The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បញ្ជូនឧកញ៉ា ស៊ឹង សំអុល​ និង​បក្ខពួក ៣ នាក់​ ទៅ​តុលាការ

បញ្ជូនឧកញ៉ា ស៊ឹង សំអុល​ និង​បក្ខពួក ៣ នាក់​ ទៅ​តុលាការ

Content image - Phnom Penh Post
លោក ឧកញ៉ា ស៊ឹង សំអុល កាលពីមុនពេលចាប់ខ្លួន។ ហ្វេសប៊ុក

បញ្ជូនឧកញ៉ា ស៊ឹង សំអុល​ និង​បក្ខពួក ៣ នាក់​ ទៅ​តុលាការ

មណ្ឌលគិរី/ព្រះវិហារៈ លោក​ឧកញ៉ា ស៊ឹង សំអុល ម្ចាស់​ក្រុម​ហ៊ុនម៉ាស្ទ័​រ​ខេ​សាន់ និង​បក្ខពួក ​៣ នាក់​ ត្រូវ​បាន​កងរាជ​អាវុធហត្ថ​បញ្ជូន​ខ្លួន​ទៅ​សា​លាដំបូង​ខេត្ត​មណ្ឌល​គិរី​កាល​ពី​ម្សិលមិញពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ ខណៈ​លោក សៅ សុខា​ មេប​ញ្ជាកា​រ​អាវុធហ​ត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រកាស​តាម​ចាប់​អ្នក​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ព្រៃឈើ​បែន្ថម​ទៀត។

លោក មាស ប្រុស អ្នក​នាំពាក្យ​​សាលា​ដំបូង​ខេត្ត​មណ្ឌលគិ​រី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ពី​ម្សិលមិញ​ថា លោក​បាន​ទទួ​ល​​សំណុំរឿង​លោក​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​ ៣ ​នាក់​នោះហើ​យ ដោយ​លោក ម៉ម វណ្ណា ព្រះរាជ​អាជ្ញា​​ទើប​សាក​សួរ​បាន​ម្នាក់។​

លោក​​ថា៖ «៣ នាក់​ទៀត នឹង​បន្ត​សួរ​នៅ​ថ្ងៃទី​ ១២ ​កក្កដា ​ទៀត ឥឡូវ​នេះ ខ្ញុំ​មិន​ទាន់​ដឹង​ថា តុលា​ការ​សម្រេច​បែប​ណា​ទេ»។

លោក​ អេង ហ៊ី អ្នក​នាំពា​ក្យកងរាជ​អាវុ​ធ​ហត្ថ​លើ​ផ្ទៃប្រទេស​បា​ន​បដិ​សេធ​ការ​ធ្វើ​អត្ថាធិ​ប្បាយ​​កាលពី​​ម្សិល​មិញ​ដោយ​លោក​ឲ្យសួ​រទៅ​តុ​លាកា​រ​ខេត្ត។ ​ប៉ុន្ដែ​​លោ​ក​បា​ន​សរសេរ​លើ​​ហ្វេ​ស​ប៊ុ​ក​រ​បស់លោក​ថា រថយ​ន្ត​ដឹកឈើ​ល្មើសច្បា​ប់​៤គ្រឿង​បម្រើ​ឲ្យ​បទល្មើស​​ព្រៃឈើ ដែល​រក​ឃើ​ញ​ក្នុង​ព្រៃ​ជ្រៅក្នុង​ស្រុក​កោះ​ញែកនោះ​ត្រូវបាន​សម​ត្ថកិច្ច​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​ ដោយ​ប្រើ​ម្សៅ TNT។ ចំណែ​ក រថយន្ត​ល្មើស​ជាង​ ៤០​ គ្រឿង​ទៀត​ ដែល​​រឹបអូស​នោះ​រង់ចាំ​បំផ្លាញ​ចោល​​ពេល​ក្រោយ​។

