The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បញ្ហា​ឯករាជភាព​ប្រព័ន្ធតុលាការ​ និង​លទ្ធភាព​នៃ​ការទទួល​បាន​យុត្តិធម៌​នៅ​កម្ពុជា​ ត្រូវ​បាន​លើក​ក្នុង​ជំនួប​រវាង​លោកស្រី​ ស្ម៊ីត ​និង​មន្ត្រី

បញ្ហា​ឯករាជភាព​ប្រព័ន្ធតុលាការ​ និង​លទ្ធភាព​នៃ​ការទទួល​បាន​យុត្តិធម៌​នៅ​កម្ពុជា​ ត្រូវ​បាន​លើក​ក្នុង​ជំនួប​រវាង​លោកស្រី​ ស្ម៊ីត ​និង​មន្ត្រី

Content image - Phnom Penh Post
អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី​ រ៉ូណា ស្ម៊ីតមក​ជជែក​ពិភាក្សាជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង យុត្តិធម៌កម្ពុជាកាលពីម្សិលមិញ។

បញ្ហា​ឯករាជភាព​ប្រព័ន្ធតុលាការ​ និង​លទ្ធភាព​នៃ​ការទទួល​បាន​យុត្តិធម៌​នៅ​កម្ពុជា​ ត្រូវ​បាន​លើក​ក្នុង​ជំនួប​រវាង​លោកស្រី​ ស្ម៊ីត ​និង​មន្ត្រី

ភ្នំពេញៈ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី​ រ៉ូណា ស្ម៊ីត ពី​ម្សិលមិញ​បាន​លើក​យក​បញ្ហា​ឯករាជភាព​នៃ​ប្រព័ន្ធតុលាការ និង​លទ្ធភាព​នៃ​ការទទួល​បាន​យុត្តិធម៌​នៅ​កម្ពុជា​មក​ជជែក​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង យុត្តិធម៌ ខណៈ​បញ្ហា​នយោបាយ​មិន​ត្រូវ​បាន​ភាគី​ទាំង​ ២ ​យក​មក​ជជែក ជា​អ្វី​ដែល​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​ចាត់ទុក​ជំនួប​នេះ​ថា ទទួល​បាន​លទ្ធផល​ផ្លែផ្កា និង​ភាព​វិជ្ជមាន​។

តាម​គម្រោង​លោកស្រី រ៉ូណា ស្ម៊ីត នឹង​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ១១ ​ថ្ងៃ​របស់​លោកស្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ជា​ថ្ងៃ​ដែល​លោកស្រី​នឹង​ធ្វើ​សន្និសីទ​កាសែត​ដើម្បី​បង្ហាញ​ពី​ការរកឃើញ​របស់​ខ្លួន​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា មុន​នឹង​ដាក់​របាយការណ៍​អំពី​ការរកឃើញ​របស់​លោកស្រី​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ខែ​កញ្ញា ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​។

ក្នុង​ជំនួប​បិទទ្វារ​រយៈពេល​ជាង​ ២ ​ម៉ោង​ដែល​ធ្វើ​ឡើង​នៅ​ក្រសួង​យុត្តិធម៌​ពី​ម្សិលមិញ​រវាង​លោកស្រី​ រ៉ូណា ស្ម៊ី​ត និង​ក្រុមមន្ត្រី​ជាន់​ខ្ពស់​ដែល​ដឹកនាំ​ដោយ​លោក​ ជីវ សុងហាក់ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​តំណាង​លោក​អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ប្រព្រឹត្ត​ដោយ​ភាព​វិជ្ជមាន និង​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា​។ នេះ​បើ​យោង​តាម​លោក​ ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ប្រាប់​អ្នកកាសែត​ក្រោយ​ជំនួប​។

លោកស្រី​ ស្ម៊ីត ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​មុន​ចូល​ទៅក្នុង​រថយន្ត​ថា លោកស្រី​ពិត​ជា​បាន​ជជែក​ពី​បញ្ហា​តម្លាភាព​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌ និង​ការពង្រឹង​លទ្ធភាព​នៃ​ការទទួល​បាន​យុត្តិធម៌​នៅ​កម្ពុជា​។

លោកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ជជែក​ជាមួយ​ក្រសួង​យុត្តិធម៌​អំពី​បញ្ហា​ផ្សេងៗ​ជាច្រើន​រាប់​ចាប់​តាំងពី​អាយុកាល​ដែល​មនុស្ស​ទទួល​បាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ទទួល​ខុសត្រូវ​ផ្លូវច្បាប់​រហូត​ដល់​ការបង្កើត​សាលាឧទ្ធរណ៍​ក្នុង​តំបន់​ក៏ដូចជា​តម្លាភាព​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌ និង​ការតែងតាំង​ចៅក្រម និង​ព្រះរាជអាជ្ញា ព្រម​ទាំង​ការសម្លឹង​មើល​ទៅ​លើ​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ និង​ការពង្រឹង​លទ្ធភាព​នៃ​ការទទួល​បាន​យុត្តិធម៌​នៅ​កម្ពុជា​»​។

