ភ្នំពេញ៖ បុរស​អ្នក​បើក​រថយន្ត​ម្នាក់​ត្រូវ​បាន​នគរបាល​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ ពាក់ព័ន្ធ​ករណី​វាយ​នគរបាល​យាម​គោលដៅ​បិទ​ខ្ទប់​នៅ​ភូមិ​ត្រពាំងទា សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ពី​ថ្ងៃទី ៣០ ខែ​មេសា។

លោក​វរសេនីយ៍ឯក សាន សុខសីហា អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២​ឧសភា​នេះ​ថា ជន​សង្ស័យ​មានឈ្មោះ ឈួន ពុទ្ធា ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១ ឧសភា។ ក៏​ប៉ុន្តែ​គិត​ត្រឹម​រសៀល​ថ្ងៃទី ២ ឧសភា​នេះ លោក​មិន​ទាន់​ដឹង​ថា ជន​នោះ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ឬ​មួយ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក​បាន​ថ្លែង​ថា៖ «រឿង​នេះ ​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ខាង​តុលាការ​ទេ។ ជន​សង្ស័យ​បាន​ល្មើស​នឹង​បម្រាម​បិទ​ខ្ទប់»។

លោក​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា មុន​កើត​ហេតុ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ បាន​យាម​ប្រចាំការ​នៅ​គោលដៅ​ត្រួត​ពិនិត្យ​ក្នុង​គោល​បំណង​ការពារ​មិន​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដោយ​មិន​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល។

លោក​បាន​បន្ត​ថា ខណៈ​សមត្ថកិច្ច​កំពុង​អនុវត្ត​ភារកិច្ច​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះឈ្នះ​ក្នុង​ភូមិ​ត្រពាំងទា សង្កាត់​សំរោងក្រោម ក៏​មាន​រថយន្ត ១ គ្រឿង​ម៉ាកនីសាន់ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-8709 មាន​សណ្ដោង​ទូ​កុងតឺន័រ​ឆ្លង​កាត់​គោលដៅ​នោះ​។ ពេល​នោះ​សមត្ថកិច្ច​បាន​ឃាត់​ឱ្យ​រថយន្ត តែ​ជន​សង្ស័យ​នៅ​តែ​បើក​រថយន្ត​ឆ្លង​កាត់​គោលដៅ​បិទ​ខ្ទប់​នោះ ទើប​កម្លាំង​នគរបាល​បាន​ដេញ​តាម​ទាន់ ខណៈ​ជនសង្ស័យ​កំពុង​បម្រុង​បើក​ចូល​ក្នុង​ក្រុមហ៊ុន​ផែ​ស្ងួត អ៊ុយញ៉ុង។

លោក​បន្ត​ថា ពេល​នោះ​សមត្ថកិច្ច​បាន​ហៅ​ជន​សង្ស័យ​មក​ប្រាប់​តាម​សម្រួល​តែ​ត្រូវ​ជន​សង្ស័យ​យក​ដៃ​វាយ​លើ​សមត្ថកិច្ច​ត្រូវ​ចំ​ចុង​ចិញ្ចើម​ខាង​ស្តាំ​បណ្ដាល​ឱ្យ​ពក និង​ជាំ។

ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់ ឬ​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​យ៉ាង​ណា​នោះ លោក គុជ គឹមឡុង អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅ​រសៀល​ថ្ងៃទី ២ ឧសភា​នេះ​ថា ករណី​នេះ លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ខាង​អយ្យការ​នៅ​ឡើយ​ទេ៕