ព្រះសីហនុៈ រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ថ្ងៃចន្ទ​បាន​បញ្ឈប់​ការសាង​សង់ និង​បាន​យក​គ្រឿងចក្រ​វាយ​កម្ទេចសំណង់​ធ្វើ​ពី​គ្រោង​ដែកនិង​ថ្ម​របស់​ជនជាតិ​ចិន​ចំនួន​ ២ ទី​តាំង​​ នៅ​​តំបន់​ឆ្នេរ​អូរត្រេះ ១ ក្នុងក្រុង​ព្រះ​សីហនុ​ បន្ទាប់​ពីរ​កឃើ​ញ​សំណ​ង់​ទាំ​ងនេះសង់​ឡើង​ខុស​ច្បាប់​រំលោភ​លើ​តំបន់​ឆ្នេរ​ ខណៈ​ការ​ត្រួត​ពិនិត្យ​សំណង់​ទើប​ធ្វើ​បាន​ជាង​ ១០០ ​ទីតាំង​ នៅ​ក្នុង​ខេត្ត​នេះ​។

លោក​ ឃាង ភារម្យ អ្នក​នាំពា​ក្យ​រដ្ឋ​បាល​ខេត្ដព្រះ​សីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​ពី​ម្សិល​មិញ​ថា ការ​អនុ​វត្ដ​វិធាន​ការ​នេះបានធ្វើ​ឡើង តាម​​បញ្ជាពី​លោក គួច​ ចំរើន អភិបាល​ខេត្ដ​ព្រះ​សីហនុ ក្រោយ​​ពីរកឃើញថា ​សំណង់​ទាំង​នេះ​សង់ផ្ទុយ​ពី​សារាចរណែ​នាំ​របស់​រាជរដ្ឋាភិបាល​និង​​រំលោភ​លើ​ចំណី​ឆ្នេរ​​ហើយ​សង់​ទៅជា​​សំណង់​​រឹង​មាំ​ខុសពី​ទម្រង់​ចាស់​ដែល​មានទម្រង់ជា​ក្យូស​ឈើ​សម្រាប់​ទេស​ចរ​មក​លេង​កម្សាន្ដ​។

លោក​ថា​៖ «សំណង់​នេះ ពលរដ្ឋ​បាន​ជួល​បន្ត​​ឲ្យ​ជន​បរទេស ជន​ជាតិ​ចិន ហើយ​ពួកគាត់​សាង​សង់​ខុស​ពី​សំណង់​ដើម។ ដើមឡើយ​តំបន់​នេះ​ មាន​ត្រឹម​ជា​ក្យូស​ធ្វើ​ពីឈើ​ធម្មតា​ទេ​។ប៉ុន្ដែ​ពេល​ពលរដ្ឋ​ជួល​ឲ្យ​បរទេស​នេះ គាត់​បាន​​សង់​ជាសំណង់​រឹង​មាំ ជា​គ្រោង​ឆ្អឹង​ដែក និងថ្ម នេះហើយ​ជាការ​សង់ខុស​ច្បាប់​ទើប​មាន​បទ​បញ្ជា​ដាច់​ខាត​ត្រូវ​តែ​យក​សំណង់​នេះ​ចេញ​ ហើយ​មិន​ឲ្យ​សង់​ឡើង​វិញ​ទេនៅទីតាំង​នេះ ព្រោះ​​ជាដី​សា​ធារ​ណៈ​របស់​រដ្ឋ​»។

បើតាម​លោក ​ភារម្យ សំណង់​ខុស​ច្បាប់​ទាំង ​២​ នេះ គឺ​មាន ១ ត្រូវ​បាន​ប្រើ​គ្រឿង​ចក្រ​កម្ទេច​ដល់​ដី ចំណែក​សំណង់ ​១ ទៀត​បាន​កំណត់​ពេល​ឲ្យ​ម្ចាស់​រុះ​រើ​​ខ្លួន​ឯងព្រោះ​ម្ចាស់​​បាន​សំណូម​ពរ​ និងបាន​ចុះ​កិច្ច​សន្យា​នៅថ្ងៃ​អង្គារ​[ម្សិល​មិញ​]ហើយ​។

ទាក់​ទង​នឹង​ការ​ចុះ​ត្រួត​ពិនិត្យ​គុណ​ភាព​សំណង់​ លោក ភារម្យ ឲ្យ​ដឹង​ថា ក្រុម​ការងារ​ធ្វើ​បាន​​ជាង ១០០ ទីតាំងហើយ ប៉ុន្ដែ​លោក​មិន​បាន​បញ្ជាក់​ពី​តួលេ​ខ​សំណង់​ខុស​ច្បាប់​ទេ ដោ​យគ្រា​ន់តែ​ថា​បច្ចុប្បន្ន​កំពុង​បន្ដ​ត្រួត​ពិនិត្យ​ និង​ធ្វើ​របាយ​ការណ៍​ជូន​ថ្នាក់​ជាតិ​ត្រួត​ពិនិត្យ​។

