ត្បូងឃ្មុំៈ គ្រាប់បែកអាមេរិកមួយគ្រាប់ដែលទម្លាក់ក្នុងអំឡុងសង្គ្រាមវៀតណាមត្រូវបានយកចេញពីដីស្រែមួយក្នុងខេត្តត្បូងឃ្មុំកាលពីថ្ងៃសុក្រដែលនេះជាការបង្ហាញថាគ្រាប់មិនទាន់ផ្ទុះបន្សល់ពីសង្គ្រាមបន្តយាយីកម្ពុជាបើទោះជាអ្នកស្លាប់ និងរបួសដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះមានការធ្លាក់ចុះក៏ដោយ។
គ្រាប់បែក Mark 82 មានទម្ងន់ ២២៧ គីឡូក្រាមត្រូវបានប្រទះឃើញនៅសប្តាហ៍មុនដែលកប់ក្នុងដីក្នុងជម្រៅ ៣ ម៉ែត្រនៅខាងក្រៅភូមិជើងឡង ក្នុងឃុំសួង ក្រុងសួង ខេត្ដត្បូងឃ្មុំ។
បើតាមលោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តការរកឃើញនេះក្រោយពីម្ចាស់ដីរាយការណ៍ហើយលោកបានហៅមន្ត្រី CMAC ឲ្យដោះ និងដឹកយកគ្រាប់នេះចេញ។
លោកបន្តថា៖ «គ្រាប់នេះអាចផ្ទុះបើមិនត្រូវបានដោះដោយអ្នកជំនាញ»។
គ្រាប់បែកដែលមានបណ្តោយ ២ ម៉ែត្រនេះត្រូវបានយកទៅខេត្តកំពង់ឆ្នាំងដើម្បីរក្សាទុកឲ្យមានសុវត្ថិភាពមុនពេលកម្ទេច។
ករណីប្រទះឃើញគ្រាប់បែកនេះគឺក្នុងពេល ៦ ខែបន្ទាប់ពីមានបុរសម្នាក់ស្លាប់ និងប្រពន្ធគាត់រងរបួសនៅស្រុក ត្បូងឃ្មុំ ក្រោយពេលជីកដីប៉ះមីននៅជិតផ្ទះ។ ទន្ទឹមនេះកាលខែមុនការផ្ទុះមីន និងគ្រាប់មិនទាន់ផ្ទុះបានសម្លាប់ទាហានម្នាក់ក្នុងខេត្តឧត្តរមានជ័យ និងបានធ្វើឲ្យស្រ្តីម្នាក់ពិការភ្នែកក្នុងខេត្តពោធិ៍សាត់។
ទោះយ៉ាងណា CMAC បានរាយការណ៍ថាចំនួនអ្នកស្លាប់ និងរបួសដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះចំនួន ៦៦ នាក់ត្រូវបានកត់ត្រាក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះមានការធ្លាក់ចុះ ៣៥ ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ការអភិវឌ្ឍមួយចំនួនក្នុងកិច្ចប្រឹងប្រែងរបស់កម្ពុជាដើម្បីដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះក៏ត្រូវបានឃើញមានផងដែរក្នុងឆ្នាំ ២០១៥។
នៅខែឧសភា CMAC បានសម្ពោធបង្ហាញក្រុមមុជទឹកដែលបណ្តុះបណ្តាលពិសេសក្នុងការដោះមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងទឹក ខណៈកាលពីខែ មិថុនា មានការផ្ដើមធ្វើតេស្តអំពីប្រសិទ្ធភាពនៃកណ្តុរអាហ្វ្រិកដែលត្រូវបានបណ្តុះបណ្តាលក្នុងការស្វែងរកមីន៕ PS