លោកស្រី​បន្ថែម​ថា​៖ «​មាន​បញ្ហា​ជាច្រើន​ដែល​ខ្ញុំ​បាន​លើក​ឡើង​ពី​មុន​ដែល​មាន​ដូចជា​បញ្ហា​នៃ​ការឃុំ​ខ្លួន​បណ្តោះអាសន្ន ឯករាជភាព​នៃ​ប្រព័ន្ធតុលាការ ក៏ដូចជា​ការយល់​ឃើញ និង​ការជឿជាក់​លើ​ប្រព័ន្ធ​តុលាការ​។ ខ្ញុំ​កំពុង​សម្លឹង​មើល​ជម្រើស​នៃ​ការផ្តន្ទាទោស​អាយុកាល​ដែល​មនុស្ស​ម្នាក់​ទទួល​បាន​សិទ្ធិ​ពេញលេញ​ និង​ការទទួល​ខុសត្រូវ យុត្តិធម៌​សម្រាប់​អនីតិជន និង​បញ្ហា​ជាច្រើន​ទៀត​ដែល​យើង​បាន​ពិភាក្សា​តាម​ប្រភេទ​ជាច្រើន​»​។

ទោះ​យ៉ាង​ណា​ទាំង​លោកស្រី​ ស្ម៊ីត និង​លោក​ ម៉ាលីន សុទ្ធតែ​បាន​អះអាង​ថា បញ្ហា​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​គឺ​លោក​ កឹម សុខា និង​បញ្ហា​នយោបាយ​ផ្សេង​ទៀត​មិន​ត្រូវ​បាន​លើក​ឡើង​នៅក្នុង​កិច្ចប្រជុំ​នេះ​ទេ​។

នៅពេល​សួរ​អំពី​ទស្សនៈ​របស់​លោកស្រី​ជុំវិញ​ប្រព័ន្ធ​យុតិ្តធម៌​នៅ​កម្ពុជា​នោះ លោកស្រី​ឆ្លើយ​ថា​៖ «​ដូច​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ពី​មុន​អ៊ីចឹង​គឺ​នៅ​ដដែល ដូច​ដែល​ខ្ញុំ​ទើប​តែ​បាន​និយាយ​ដូច្នេះ​ដែរ​។ នោះ​ហើយ​គឺជា​អ្វី​ដែល​យើង​កំពុង​ពិភាក្សា​»​។

លោក​ ជិន ម៉ាលីន អះអាង​ថា​ភាគី​ទាំង​ ២ ​បាន​ជជែក​ផ្តោត​ជា​សំខាន់​លើ​ «​យុត្តិធម៌​សង្គម និង​ឯករាជភាព​តុលាការ​»​។ ជា​អ្វី​ដែល​លោក​ ម៉ាលីន វាយតម្លៃ​ថា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​វិជ្ជមាន និង​ផ្លាផ្កា​ផង​ដែរ​នោះ​។

លោក​ថ្លែង​ថា​៖ «​គាត់​លើក​នូវ​ក្ដីកង្វល់​មួយ​ចំនួន គាត់​ស្នើ​ឲ្យ​ក្រសួង​ធ្វើការ​ពិចារណា ចំណែក​ក្រសួង​យុត្តិធម៌​គឺ​យើង​ស្វាគមន៍​នូវ​ការលើក​បញ្ហា​ប្រឈម ឬ​ទស្សនៈវិស័យ​។ បញ្ហា​ដែល​គាត់​លើក​គឺជា​បញ្ហា​ដែល​យើង​ជួបប្រទះ និង​កំពុង​តែ​ដោះស្រាយ​»​។

លោក​បន្ត​ថា​៖ «​គាត់​ទទួល​ស្គាល់​នូវ​ការវិវត្ត គាត់​កោត​សរសើរ ប៉ុន្តែ​គាត់​នៅ​តែ​មាន​ក្ដីបារម្ភ​ទៅ​លើ​បញ្ហា​ទាំងនោះ ដើម្បី​ឲ្យ​យើង​ធ្វើ​ការងារ​ដោះស្រាយ​។ ការងារ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​យើង​គឺ​ដើម្បី​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​»​។

បើ​ទោះបី​ជា​លោកស្រី​ ស្ម៊ីត មិន​បាន​លើក​ពី​ពាក្យ​កោតសរសើរ​ណា​មួយ​អំពី​ជំនួប​របស់​លោកស្រី​នៅ​ចំពោះមុខ​អ្នកកាសែត​ក៏​លោក​ ម៉ាលីន អះអាង​ថា​លោកស្រី ស្ម៊ីត បាន​លើក​ពី​ភាព​រីកចម្រើន​នៃ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​។