លោក ភារម្យ បាន​បន្ថែម​ថា ចំពោះ​ការ​អនុវត្ដ​នីតិវិធី​លើ​សំណង់​ខុស​ច្បាប់ឬគ្មាន​គុណ​ភាព គឺ​ជា​សមត្ថ​កិច្ចរ​បស់​ក្រសួងរៀបចំដែន​ដី​ នគ​រូប​នីយ​កម្ម និង​សំណង់។ រីឯ​ខេត្ត​គ្រាន់តែ​​សម្របសម្រួល​ប៉ុណ្ណោះ​។

លោក​បាន​បន្ដថា​៖ «ឯកឧត្ដម​អភិបាល​ខេត្ដ​គាត់​បាន​ដឹក​នាំ​ក្រុម​ការងារ​ផ្ទាល់​ចុះ​ទៅ​ពិនិត្យ​ ឃើញសំណង់​វា​មាន​ខុស​​បច្ចេកទេស ដោយ​ស្នើ​សុំ​ឲ្យ​ផ្អាក​សិន ដោយ​ទុក​លទ្ធភាព​ឲ្យ​ក្រុម​ការងារ​ជំនាញវាយ​តម្លៃ​លើ​​បច្ចេក​ទេស​»។

លោកថា​៖ «ការ​ងារ​នេះ ​បើយើង​មើល​ទៅ​ស្ថា​ប័ន​ជំនាញ​ដែល​ត្រូវ​វាយ​ម្លៃ​នោះគឺ​ក្រសួង​រៀចំដែន​ដី​ដែល​បាន​ចាត់​តាំង​ក្រុមការងារ​មក​ត្រួត​ពិនិត្យ​បញ្ហា​គុណភាព​សំណង់​នេះ​។ ចំណែកចំណាត់ការ​យ៉ាង​ណា នោះក្រសួង​រៀបចំដែនដីនឹង​ប្រាប់​ជូន​ពេល​​បញ្ចប់​ការ​​ស្រង់​ស្ថិតិ​សំណង់​​រួច​រាល់​នៅ​ក្នុង​កិច្ច​ប្រជុំ​»។

លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍ និង​ជាអនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈ​កម្ម​ការ​គ្រប់​គ្រង​ និង​អភិ​វឌ្ឍន៍​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះ​សីហនុ​បាន​បញ្ជាក់​ថា សំណង់​រឹងមាំ​មិន​ត្រូវបានអនុញ្ញាតឲ្យ​សង់​នៅតំបន់​ឆ្នេរ​ទេ។ ចំណែក​សំណង់​ចាស់​យូរ​ហើយ​ ត្រូវ​រក្សា​ស្ថានភាព​​ដើម​សិន​រង់​ចាំ​​ចំណាត់​ការ​ជា​ក្រោយ​។

លោកថា៖«ឆ្នេរ​អូរ​ត្រេះ​នេះ​ក៏គ្រោង​នឹង​រៀបចំ​ជា​ឆ្នេរ​គំរូទុក​ធ្វើ​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំ​ក្រោយ​ផងដែរ។ ដូច្នេះរដ្ឋ​បាល​ខេត្ត​ត្រូវ​ត្រៀម​រៀបចំ​សណ្តាប់​ធ្នាប់ ​បរិស្ថាន សោ​ភណ​ភាព​តាម​ឆ្នេរឲ្យ​បាន​ល្អ​ប្រ​សើរ​ មិន​អាច​ឲ្យ​មាន​សង់​សំណង់​មិន​រៀប​រយ​ផ្តេស​ផ្តាស​ថ្មី​ទៀត​បាន​ទេ»។

​ទាក់​ទង​នឹង​ការ​ជួយ​សង្គ្រោះ​ករណី​មាន​ឧបទ្ទវហេតុ​​​ផ្សេងៗ​ក្នុង​ខេត្ដ​ព្រះ​សីហនុកាល​ពី​ថ្ងៃ​ចន្ទ គណៈ​កម្មា​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ ​បានគ្រោងរៀប​ចំ​កម្លាំងនិង​ឧបករណ៍​សង្គ្រោះ ​ប្រចាំ​​ខេត្ត​ផ្ទាល់​តែម្តង ដើម្បី​ត្រៀម​បម្រុង​ទុក​ជួយ​សង្គ្រោះ​ក្នុង​ករណី​មាន​គ្រោះ​មហន្ត​រាយ​កើត​ឡើង។

