ភ្នំពេញ: សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​ភ្នំពេញ​ពីថ្ងៃ​ទី​ ២១ ខែមិថុនា បន្ទាប់ពី​ឃាត់ខ្លួន​ករណី​មិន​ស្តាប់​ការណែនាំ​នគរបាល​ចរាចរណ៍​នៅ​ម្តុំ​រង្វង់មូល​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ហើយ​​បាន​បើក​រថយន្ត​លឿន​បង្ក​ឲ្យ​មន្ត្រី​ចរាចរណ៍​ម្នាក់​ដួល​។

លោក​ សែម រតនា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជនបង្ក​ឈ្មោះ ​ពុធ មនោរម្យ ត្រូវ​បាន​នគរបាល​​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​ ២១ ខែ​​មិថុនា​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។

លោក​ថា​៖ «​យើង​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​បាន​ដឹង​ពី​នីតិវិធី​របស់​តុលាការ​ទេ​...»​។

លោក​ គុជ គឹមឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា សំណុំរឿង​​នេះ​កំពុង​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញារង​ ឡុង ជៀប សាកសួរ​តែ​មិនទាន់​សម្រេច​យ៉ាងណាទេ​។

លោក​បញ្ជាក់​ថា​៖ «​លោក​ព្រះរាជអាជ្ញារង​ ឡុង ជៀប កំពុង​​សួរ​គាត់ មិនទាន់​ចប់​ទេ ព្រោះ​ជនសង្ស័យ​កំពុង​ត្រូវការ​មេធាវី​ជួយ​ការពារ​រឿងក្ដី​ហ្នឹង​ឲ្យ​គាត់ ប្រសិន​បើ​លោក​ព្រះរាជអាជ្ញារង​សួរ​ចប់​ ឬ​សម្រេច​យ៉ាងណា​ទៀត​ចាំ​ខ្ញុំ​ជម្រាប​ជូន​ពេល​ក្រោយ​ទៀត​»​។

លោក​ ចេវ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​បន្ទុក​ចរាចរណ៍​ផ្លូវគោក​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពី​ករណី​នេះ​កាលពី​ម្សិលមិញ ដោយ​លោក​ថា កំពុង​រវល់​ខ្លាំង​។

លោក​ ម៉ន វុធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ករណី​នេះ​សមត្ថកិច្ច​លោក​មិនមែន​ជា​អ្នក​រៀបចំ​សំណុំរឿង​ទេ​។

លោក​ថា​៖ «​មន្ត្រី​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ជា​អ្នកចាត់ចែង​រឿងនេះ ខាង​ខ្ញុំ​អត់​ពាក់ព័ន្ធ​ទេ​។ ​តែ​រឿងនេះ ខ្ញុំ​បាន​ដឹង​​ថា សមត្ថកិច្ច​បាន​បញ្ជូន​ទាំង​សំណុំរឿង និង​ជនសង្ស័យ​ទៅ​តុលាការ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹង​តុលាការ​សម្រេច​បែបណា​ទេ​»​។

តាម​របាយការណ៍​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ក្រៅពី​បើក​រថយន្ត​បង្ក​ឲ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ដួល ជននេះ​​បាន​ប្រើ​ស្លាក​លេខ​មិន​ត្រឹមត្រូវ​ដោយ​យក​ស្លាក​លេខ​រថយន្ត​ផ្សេង​មក​ពាក់​លើ​រថយន្ត​ខ្លួន​។

តាម​របាយការណ៍​នេះ ជនបង្ក​ត្រូវ​បាន​ចោទប្រកាន់​លើ​ ៣ ​ចំណុច​ផ្សេងគ្នា​រួមមាន ទី​១- ​ការរារាំង​សមត្ថកិច្ច​ពេល​កំពុង​អនុវត្ត​ការងារ ទី​២- ​ការប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​ (​យក​ស្លាកលេខ​រថយន្ត​ផ្សេង​មក​ពាក់​) ​និង​ទី​៣- ​បើក​រត់គេច​ពី​កន្លែង​កើតហេតុ​ក្នុង​គោលបំណង​គេចវេះ​ពី​ការទទួល​ខុសត្រូវ​៕