ភ្នំពេញៈ បណ្តាញ​សហគមន៍​ព្រៃឡង់ (PLCN) ត្រូវបាន​ក្រុម​គណៈកម្មការ​វិនិច្ឆ័យ SDG Tech Awards ជ្រើសរើស​ជា​បេក្ខភាព​ ១ ​ក្នុង​ចំណោម​បេក្ខភាព​ចំនួន​ ៥ ​ចុងក្រោយ ដែល​ត្រូវ​ឈ្នះ​បាន​ពានរង្វាន់​ពី​កម្មវិធី​សប្តាហ៍​បៃតង​របស់​សហភាព​អឺរ៉ុប (EU Green Week)​។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​របស់​បណ្ដាញ​សង្គម Prey Lang-Its our Forest Too​។

លោក នូ ណារិទ្ធ មន្ត្រី​គម្រោង​បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃ​ម្សិលមិញ​ថា កាលពី​ថ្ងៃទី​ ២៧ ខែ កញ្ញា ឆ្នាំ​ ២០២០ គណៈកម្មការវិនិច្ឆ័យ SDG Tech Awards Jury Penal បាន​ផ្ញើ​សារ​ចូលរួម​អបអរសាទរ​ដល់​ក្រុម​ការងារ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ដែល​ត្រូវបាន​ជ្រើសរើស​ជា​បេក្ខភាព​ ១ ​ក្នុង​ចំណោម​បេក្ខភាព​ចំនួន​ ៥ ដែល​ត្រូវ​ឈ្នះ​ពានរង្វាន់​ «EU Green Week 2020» ។

នៅក្នុង​សារ​នោះ SDG Tech Awards Jury Penal បាន​គូសបញ្ជាក់​ថា​៖ «​ពួកយើង​បាន​ជ្រើសរើស Prey Lang-It''s Our Forest Too ឱ្យ​ក្លាយជា​បេក្ខភាព​ ១ ​ក្នុង​ចំណោម​បេក្ខភាព​ ៥ ​ចុងក្រោយ ​ដែល​ត្រូវ​ឈ្នះ​ពានរង្វាន់​ពី​កម្មវិធី EU Green Week​។ មាន​បេក្ខជន​ចំនួន​ជាង​ ៥០០ ដែលមាន​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​បំផុសគំនិត ដូច្នេះ​អ្នក​អាចមាន​មោទនៈ​ដែល​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អ្នក​ត្រូវបាន​ទទួលស្គាល់​ពី​ក្នុង​​ចំណោម​ដំណោះស្រាយ​រាប់រយ​ផ្សេងទៀត​»​។

លោក ណារិទ្ធ បាន​ថ្លែងថា​៖ «​ការគាំទ្រ​លើកទឹកចិត្ត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​ក្នុង និង​ក្រៅប្រទេស​បាន​ជំរុញ​ឱ្យ​ក្រុមការងារ​នៃ​បណ្ដាញ​សហគមន៍​ព្រៃឡង់ មាន​ស្មារតី​រឹងមាំ​ក្នុង​ការទទួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​បរិស្ថាន​នៅ​កម្ពុជា​»​។

លោកស្រី Natasha Friis Saxberg អនុប្រធាន​មូលនិធិ​សម្រាប់​គណនីយភាព​សង្គម និង​ជា​សមាជិក​គណៈកម្មការ​វិនិច្ឆ័យ SDG Tech Awards បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បណ្ដាញ​សហគមន៍​ព្រៃឡង់ ពិតជា​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខភាព​ចុងក្រោយ​មួយ​ដែល​ត្រូវ​ឈ្នះ​ពានរង្វាន់​ពី​កម្មវិធី EU Green Awards 2020 ដែល​កម្មវិធី​ប្រកាស​ប្រគល់​ពានរង្វាន់​ដល់​អ្នកឈ្នះ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​ ២២ ខែតុលា ឆ្នាំ​ ២០២០ ខាងមុខ​នេះ​នៅក្នុង​ប្រទេស​ដាណឺម៉ាក​។

បើ​តាម​ការបញ្ជាក់​របស់​លោកស្រី Natasha បណ្ដាញ​សហគមន៍​ព្រៃឡង់​នឹង​ទទួលបាន​ពានរង្វាន់​ ១ ​ទៀត​ក្នុងពេល​ដ៏ខ្លី​ខាងមុខ​នេះ ហើយ​វា​នឹង​ក្លាយជា​ពានរង្វាន់​ទី​ ៥ ដែល​សហគមន៍​នេះ​ទទួល​បាន​ចាប់​តាំងពី​ឆ្នាំ​ ២០១២ ​មក​។ កាលពី​ឆ្នាំមុន​បណ្ដាញ​សហគមន៍​ព្រៃឡង់​បានឈ្នះ​ពានរង្វាន់ «National Energy Globe Award 2019» ពី​អង្គការ​ថាមពល​ពិភពលោក ចំពោះ​ភាពសកម្ម​របស់​ពួកគេ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​ព្រៃឈើ និង​បរិស្ថាន​ដែល​កំពុង​ទទួលរង​ការបំផ្លាញ​។

