ភ្នំពេញៈ បណ្តា​ក្រុម​ហ៊ុន រោងចក្រ សហ​គ្រាស គ្រឹះ​ស្ថាន​មួយ​ចំនួន​អះ​អាង​ថា បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុង​ការបើក​ប្រាក់​រំឭក​និង​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ជូន​កម្មករ​និ​យោ​ជិត​របស់​ខ្លួន​សម្រាប់​ខែ​មិថុនា​ ខណៈ​ក្រសួង​ការងា​រនិង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ពី​នីតិ​វិធី​និង​បែបបទ​នៃ​ការ​ទូទាត់​ប្រាក់​ចៀស​វាង​ការ​យល់​ច្រឡំ។

កាលពី​ម្សិល​មិញ​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ជាង​​ ៤០០​ នាក់​ ជា​អ្នក​តំណាង​មកពី​បណ្តា​ក្រុម​ហ៊ុន​ រោង​ចក្រ​ សហគ្រាស ​គ្រឹះ​ស្ថានដែល​មាន​កាត​ព្វកិច្ច​ត្រូវ​អនុវត្ត​គោលការណ៍​ថ្មី បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ស្តីពី​ការ​បើក​ប្រាក់​រំឭកនិង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​កម្មករ​និ​យោ​ជិតតាម​ការ​ណែនាំ​របស់​ក្រសួង​ការងារ។

ក្នុងអំឡុងពេល​ចូលរួមនេះ​ ពួក​គេ​បាន​ស្វែងយល់និង​ជជែក​ដេញដោល​គ្នាយ៉ាង​ផុសផុល​ជុំវិញ​បញ្ហា​នេះនៅ​សាល​ប្រជុំ​ក្រសួង​ការងារ​ដោយ​បាន​លើក​ជា​សំណួរ​ជា​បន្តបន្ទាប់ ខណៈ​មន្ត្រី​ជំនាញ បាន​បកស្រាយ​យ៉ាង​លម្អិត។វគ្គ​បណ្តុះ​បណ្តាល​ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១៣ ខែ មិថុនា នេះ បានបើកឲ្យ​បណ្តា​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់អាច​ចូលរួម​ដោយ​សេរីដើម្បី​ទទួលបាន​ចំណេះដឹង​បន្ថែមដើម្បី​ឈាន​ទៅរក​ការអនុវត្ត​គោលការណ៍​ថ្មី​ឲ្យ​ទទួលបាន​ជោគជ័យ​ទាំងអស់​គ្នា។

នេះ​បើតាម​លោក អុិន ខេមរា អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ បាន​ថ្លែង​ក្នុង​ឱកាស​នោះ។

លោក​ថ្លែងបន្តថា ជាមួយនឹង​ការបណ្តុះបណ្តាល​នេះ ក្រសួង​ក៏បាន​ចេញ​សេចក្តីប្រកាស​ជា​បន្តបន្ទាប់ដើម្បី​បកស្រាយ​វិធានការ​ថ្មី​នេះ ចៀសវាង​មានការ​ភាន់ច្រឡំ​ស្របពេល​ដែលដំណើរការ​ថ្មី​នេះ លោក​រំពឹងថា នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

លោក​បានបញ្ជាក់ថា៖ «លើកទី១ ថា ថៅកែ​ចង់​ធ្វើ​អ៊ី​ចេះ តែ​យើង​បុគ្គលិកចង់​ធ្វើ​អ៊ីចុះ ពួកគាត់​ថា វា​ស្មុគ​ស្មាញ តែ​សូម​មកជួប​មន្ត្រី​យើងនិង​មក​នាយកដ្ឋាន​យើងដែលមាន​មន្ត្រី​ចាំ​ទទួល​ហើយ​បង្ហាញ​យើង។ អ៊ីចឹង​កុំ​ឲ្យ​ខុសគ្នា​ទៀត ក្រសួង​ចេញ​សេចក្តី​ប្រកាស​ជា​បន្តបន្ទាប់​ជុំវិញ​បញ្ហា​នេះ»។

កាលពី​ថ្ងៃ​ចន្ទ ក្រសួង​ការងារបានចេញ​សេចក្តីណែនាំ​បន្ថែមទៀតស្តីពី​ការទូទាត់​ប្រាក់បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​នីមួយៗ​ចាប់​ពី​ឆ្នាំ ២០១៩ តទៅ ដោយបាន​បញ្ជាក់ថា ប្រាក់បំណាច់​នេះគឺ​ត្រូវ​បើកជាមួយនឹង​ប្រាក់​ឈ្នួល​ដែល​កម្មករនិយោជិត​ត្រូវ​ទទួលបាន​លើក​ទី ២ នៃខែ​មិថុនា​និង​ខែធ្នូ ដោយ​ត្រូវ​ញែក​ឲ្យ​ដាច់​រវាង​ប្រាក់​ឈ្នួល​ប្រចាំខែ ប្រាក់​បំណាច់​អតីតភាព​ការងារ​ដើម្បី​ងាយស្រួល​អនុវត្ត​កាតព្វកិច្ច​ពន្ធដារព្រោះ​ប្រាក់​បំណាច់​អតីតភាព​ការងារ​នេះមិន​ជាប់​កាតព្វកិច្ច​បង់ពន្ធ​នោះ​ទេ។

