ក្រចេះ: បណ្ដាញសហគមន៍ព្រៃឡង់ឲ្យដឹងថា ក្នុងរយៈពេល ៣ ខែ បានរកឃើញបទល្មើសព្រៃឈើកើតឡើងនៅក្នុងតំបន់ព្រៃឡង់ជាង ៩០ ករណី គឺបទល្មើសកំពុងកើនឡើងជាងមុន។ ប៉ុន្តែមន្ត្រីបញ្ជាក់ថា បណ្ដាញនេះមិនតំណាងឲ្យការងារការពារតំបន់ព្រៃឡង់ឡើយ។
ក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី ១៣ មិថុនា ដោយបណ្ដាញនេះឲ្យដឹងថា នៅក្នុងចំណោមបទល្មើសព្រៃឈើជាង ៩០ ករណីដែលត្រូវបានកត់ត្រាទុកចន្លោះពីខែមករាដល់ខែមីនា ឆ្នាំ ២០២០ បានកើតឡើងនៅក្នុងខេត្តក្រចេះច្រើនជាងគេគឺមានជិត ៣៥% បន្ទាប់មកខេត្តកំពង់ធំមានជិត ៣២% ខេត្តស្ទឹងត្រែងជិត ២១% និងខេត្តព្រះវិហារមានជិត ១៣%។ «ព្រៃឡង់កំពុងស្ថិតក្នុងគ្រោះថ្នាក់។ ឆ្នាំ ២០២០ ចាប់ផ្ដើមដោយការទទួលសម្ពាធពីស្ថានភាពវិបត្តិកូវីដ១៩ និងការមិនមានកិច្ចសហការរបស់រដ្ឋាភិបាល បានធ្វើឱ្យក្រុមអ្នកល្បាតមានលទ្ធភាពចូលព្រៃតិចតួច ហើយមានសញ្ញាកាន់តែច្បាស់នៃការកាប់ឈើកើនឡើងក្នុងអំឡុងពេលនេះ»។
ការចេញផ្សាយថ្មីនេះ ស្របពេលបណ្ដាញសហគមន៍ព្រៃឡង់ត្រូវបានក្រសួងបរិស្ថានចាត់ទុកជាក្រុមខុសច្បាប់ និងបានហាមឃាត់មិនឱ្យចុះល្បាតនៅក្នុងតំបន់ព្រៃឡង់តាំងពីដើមខែកុម្ភៈ ដោយក្រសួងបានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងបណ្ដាញនេះ ប្រសិននៅតែបន្តសកម្មភាពប្រមូលទិន្នន័យអំពីការកាប់បំផ្លាញព្រៃឡង់ដោយគ្មានការអនុញ្ញាតពីក្រសួង។
លោក ហឿន សុភាព សមាជិកបណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តកំពង់ធំឲ្យដឹងថា នៅក្នុងរបាយការណ៍ស្ដីពីបទល្មើសព្រៃឈើនៅព្រៃឡង់ទាំង ៣ ខែនោះគឺទិន្នន័យទទួលបានពីការចុះល្បាតឃើញផ្ទាល់នូវសកម្មភាពកាប់ឈើខ្លះ និងការឃ្លាំមើលនៅតាមច្រកផ្លូវដែលមានការដឹកជញ្ជូនឈើចេញពីព្រៃឡង់។ បទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់នៅពេលនេះគឺមិនបានថមថយនោះទេ ព្រោះនៅតែសង្កេតឃើញក្រុមគោយន្តបានចេញចូលជារៀងរាល់ថ្ងៃទៅក្នុងព្រៃឡង់ដោយក្នុងមួយគោយន្តអាចចូលទៅដឹកជញ្ជូនឈើ ៣ ទៅ ៤ ជើងក្នុង ១ ថ្ងៃ និងក្នុង ១ គោយន្តអាចដឹកឈើចាប់ពី ២ ម៉ែត្រគុបទៅដល់ ៤ ម៉ែត្រគុប។