បណ្តាញ​សហគមន៍​ព្រៃឡង់​ដែល​តែងតែ​មាន​ភាពសកម្ម​ក្នុង​ការចុះ​ល្បាត​ព្រៃ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ គឺជា​បណ្តាញ​មួយ​ដែល​មាន​សមាជិក​សហគមន៍​មូលដ្ឋាន ដែល​ធ្វើការ​ដើម្បី​ស្តារ​ព្រៃឡង់​ពី​ការកាប់​ឈើ​ខុសច្បាប់​។ ក្រុម​ល្បាត​ព្រៃឈើ​នៃ​បណ្តាញ​នេះ​បាន​កត់ត្រា​ពី​ការកាប់​ឈើ​ខុសច្បាប់ និង​ធនធាន​មាន​តម្លៃ និង​រាយការណ៍​ពី​ការរកឃើញ​របស់​ខ្លួន​ទៅ​អ្នកបង្កើត​គោលនយោបាយ និង​សាធារណជន​។ គម្រោង​នេះ​ធ្វើការ​នៅ​ចំណុចប្រសព្វ​រវាង​អភិបាលកិច្ច​ល្អ សម្រាប់​ធនធានធម្មជាតិ ការកសាង​សន្តិភាព និង​វិធីសាស្ដ្រ​ផ្អែកលើ​សិទិ្ធ​មនុស្ស ហើយ​ និង​ប្រើប្រាស់​ព័ត៌មាន និង​បច្ចេកវិទ្យា​ទំនាក់ទំនង​ថ្មីៗ​។

ទោះយ៉ាងណា​ក៏ដោយ កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​អាជ្ញាធរ​បាន​ហាមឃាត់​ពួកគេ​មិន​ឲ្យ​ចុះ​ល្បាត​ព្រៃ​ដោយ​ចោទថា បណ្ដាញ​សហគមន៍​ព្រៃឡង់​របស់​ពួកគេ​មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាម​​ផ្លូវច្បាប់ ហើយ​ធ្វើ​សកម្មភាព​បែប​អនាធិបតេយ្យ​លើ​វិស័យ​បរិស្ថាន ដើម្បី​រិះគន់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​រដ្ឋាភិបាល​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​កាលពី​ម្សិលមិញ មិន​បាន​សម្ដែង​ក្ដី​ត្រេកអរ​ចំពោះ​ដំណឹង​នេះឡើយ ដោយ​បាន​ចាត់ទុក​ការវិនិច្ឆ័យ​សម្រាប់​ការផ្ដល់​ពានរង្វាន់​នេះ​ថា ជា​ការលើកតម្កើង​តែ​លើ​ក្រុម​សកម្មជន​នយោបាយ​ដែល​ជ្រក​ក្រោម​ស្លាក​សកម្មជន​បរិស្ថាន និង​​ព្រៃឈើ ព្យាយាម​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​នៅក្នុង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ​ដោយ​គេចវេះ​ពី​ការគោរព​ច្បាប់​។

ពួកគេ​គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ និង​ហ៊ាន​ទទួលស្គាល់​ការពិត​នៃ​ការលះបង់​របស់​មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួងបរិស្ថាន និង​មន្ត្រី​នៃ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ប្រជាសហគមន៍​តំបន់​ការពារ​ធម្មជាតិ សមាជិក​សហគមន៍​ព្រៃឈើ​ដែល​គោរព​ច្បាប់ និង​បាន​កំពុងតែ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​តាមរយៈ​ការចុះ​ល្បាត​ទប់ស្កាត់​បទល្មើស ការផ្សព្វផ្សាយ និង​អប់រំ​ចំណេះដឹង​បរិស្ថាន ព្រៃឈើ និង​សត្វព្រៃ​ដល់​សមាជិក​សហគមន៍​ក៏ដូចជា​សាធារណជន​ផ្សេងទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ព្រៃឈើ សត្វព្រៃ គ្មាន​ជំងឺ​តួឯក​និយម ហើយ​ក៏​មិន​សំដៅ​តែ​ទៅលើ​ក្រុម​ណាមួយ​ឡើយ ​គឺជា​ភារកិច្ច​រួម​របស់​យើង​ទាំងអស់​គ្នា​»៕