លោក​ថា​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​សាងសង់​ឧទ្ធរណ៍​តំបន់​ចំនួន​ ២ គឺ​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​បាត់ដំបង​ពី​ក្នុង​ចំណោម​គម្រោង​សាងសង់​ឧទ្ធរណ៍​តំបន់​ចំនួន​ ៧ ​កន្លែង​នៅ​ទូទាំង​ប្រទេស​ដែល​ដំណើរការ​សាងសង់​ត្រូវការ​ពេលវេលា​យ៉ាង​តិច​ ១ ​ឆ្នាំ​។ រដ្ឋ​ក៏​មាន​ការត្រៀម​ធនធាន​មនុស្ស ការជ្រើសរើស ព្រះរាជអាជ្ញា ចៅក្រម​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​នឹង​ការដាក់​ឲ្យ​ដំណើរការ​ឧទ្ធរណ៍​តំបន់​នេះ​។

លោក​បន្ត​ថា​៖ «​ពាក់ព័ន្ធ​ដល់​ការពង្រឹង​យន្តការ​ស្ថាប័ន អភិបាលកិច្ច​ល្អ ឯករាជភាព​នៃ​អំណាច​តុលាការ​។ គាត់​ចាប់​អារម្មណ៍​ទាក់ទង​ទៅ​នឹង​ការធ្វើការ​ផ្លាស់ប្ដូរ​ចៅក្រម ព្រះរាជអាជ្ញា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ដែល​យើង​បាន​ធ្វើ​កាលពី​សប្ដាហ៍​មុន​។ តាមច្បាប់​ចៅក្រម​ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង​ការងារ​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ម្ដង ប៉ុន្តែ​ព្រះរាជអាជ្ញា​មិន​កំណត់​ទេ​»​។

លោក​បន្ថែម​ថា​ព្រះរាជអាជ្ញា​គឺ​ច្បាប់​មិន​តម្រូវ​ទេ ព្រះរាជអាជ្ញា​គឺជា​មន្ត្រី​របស់​ក្រសួង​យុត្តិធម៌ ប៉ុន្តែ​ក្រសួង​យុត្តិធម៌​ធ្វើការ​ផ្លាស់ប្ដូរ​ដូច​គ្នា​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​ដើម្បី​ប្ដូរ​បរិយាកាស​ការងារ​របស់​គាត់​ដើម្បី​លុបបំបាត់​អំពើ​ពុករលួយ បក្ខពួក​និយម​។

លោក​ថា​៖ «​គាត់​ (​លោកស្រី ស្ម៊ីត​) ​លើក​ជា​សំណួរ​ថា បើ​ចៅក្រម​ដែល​ទទួល​ពិន័យ​ហើយ ហើយ​ត្រូវ​ផ្លាស់​ទៅ​កន្លែង​ផ្សេង​ទៀត​គាត់​អាច​បង្ក​បញ្ហា​ដែល​ធ្វើ​ឲ្យ​ការងារ​គ្មាន​ប្រសិទ្ធភាព​»​។

លោក​ថា​ចំពោះ​ចៅក្រម​ណា​ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​ដែល​សម្រេច​ដោយ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ត្រូវការ​ផ្លាស់ប្ដូរ​ទីតាំង​ការងារ ឬ​បើ​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ត្រូវ​បញ្ឈប់​ពី​ការងារ​។ ការផ្លាស់ប្ដូរ​គឺជា​ការ​ផ្តល់​ឱកាស​ឲ្យ​គាត់​ធ្វើការ​កែប្រែ​ខ្លួន ឬ​ធ្វើ​ការងារ​នោះ​មាន​ប្រសិទ្ធភាព​ជាង​មុន​។

ក្រុម​អ្នកវិភាគ​កន្លង​មក​ពុំ​សូវ​មាន​សុទិដ្ឋិនិយម​ចំពោះ​ផ្លែផ្លា​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ស្ម៊ីត ឡើយ​ដោយសារ​ជំហរ​មិន​ផ្លាស់ប្ដូរ​របស់​រដ្ឋាភិបាល​ចំពោះ​បញ្ហា​នយោបាយ​នៅ​កម្ពុជា តែ​អ្នក​វិភាគ​ថា​របាយការណ៍​របស់​លោកស្រី​មាន​សារៈសំខាន់ ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​យក​ជា​ទឡ្ហីករណ៍ ឬ​អំណះអំណាង​ក្នុង​ការ​ពិចារណា​ និង​បង្កើន​ ឬ​ក៏​បន្ថយ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