុះ​ប្រតិបត្តិការ​។

លោក​បន្តទៀតថា ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ និង​ទទួលបញ្ជា​ពី​លោក​ ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដោយ​មាន​កិច្ចសហការ​ពី​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ផង​។ ក្នុង​ប្រតិបត្តិការ​នៅ​ម៉ោង​​ជាង​ ១០ ​យប់​ថ្ងៃទី​ ២២ មីនា​នោះ​សមត្ថកិច្ច​ក៏​ចាប់​បាន​ឈ្មោះ​ ចែម គឹមស្រ៊ុន ។ រីឯ​វត្ថុតាង​ដែល​ដកហូត​មាន​ម្សៅ​ក្រាម​ពណ៌​សថ្លា​ (​សង្ស័យ​គ្រឿងញៀន​) បាន​ចំនួន​ ១ ​កញ្ចប់​​ទម្ងន់​ ២៥,៩១ ​ក្រាម និង​ទូរស័ព្ទ​ដៃ​ ១ ​គ្រឿង ។

បើតាម​លោក ចាន់ធី បន្ទាប់ពី​សួរចម្លើយ​ឈ្មោះ​ ចែម គឹមស្រ៊ុន បាន​សារភាព​ថា រូបគេ​ជា​អ្នកយក​គ្រឿងញៀន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ហេង ច្រឹប នៅ​សង្កាត់​ចោមចៅ​ ៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​រួច​ដឹក​មក​ចែកចាយ​នៅ​តាកែវ​។

បន្ទាប់មក សមត្ថកិច្ច​លោក​បាន​សុំ​សហការ​ពី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដោយ​មាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទើប​ចាប់​បាន​ស្ត្រី​ឈ្មោះ ហេង ច្រឹប ស្នាក់នៅ​ផ្ទះជួល​ក្នុង​ភូមិ​ព្រៃទា​ ១ សង្កាត់​ចោមចៅ​ ៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

លោក ចាន់ធី បន្តថា លុះ​ទៅ​​ឆែកឆេរ​ផ្ទះជួល​ឈ្មោះ ហេង ច្រឹប ១ ​កន្លែង​ទៀត​នៅក្នុង​ភូមិ សង្កាត់​ដដែល​ក៏​ឃើញ​ម្សៅ​ក្រាម​ពណ៌​សថ្លា​ (ICE) ​ចំនួន​ ៥ ​ដុំ​ធំ និង​ ៥ ​កញ្ចប់​តូច​ដែល​មាន​ទម្ងន់ ៥ ៤៩៨,៨២ ​ក្រាម ម៉ូតូ​ ១ ​គ្រឿង និង​ស្លាក​លេខ​រថយន្ត​ចំនួន​ ៦ ​បន្ទះ​ដែល​ស្មើនឹង​រថយន្ត​ ៣ ​គ្រឿង​៕