លោក​ អ៊ាង ម៉េង​លី មន្ត្រី​​សមា​គម​ការពារ​សិទ្ធិម​នុស្ស (អាដ​ហុក) ប្រចាំ​ខេត្ត​មណ្ឌ​លគិរី​ ថ្លែងថា​ លោក​បាន​ទទួ​ល​ព័ត៌មាន​​នេះ ប៉ុន្ដែ​លោក​មិន​ទាន់​ដឹង​ច្បាស់​ពី​សំណុំរឿងនិង​នីតិវិ​ធីតុ​លាកា​រ​នៅ​ឡើយ។ ​​«ខ្ញុំ​នៅ​បន្ត​តាម​ដាន​រឿង​ហ្នឹង​ទៀត​សិន ក្នុងអំឡុង​ពេល​នេះ ខ្ញុំ​អត់​ទាន់​បាន​ទទួល​ព័ត៌​មាន​លម្អិត​ទេ»។

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ត្រូវ​បាន​សារ​ព័ត៌​មាន Fresh News ដក​ស្រង់​សម្ដី​កាល​ពីថ្ងៃទី​ ១០​ កក្កដា​ ថា​៖​ «អ្នក​ដែល​ប្រឆាំង​ជា​មួយ​នឹង​កិច្ច​ការ​ពារ​ព្រៃ​ឈើ រាប់​ទាំង​អ្នក​សារ​ព័ត៌​មាន​ដែរ ក៏​នឹងត្រូវ​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់។គេកា​ប់​​ឈើ​អស់​លោក​ស្រែក​អា​ឡេ​អា​ឡូ ដឹក​ត្រូវ ក៏​ស្រែក ដឹក​មិនត្រូវ​ ក៏​ស្រែក ឥឡូវ​ខ្ញុំ​បង្ក្រាប​អស់លោក​ស្រែក អស់លោក​ត្រូវ​តែ​​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់ ដែលជា​ការ​រួមផ្សំ​ជាមួយ​បទល្មើស»។

លោក​បន្តថា គ្មាន​នរណា​នៅ​ពីលើ​ផ្លូវច្បាប់​ទេ។បទ​ប​ញ្ជា​រហូត​ប្រើប្រាស់​ឧទ្ធម្ភាគ​ចក្របាញ់​សម្លាប់​អ្នក​ដែល​កាប់​ឈើ តែ​រហូតមក​ដល់​ពេលនេះ​លោក​មិនទា​ន់សម្លាប់​មនុស្ស​ទេ លោក​បំផ្លា​ញ​តែ​មធ្យោ​បាយ​ តែ​ជនល្មើស​បាន​ចូល​ពន្ធនាគារ​រួចហើយ។

លោក​ថា៖ «ខ្ញុំ​ត្រូវ​ដោះដូរ​តម្លៃ​ជាតិ​ ធន​ធាន​ធម្ម​ជា​តិ​ និង​ទទួល​ខុស​ត្រូវជា​មន្ដ្រី​អនុវត្ត​ច្បាប់ និង​បទបញ្ជា​រាជរដ្ឋាភិបាល​ស្រប​តាម​ច្បាប់​ ជាមួយ​ជន​ល្មើស​មិន​ថា​ខ្មែរ ឬ​បរទេស​ទេ សុំ​ទោស​ម៉ោង​នេះជួយ​ផ្សព្វផ្សាយ​កុំ​ឲ្យ​មាន​អ្នក​កាប់​ឈើ ហើយ​មធ្យោបាយ​ដែល​មានរួ​ចហើយ សូម​យក​ទៅ​រក​ស៊ី និង​ប្រើ​ប្រាស់​តាម​ផ្លូវ​ច្បាប់»។

លោក គ្រើ​ង តុលា សកម្ម​ជន​ការពារ​ព្រៃ​ឈើ​ខេត្ត​មណ្ឌល​គិរី​បាន​ថ្លែង​ថា លោក​សប្បាយ​ចិត្ត​ចំពោះ​កា​រតាំ​ង​ចិត្ត​របស់​​លោក សៅ សុខា ប៉ុន្ដែ​លោក​​សង្ឃឹម​តិច​ណាស់ ព្រោះ​កន្លង​មក​ករណី​បង្ក្រាប​បទល្មើ​សព្រៃឈើក៏​មា​ន​ថ្នាក់​ដឹ​កនាំ​​​មួយ​ចំ​នួន​​​តាំង​ចិត្ត​​បែប​នេះ​ដែរ​។