លោក សុភាព ថ្លែងថា៖ «នៅថ្ងៃទី ១៤ មិថុនា ខ្ញុំថតបានច្រើនករណីណាស់ ដែលមានក្រុមគោយន្តប្រហែល ១០ គ្រឿង ហើយនេះខ្ញុំគ្រាន់តែឃ្លាំមើលនៅផ្លូវ ១ ខ្សែនៅក្នុងភូមិខ្ញុំផង ហើយបើផ្លូវមានរាប់រយខ្សែឯណោះអ៊ីចឹង! គឺមានគោយន្តច្រើនមែនទែនចេញចូលទៅដឹកឈើពីព្រៃឡង់»។
លោកអះអាងថា ឈើដែលដឹកចេញពីព្រៃឡង់តាមគោយន្តគឺត្រូវបានក្រុមឈ្មួញដែលភាគច្រើនជាមន្ត្រីប៉ូលិស ទាហាន និងប៉េអឹម រង់ចាំទិញបន្ត ដើម្បីដឹកយកទៅចែកចាយដាក់នៅតាមដេប៉ូលក់ឈើនានាដើម្បីបន្លំធ្វើជាឈើស្របច្បាប់។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា របាយការណ៍របស់ក្រុមបណ្ដាញសហគមន៍ព្រៃឡង់នោះ គឺមិនតំណាងឱ្យការងារការពារតំបន់ព្រៃឡង់ឡើយ។ លោកថ្លែងថា៖ «ការចេញរបាយការណ៍ណាមួយរបស់បណ្តាញសហគមន៍ព្រៃឡង់ដែលមិនស្ថិតក្រោមច្បាប់ជាការទទួលខុសត្រូវផ្ទាល់ ហើយជាព័ត៌មានសម្រាប់តែក្រុមគាត់ប៉ុណ្ណោះ មិនតំណាងឱ្យការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅតំបន់ព្រៃឡង់នោះទេ»។
លោកថ្លែងថា ក្រសួងបរិស្ថានបន្តសហការជាមួយដៃគូរបស់ខ្លួនក្នុងនោះមានគម្រោងព្រៃឡង់បៃតងរបស់ USAID និងសហគមន៍តំបន់ការពារធម្មជាតិទាំង ១៩ ក្នុងសហគមន៍ព្រៃឡង់ដែលមានកិច្ចព្រមព្រៀងសហការជាមួយក្រសួងបរិស្ថានបន្តទៀតដើម្បីចុះល្បាតការពារ និងអភិរក្សធនធានធម្មជាតិ ទប់ស្កាត់និងបង្ក្រាបបទល្មើសនៅក្នុងតំបន់ព្រៃឡង់ ថែរក្សាធនធានធម្មជាតិដែលមាន ឱ្យបានគង់វង្ស។
បើតាមរបាយការណ៍ក្រសួងបរិស្ថានក្នុងរយៈពេល ៤ ខែ គឺចាប់ពីខែមករាដល់ខែមេសាឆ្នាំ ២០២០ មន្ត្រីបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងក្រុមសហគមន៍ស្ថិតក្នុងភូមិសាស្ត្រតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់បានចុះល្បាត ៥១១ លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួមមានការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ ការបរបាញ់សត្វខុសច្បាប់បានចំនួន ៣៩៩ ករណី។
លោក ភក្ត្រា ថ្លែងថាការជំរុញឱ្យមានបទល្មើសទាំងនេះកើតឡើងក្នុងតំបន់ព្រៃឡង់គឺដោយសារកត្ដាជីវភាពរបស់ប្រជាសហគមន៍ដែលធ្លាប់តែពឹងអាស្រ័យទៅលើផល អនុផលព្រៃឈើ និងការទាក់ទាញ និងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួនមន្ដ្រីឧទ្យានុរក្សដែលបានឈរជើងនៅក្នុងតំបន់នោះនៅមានកម្រិតនៅឡើយ៕