ភ្នំពេញៈ មនុស្សប្រុស-ស្រី ២ នាក់ ត្រូវបាននគរបាលរាជធានីភ្នំពេញបញ្ជូនទៅតុលាការពីម្សិលមិញ ខណៈ ៤០ នាក់ទៀត បញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន បន្ទាប់ពីសមត្ថកិច្ចរកឃើញពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងចំណោមមនុស្ស ៧០ នាក់ដែលត្រូវបានឃាត់ខ្លួននៅក្លិបកម្សាន្តឈ្មោះផ្លាយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ៩ កុម្ភៈ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់កាលពីម្សិលមិញថា ក្រោយពីសាកសួរមនុស្ស ៧០ នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះគឺមន្ត្រីជំនាញបានរកឃើញមាន ២ នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និង ៤០ នាក់ ជាអ្នកប្រើប្រាស់។ ចំណែក ២៨ នាក់ទៀត មិនជាប់ពាក់ព័ន្ធទេ។
លោកបានឲ្យដឹងថា មនុស្ស ២ នាក់ ដែលសមត្ថកិច្ចបញ្ជូនទៅតុលាការនោះ ទី១ ឈ្មោះ ឃាង ដារ៉ា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិក្តីចាស់ ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្តាល និងទី២ ឈ្មោះ រ័ត្ន ធានី ភេទស្រី អាយុ ៣៧ ឆ្នាំជាមេការនៅមណ្ឌលកម្សាន្តក្លិបផ្លាយ។
ចំណែក ៤០ នាក់ ដែលប្រើប្រាស់គ្រឿងញៀនត្រូវបានបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន ខណៈ ២៨ នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យវិលទៅលំនៅឋានរៀងៗខ្លួនវិញ។
លោកបញ្ជាក់ថា៖ «អ្នកទាំង ៤២ នាក់នោះ សមត្ថកិច្ចខ្ញុំបានបែងចែកបញ្ជូនទៅតុលាការក្រុងភ្នំពេញ ២ នាក់ និងទៅមណ្ឌលបន្សាប ៤០ នាក់ នៅថ្ងៃនេះ (ថ្ងៃ ១៣ កុម្ភៈ) ក្រោយពីបានបញ្ចប់នីតិវិធីសាកសួរ»។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបង្ហាញថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅម៉ោងជាង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ៩ កុម្ភៈ នៅមណ្ឌលកម្សាន្តយីហោឈ្មោះ ផ្លាយ តាមផ្លូវកែវចិន្តា ភូមិ ៣ សង្កាត់ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ចឃាត់បានមនុស្ស ៧០ នាក់ និងរកឃើញគ្រឿងញៀនក្រាមពណ៌ស (ខេតាមីន) ចំនួន ១០១ កញ្ចប់ ថ្នាំគ្រាប់ពណ៌ស្លែចំនួន ៤៤ គ្រាប់ ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន ១៦ គ្រាប់ ជញ្ជីងថ្លឹងចំនួន ១ ម្សៅពណ៌សថ្លាចំនួន ៣៥ កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួន និងម៉ូតូ ៣៧ គ្រឿង ព្រមទាំងរថយន្តចំនួន ៧ គ្រឿងផង។
បើតាមកំណត់ហេតុដដែលការបង្ក្រាបនេះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី ភ្នំពេញដោយមានការចូលរួមពីសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍ និងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារផងដែរ។
លោក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារកាលពីថ្ងៃទី ១២ ខែកុម្ភៈ មិនបានបញ្ជាក់បន្ថែមជុំវិញការបង្ក្រាបក្លិបកម្សាន្តផ្លាយនេះទេដោយលោកគ្រាន់តែបានបញ្ជាក់ថា សមត្ថកិច្ចរបស់លោកបានចូលរួមសហការ ប៉ុន្តែខាងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលជាអ្នកអនុវត្តការងារនេះ៕