លោក គន់ គីម ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស ​និង​ជា​អនុ​ប្រធាន​ទី១ គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្ត​រាយ​ធ្លាប់​បាន​ថ្លែង​ក្នុង​ពិធីបំពាក់​មេដាយ​ដល់កង​កម្លាំង​ចម្រុះ​ជិត​ ៥០០​ នាក់​ ដែល​បាន​ចូល​រួម​សង្គ្រោះ​ជន​រង​គ្រោះ​ដោយការ​​រលំ​បាក់​អគារ ៧ ​ជាន់ នៅ​ក្រុង​ព្រះសីហនុ​កាលពីថ្មីៗ​នេះ​​ថា​ ត្រូវ​ត្រៀម​ទុក​ជា​មុន​នូវ​កម្លាំង​សង្គ្រោះ​ និង​ឧប​ករណ៍​សង្គ្រោះ​ដែល​មាន​​មូល​ដ្ឋាន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ផ្ទាល់ ​ប្រសើរ​ជាង​ការរង់ចាំ​ចល័ត​កម្លាំងឬ​ឧបក​រណ៍​មកពី​ឆ្ងាយ ដែល​ធ្វើ​ឱ្យ​ការ​សង្គ្រោះ​យឺត​យ៉ាវ​។

លោក​បាន​បញ្ជាក់​ថា​៖​ «ក្រុង​ព្រះ​សីហនុ​ ជា​ទី​ក្រុង​ដែល​កំពុង​មាន​ការ​អភិ​វឌ្ឍ​ខ្លាំង​ ដូច្នេះ​បញ្ហា​ជា​ច្រើន​ត្រូវ​កើត​មាន​ឡើង ជា​ពិសេស​បញ្ហា​សំណង់​ ដែល​ទាម​ទារ​ឱ្យ​អាជ្ញា​ធរ និង​មន្ត្រី ឬ​សមត្ថកិច្ច​ជំនាញ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ចំពោះ​គុណភាព​សំណង់ដើម្បី​បញ្ចៀស​បញ្ហា​នៃ​ការ​រលំ​បាក់​បង្ក​ជា​សោក​នាដ​កម្ម​ជា​ថ្មី​ទៀត​»។

លោក ​គួច​ ចំរើន អភិ​បាល​ខេត្ដ​ព្រះ​សីហនុ​មិន​អាច​សុំ​ការអត្ថា​ធិ​ប្បាយ​ពី​បញ្ហា​នេះ​បាន​ទេ កាល​ពីម្សិល​មិញ ដោយលោកថា រវល់ប្រជុំ។ ប៉ុន្តែលោកធ្លាប់​បាន​ថ្លែង​ក្នុង​ពិធី​បំពាក់​មេ​ដាយ​​ជូនក្រុមសង្គ្រោះដែរ​ថា ​មាន​អគារ​​គ្មាន​គុណ​ភាព​ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ព្រះ​សី​ហនុ។

អ្នក​ស្រី​ ជៀប សុធារី​ មន្រ្តី​សម្រប​សម្រួល​សមា​គម​អាដហុក ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថាតំបន់​ឆ្នេរ​អូរ​ត្រេះ​កន្លង​ម​ក ​អាជ្ញា​ធរ​ខេត្ដ​ព្រះ​សីហនុ​ក៏ធ្លាប់​បាន​ឲ្យ​ពល​រដ្ឋ​រុះរើ​តូប​លក់​ដូរ​មួយ​ចំនួន​ចេញ​ដែរ​ដើម្បី​អភិវឌ្ឍ ឆ្នេរ​ ប៉ុន្ដែ​បាន​ទុក​ឲ្យ​អ្នកមាន​ទីតាំង​ចាស់​យូរ​មក​ហើយ​អាច​បន្ដ​លក់​ដូរ​ធ​ម្មតា​សិន​ តាម​រយៈ​ការ​ជួល​ដី​រដ្ឋ​ដោយ​មិន​មាន​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ឲ្យ​​។

អ្នក​ស្រី​ថា​៖ «​យើង​មិន​ដឹង​ថា អាជ្ញាធរ​គាត់​មាន​ចំណាត់​ការ​បែប​ណា​ខ្លះ​ទេ​ ព្រោះ​យើង​ឃើញ​មាន​​អគារ​ធំៗ​ខ្ពស់​ៗ​ជា​ច្រើន​ក្នុង​ខេត្ដ​បាន​សាង​សង់​ឡើង​​ប៉ះ​ពាល់​ចំណី​ឆ្នេរ​សាធារណៈ​ និង​សំណង់​មួយ​ចំនួន​ទៀត​កំពុង​បន្ត​​សង់​តាម​រយៈ​ក្រុម​ហ៊ុន​វិនិ​យោគ​ ប៉ុន្ដែ​ចំពោះការ​លក់​ដូរតូច​តាច​របស់​ពល​រដ្ឋគឺ​ត្រូវ​បាន​រុះ​រើ​ដោយ​អាជ្ញាធរ​ថា​ សំណង់​នោះ​ខុស​ច្បាប់​ដែល​សង់​លើដី​ហាម​ឃាត់​»៕