លោក​​បន្តថា​ ប្រសិន​បើ​មានកា​រ​តាំង​ចិត្ត​បែប​នេះ​ កាល​ពី​​ជាង ១​០​ ឆ្នាំ​មុន​ ព្រៃ​ឈើ​កម្ពុជា​នឹងមិ​ន​រេច​រឹលឬ​មាន​វិនា​សកម្ម​ដូ​ច​សព្វថ្ងៃ​នេះ​ទេ «ខ្ញុំ​ក៏មិន​សូវយល់​ពី​ទឹកចិត្ត​គាត់​ដែរ គឺ​ព្រៃ​ឈើ​ជិត​រ​លាយ​អស់ហើ​យ​គាត់​​​ទើប​តែ​តាំង​ចិត្ត​​ដូច​ជា​ អ្នក​ក្លាហាន​​ណាស់​អ៊ីចឹ​ង ប៉ុន្ដែ​យ៉ាងណា ខ្ញុំ​ក៏​គាំទ្រ​គាត់​ដែរ បើ​តាំងចិត្ត​ការពារ​ពីថ្ងៃ​នេះ​ទៅ គឺអាច​សង្គ្រោះ​បាន​ខ្លះ​ មិន​​អត់​ប្រយោជន៍​ទាំង​ស្រុង​ទេ»។

ករណី​ស្រដៀង​គ្នា​នេះដែរ កាលពីថ្ងៃទី ៩ និង​ថ្ងៃទី ១០ ខែ កក្កដា​ សមត្ថកិច្ច​ចម្រុះ​ខេត្តព្រះវិហារបាន​បង្ក្រាប​ទីតាំង​សិប្ប​កម្ម​​លួចលាក់​កែច្នៃ​ឈើ​ខុស​ច្បាប់ និង​ទីតាំង​លួច​លាក់​ស្តុក​ឈើ​ក្នុងព្រៃនៅ​ភូមិ​ពាក់ស្បែក ឃុំ​រំដោះ​ស្រែ និង​ភូមិ​រុង​រឿង​​ ១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ។

លោក ម៉ក់ បញ្ញា នាយផ្នែករដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំ​ក្សាន្ត​បាន​ថ្លែង​ថា ប្រតិ​បត្តិ​ការ​នេះ ដឹកនាំ​ដោយ​លោក ស្រ៊ុន ឡេង​សៀក នាយរង​សេនា​ធិការ​ប្រចាំ​ទិស​ស្រុក​ជាំ​ក្សាន្ត ជា​មួយ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​ដឹកនាំ​ដោយ​លោក ចាន់ វិទ្យា នាយរង​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ជាំ​ក្សាន្ត ដោយ​មាន​ការស​ម្រប​ស​ម្រួ​ល​​ពី​លោក ទី សុវណ្ណ​ថា​ល់ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ។

លោក​បន្ត​ថា វត្ថុ​តាង​ដែល​កម្លាំងចម្រុះ រឹបអូស​នៅ​តាម​ទីតាំង​ទាំង ២ ​នេះ​មានដូចជា តាប​ឈូស​ឈើ ១ គ្រឿង ម៉ាស៊ីន​វៀល ១ គ្រឿង ម៉ូ​ទ័​រ​ខាត់​ចំនួន ២ ​គ្រឿង ម៉ាស៊ីន​គោយន្ត​ចំនួន ២ ​គ្រឿង​ និង​ឈើ​ប្រណីត​ដែល​បាន​ច្រៀក​សរុប​ចំនួនជាង ៣ ​ម៉ែ​ត្រ​គុប។ «ចំណែក​ម្ចាស់​ទីតាំង​សិប្បកម្ម​កែច្នែខុស​ច្បាប់ យើង​ផាក​ពិ​ន័យ​គាត់​ទៅតាម​ច្បាប់ ​និង​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​ប​ញ្ឈប់បន្ត​សកម្ម​ភាព​លួច​លាក់​កែច្នៃឈើបន្ត​ទៀត បើ​ពុំ​នោះ​ទេ នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»៕

អត្ថបទគួរចាប់អារម្មណ៍