សេចក្តីណែនាំ​នោះបានបញ្ជាក់ថា «ចាប់ពី​ឆ្នាំ ២០១៩ តទៅ​នៅ​រៀង​រាល់ពេល​បើកប្រាក់​ឈ្នួល​លើក​ទី២ សម្រាប់​ខែមិថុនានិង​ខែធ្នូនៃ​ឆ្នាំនីមួយៗ កម្មករនិយោជិត (ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង) ត្រូវ​ទទួលបាន ប្រាប់​ឈ្នួល​លើក​ទី២, ប្រាប់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆមាស​ចំនួន ៧ ថ្ងៃ​កន្លះនិង​ប្រាក់​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែលមាន​មុន​ឆ្នាំ ២០១៩ ប្រសិន​ជាមាន។រាល់​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​និយោជក​និង​កម្មករ​និយោជិត​ត្រូវ​រក្សាទុក​នូវ​ឯកសារ​ជា​ភ័ស្តុតាង​ដែលមាន​ចុះ​ហត្ថលេខាឬ​ស្នាម​ម្រាមដៃ​យល់ព្រម​របស់​ភាគី​ទាំង ២»។

ក្រោយ​ស្តាប់​បទ​បង្ហាញ​ពេញ​មួយ​ព្រឹក លោក សែម សុគន្ធា​រ៉ា មន្ត្រី​ផ្នែក​រដ្ឋបាល​មកពី​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Good people ក្នុង​រាជធានី​ភ្នំពេញបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការបើកប្រាក់​រំឭក និង​ប្រាក់បំណាច់​អតីតភាព​នេះគឺជា​រឿង​ល្អ​មួយដើម្បី​ការពារ​អត្ថប្រយោជន៍​កម្មករ។ប៉ុន្តែ​ដោយ​មាន​នីតិវិធី​ថ្មីៗ​មួយ​ចំនួន ដូច្នេះលោក​ត្រូវ​ស្វែង​យល់​ឲ្យ​ច្បាស់។

លោក​បាន​បញ្ជាក់​ថា៖ «យើង​ចូលមក​សិក្សា​ ដោយសារ​តែមាន​ភាពស្រពេចស្រពិល​មិន​ច្បាស់លាស់​នៃ​ការ ទូទាត់​ប្រាក់​ហ្នឹង។​អ៊ីចឹង​យើង​ចង់​ស្វែងយល់​វា​ឲ្យ​កាន់​តែ​ច្បាស់តែ​ក្រោយពី​បាន​ចូលរួម ហើយ​ខាង​ក្រសួង​គាត់​បានបកស្រាយ​យ៉ាង​ទូលំទូលាយដែល​អាច​ឲ្យ​យើង​យល់​បាន​ក្នុងការ​ទូទាត់​ជូន​កម្មករ​នេះ»។

ទន្ទឹម​នឹង​នេះ លោក សុគន្ធា​រ៉ា បាន​បញ្ជា​ក់ទៀត​ថា៖ «សម្រាប់​រោងចក្រ​ខ្ញុំ ក៏ដូចរោងចក្រ​ផ្សេង​ដែរគឺ​ការ ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​នេះ មិនមានជា​ បញ្ហា​អ្វី​ទេ។គ្រាន់តែ​ថា បញ្ហា​គឺ​របៀប​នៃ​ការ​គណនានិង​ការ កំណត់​ ថ្ងៃ​បើក​ជូន​ពួកគាត់ ព្រោះ​យើង​កំពុងតែ​ជជែក​គ្នាថា​តើ​បើក ប្រាក់​ហ្នឹង​ទាន់​ក្នុង​ថ្ងៃ​ណា? ប៉ុន្តែ​យើង​នឹង​ព្យាយាម​ឲ្យ​ទាន់ដើម្បី​បើកប្រាក់​នេះ​ជា​មួយ​នឹង​កា​របើក​ ប្រាក់​ឈ្នួល​នៅ​ដើមខែ​បន្ទាប់​ដែល​សង្ឃឹម​ថា ក្រសួង​និង​បង ប្អូន​កម្មករ​ទាំងអស់​ក៏​យល់ យោគ ចំពោះ​ការ​យឺត​យ៉ាវ​នេះ»។

ដោយ​ឡែក​អ្នកស្រី វង្ស ធីតា ប្រធាន​ផ្នែក HR management នៃ​សាលា​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា សម្រាប់​ឆ្នាំ ២០១៩ នេះ គឺ​ខាង​សាលា​អ្នក​ស្រី​បានរៀបចំ​រួច​អស់ហើយ ដោយ​នឹង​មាន​ការ​បើក​ជា​មួយ​នឹង​ប្រាក់​ខែ​របស់​បុគ្គ​លិក នៅ​ចុងខែ​មិថុនា​នេះ​តែម្ដង។

អ្នកស្រី​បាន​បញ្ជាក់​ថា៖ «តាម​ពិត​ទៅ​ដោយ​សារ​តែ​ឆ្ងល់​ហ្នឹង​បានមក​ចូលរួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​បន្ថែម​នេះ ប៉ុន្តែ​ដោយសារ​ការបកស្រាយរ​បស់​ក្រសួង​បាន​លម្អិត ហើយ​នៅក្នុង​ការប្រកាស​របស់​ក្រសួង​ក៏បាន​បញ្ជាក់​បន្ថែម​ទៀត នោះ​វា​កាន់តែ​ធ្វើ​ពួក​ខ្ញុំ​កាន់តែច្បាស់ ក្នុងការ​ទូទាត់​ជូន​កម្មករ។ ខ្ញុំ​យល់​ថា ល្អ​សម្រាប់​បុគ្គ​លិក​ដែល​ស្ថិតនៅ ក្រោម​ច្បាប់​ស្តីពី​ការងារ​នេះជាពិសេស បុគ្គលិក ស្ថិតក្រោមកិច្ចសន្យា​រយៈពេល​វែង​ដែល​វា​ជា​អត្ថ​ប្រយោ​ជន៍​បន្ថែម​ទៅ​លើ​អ្វី ដែល​គាត់​មាន​កន្លង​មក»៕